បុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់ក្នុងខេត្តឧត្ដរមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីព្រំដែនម្នាក់បានប្រាប់ខ្លួនថា បុរសជនជាតិខ្មែរបួននាក់ត្រូវបានទាហានថៃបាញ់ស្លាប់កាលពីសប្ដាហ៍មុន ខណៈពេលពួកគាត់បានឆ្លងព្រំដែនទៅកាប់ឈើប្រណីត។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា អ្នកកាប់ឈើជនជាតិខ្មែរពីរក្រុមដាច់ដោយឡែកពីគ្នា ដែលអាចរត់គេចខ្លួនរួចពីទាហានថៃ បានប្រាប់មន្ត្រីនគរបាលព្រំដែននៅក្នុងស្រុកត្រពាំងប្រាសាទថា ការបាញ់នេះបានកើតឡើងកាលពីថ្ងៃអង្គារ។
ដោយសំដៅដល់មន្ត្រីដដែលនេះដែលអ្នកកាប់ឈើរាយការណ៍ប្រាប់ពីហេតុការណ៍ដែលបានកើតឡើង ប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា “បុរសបួននាក់ត្រូវបានបាញ់ស្លាប់ ហើយពីរនាក់ទៀតត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីសប្ដាហ៍មុន នេះបើតាមការលើកឡើងរបស់នគរបាលព្រំដែនម្នាក់”។
លោកបានលើកឡើងថា “អ្នកដែលបានរត់គេចខ្លួនរួចបានឲ្យដឹងថា ការបាញ់ទាំងពីរលើកបានកើតឡើងកាលពីថ្ងៃទី៦ ខែសីហា នៅម៉ោង១១ព្រឹក និងម៉ោង៤ល្ងាចនៅក្នុងព្រៃទឹកដីថៃ ហើយមនុស្សបួននាក់ត្រូវទាហានថៃបាញ់ស្លាប់ និងពីរនាក់ទៀតត្រូវបានចាប់ខ្លួន”។
លោក ណារ៉េន បានបន្ថែមថា មន្ត្រីនគរបាលព្រំដែនបានប្រាប់ឈ្មោះអ្នកកាប់ឈើដែលបានបាត់ខ្លួនទាំងប្រាំមួយនាក់គឺ តូច ថុន អាយុ៣៩ឆ្នាំ ស៊ិន សាញ់ អាយុ៣៦ឆ្នាំ ហម ពៅ អាយុ៣៤ឆ្នាំ ហួន ជិន អាយុ៣៤ឆ្នាំ ជួន ទិត្យ អាយុ១៧ឆ្នាំ និង ហែម រ៉ន អាយុ១៧ឆ្នាំ។
លោកបានឲ្យដឹងថា លោកមិនស្គាល់ឈ្មោះអ្នកដែលស្ថិតក្នុងចំណោមពួកគេទាំងប្រាំមួយនាក់ដែលបានស្លាប់នោះឡើយ ប៉ុន្តែ ថា អ្នកទាំងអស់នេះមកពីស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង។
លោក តូច រ៉ា នាយការិយាល័យទំនាក់ទំនងព្រំដែននៅច្រកទ្វារអន្តរជាតិជាំសាងាំ បានមានប្រសាសន៍ថា លោកមិនអាចបញ្ជាក់ពីអ្នកស្លាប់ទាំងនេះបានទេ ប៉ុន្តែថា លោកបានបញ្ជូនសំណើទៅអាជ្ញាធរថៃ ដើម្បីសុំព័ត៌មានអំពីបុរសដែលបានបាត់ខ្លួនទាំង នោះហើយ។
លោកបានថ្លែងថា “ខ្ញុំបានបញ្ជូនរបាយការណ៍ទាក់ទងនឹងអ្នកបាត់ខ្លួនទាំងនេះទៅនគរបាលព្រំដែនថៃ ហើយពួកគេបានសន្យាស៊ើបអង្កេតជូនពួកយើង។ យើងកំពុងរង់ចាំព័ត៌មាននៅឡើយ”។
លោក សូ នៅ អធិការរងនគរបាលស្រុកអន្លង់វែងមានប្រសាសន៍ថា មន្ត្រីរបស់លោកក៏កំពុងស៊ើបអង្កេតពីការបាញ់នេះដែរ។
លោកបានមានប្រសាសន៍ថា “យើងទទួលបានព័ត៌មានថា បុរសម្នាក់ក្នុងចំណោមបុរសដែលបាត់ខ្លួននោះមកពីស្រុកអន្លង់វែង”។
លោក ពៀង នន់ នាយប៉ុស្តិ៍ឃុំទំនប់ដាច់ បានមានប្រសាសន៍ថា អ្នកភូមិពីរនាក់ដែលបានបាត់ខ្លួននេះមកពីឃុំរបស់លោក ហើយថា លោកកំពុង “ស្រាវជ្រាវ” ពីការបាត់ខ្លួនរបស់ពួកគេ៕ សារុន