ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសក្រុងភ្នំពេញកំពុងស្វែងរកអ្នកបើកឡានកុងតឺន័រទទេដែលគេបោះបង់ចោល ដែលគេរកឃើញក្នុងខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃអាទិត្យ ហើយដែលគ្រោងនឹងដឹកទំនិញសម្លៀកបំពាក់ទៅផែស្ងួតក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក អីុវ ឈុនផេង អធិការរងខណ្ឌឬស្សីកែវ បាននិយាយថា អ្នករស់នៅក្នុងសង្កាត់ទួលសង្កែក្នុងខណ្ឌនេះ បានប្រទះឃើញឡានដឹកទំនិញនៅតាមបណ្តោយផ្លូវនាម៉ោងប្រហែល៨ព្រឹកថ្ងៃអាទិត្យ។
លោកបាននិយាយថា “បន្ទាប់ពីយើងបានទទួលព័ត៌មានថា ឡានដឹកទំនិញមួយគ្រឿងចតចោលនិងធ្វើឲ្យកកស្ទះចរាចរនោះ យើងបានដឹកនាំកម្លាំងទៅពិនិត្យមើល។ ប៉ុន្តែនៅពេលយើងបើកកុងតឺន័រ យើងមិនឃើញមានទំនិញនៅខាងក្នុងទេ”។
លោក ឈុន បាននិយាយថា ក្រោយមក តំណាងផែស្ងួត (Olair Dry Port Worldwide Logistics) បានប្រាប់ប៉ូលិសថា គេរំពឹងថា ឡានដឹកទំនិញនោះនឹងមកដល់នៅព្រឹកថ្ងៃអាទិត្យជាមួយនឹងទំនិញសម្លៀកបំពាក់ ហើយថា ប៉ូលិសសង្ស័យថា អ្នកបើកឡានបានលួចទំនិញទាំងនោះក្នុងអំឡុងពេលយប់ថ្ងៃអាទិត្យ។
លោកបាននិយាយថា “អ្នកបើកឡានបានយកឡានកុងតឺន័រ ដែលមានសម្លៀកបំពាក់ពេញលក់ឲ្យពួកឈ្មួញផ្សេង ហើយបន្ទាប់មកបានបោះបង់ឡាននោះចោលនៅទីនោះ”។
លោក អធិការរង ឈុនផេង បាននិយាយថា ប៉ូលិសទើបតែដឹងថា ឡានដឹកទំនិញនោះមកពីរោងចក្រមួយក្នុងខេត្តកំពង់ចាម ហើយមិនបានស្គាល់ឈ្មោះតៃកុង ប្រភេទសម្លៀកបំពាក់ផ្ទុកក្នុងឡាន ឬចំនួនប៉ុន្មានឡើយ។
លោកបាននិយាយថា “ឥឡូវនេះ យើងកំពុងសហការជាមួយផែស្ងួត ដើម្បីស្វែងរកអ្នកបើកឡាន”។ លោកបានបន្ថែមថា ប៉ូលិសក៏កំពុងស្វែងរកអ្នកផ្សេងទៀតដែលពាក់ព័ន្ធដែរ។
លោកបាននិយាយថា “ខ្ញុំគិតថា ប្រាកដជាមានអ្នកពាក់ព័ន្ធច្រើនទៀតក្នុងករណីនេះ ពីព្រោះអ្នកបើកឡានមិនអាចលួចសម្លៀកបំពាក់ទាំងអស់ពីឡានខ្លួនឯងបានទេ”។
លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍សង្កាត់ទួលសង្កែ បាននិយាយដែរថា លោកមិនបានដឹងថា ឡានដឹកទំនិញនេះមកពីរោងចក្រណានោះទេ ប៉ុន្តែដឹងថា ឡានជារបស់ផែស្ងួត។
លោកបាននិយាយថា “ម្ចាស់ឡានដឹកទំនិញមិនបានផ្តល់ចំនួនបាត់បង់ជាក់លាក់ទេ ប៉ុន្តែប្រហែលមិនច្រើនទេ។ សម្លៀកបំពាក់មួយចំនួនតូចបានបាត់”៕ និត