29 C
Phnom Penh

សហគមន៍​ការពារ​បង​ប្អូន​ស្រី​ក្នុង​ករណី​ទាសករ​ផ្លូវ​ភេទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់​ញាតិ​និង​អ្នក​ជិតខាង​របស់​បង​ប្អូន​ស្រី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន ទាក់ទិន​នឹង​ការ​ចោទ​អំពី​ទាសភាព​ផ្លូវ​ភេទ​លើ​ក្មួយ​ស្រី​អាយុ​១៣​របស់​ខ្លួន​នោះ មាន​កំហឹង​​យ៉ាង​ខ្លាំង។

cam-photo-niece-folo1-jensសមាជិក​នៃ​សហគមន៍​ចាម​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​សាប ក្នុង​សង្កាត់​ច្រាំង​ចំរេះ១ ​ខណ្ឌ​ឫស្សី​កែវ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា មិន​មែន​ជា​ការ​ពិត​ទេ​ដែល​ថា ​ស្ត្រី​ពីរ​នាក់​នោះ​បាន​សារភាព​ចំពោះ​ការ​ដាក់​ច្រវាក់​ក្មេង​ស្រី​នៅ​ផ្ទះ​របស់​ពួកគេ​ជា​ច្រើន​ថ្ងៃ​នៅ​ពេល​ពួកគេ​មាន​កំហឹង ប៉ុន្តែ​ពួកគេ​មិនគួរ​​ត្រូវ​ចាប់​ខ្លួន​ទាល់​តែ​សោះ​។

ប៉ូលិស​បាន​ចាប់​ខ្លួន ជា ស្រស់ អាយុ​៣២​ឆ្នាំ និង ជា ទីណា អាយុ​២៧​ឆ្នាំ នៅ​ថ្ងៃ​ទី​៣ ​ខែ​សីហា បន្ទាប់ពី​បាន​ទទួល​បណ្តឹង​ផ្ទាល់​ពី​ក្មេង​ស្រី​នោះ ដែល​ចោទ​មីងៗ​របស់​នាង​ថា ​ដាក់​ច្រវាក់​នាង​ក្នុង​ផ្ទះ ហើយ​បណ្តោយ​ឲ្យ ឈឹម ឆៃលី អាយុ​៣៦​ឆ្នាំ រំលោភ​នាង​ជា​ច្រើន​លើក​រយៈ​ពេល​មួយ​ឆ្នាំ។

លោក ឆៃលី ក៏​ត្រូវ​បាន​ចាប់​ខ្លួនដែរ​ និង​ចោទ​ពី​បទ​ទិញ​ពេស្យាចារ​កុមារ និង​សង្ស័យ​ថា​ឲ្យ​១.០០០​ដុល្លារ​ទៅ​បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់ ដើម្បី​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​នេះ។ ទាំង​ពីរ​នាក់​បង​ប្អូន​រង​ការ​ចោទ​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​សញ្ចរកម្ម។ ក្នុង​ការ​ការពារ​ខ្លួន អ្នក​ទាំង​បី​បាន​អះអាង​ថា ក្មេង​ស្រី​នោះ​បាន​ភ្ជាប់​ពាក្យ​នឹង​លោក ឆៃលី។

ពីរ​ថ្ងៃ​មុន​នោះ អ្នក​ភូមិ​ជាង​១០០​នាក់​នៃ​សហគមន៍​ចាម​ក្នុង​ភូមិ​បី បាន​នាំ​គ្នា​ការពារ​បង​ប្អូន​ស្រីទាំង​ពីរ​ដោយ​ផ្តិត​ស្នាម​មេដៃ​លើ​ឯកសារ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ។ ពួកគេ​និយាយ​ថា អ្នក​ស្រី ស្រស់ និង​អ្ន​ស្រី ទីណា ដែល​បាន​ចិញ្ចឹម​ក្មេង​ស្រី​នេះ តាំង​ពី​ពេល​ម្តាយ​របស់​នាង​បោះបង់​នាង​ចោល​ពេល​នាង​នៅ​ជា​ក្មេង​តូច​នោះ មាន​ហេតុផលដើម្បី​​ដាក់​ច្រវាក់​រារាំង​នាង ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ពួកគេ​មិន​ដឹង​ថាតើ​អ្នក​ទាំង​ពីរ​បាន​លក់​ក្មេង​ស្រី​នោះ​សម្រាប់​រួម​ភេទ​ឬ​យ៉ាង​ណា​ទេ។

រេស រ៉ូនី ជា​បព្វជិត​មូស្លីម​ក្នុង​សហគមន៍​នេះ បាន​និយាយ​ថា “ប្រជាជន​របស់​យើង​បន្ទោស​ក្មេង​ស្រី​នេះព្រោះ​តែ​ចរិយា​​​របស់​នាង​មិន​ល្អ​ ពីព្រោះ​នាង​មិន​ស្តាប់​បង្គាប់​មីង​របស់​នាង នាង​បាន​ចេញ​ពី​ផ្ទះ​ដោយ​មិន​ប្រាប់​គ្រួសារ​របស់​នាង ហើយ​នាង​បាន​ទៅ​ក្លឹប”។

នៅ​ពេល​សួរ ថា​តើ​លោក ឆៃលី បាន​រំលោភ​ក្មេង​ស្រី​នេះ ឬ​ថា​តើ​ការ​រួម​ភេទ​ដោយ​ការ​ព្រមព្រៀង​គ្នា​ឬ​យ៉ាងណានោះ​ លោក រ៉ូនី បាន​និយាយ​ថា លោក​មិន​ដឹង​ទេ ប៉ុន្តែ ជា​ការ​ធម្មតា​ទេ​សម្រាប់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ដែល​ត្រូវ​រៀបការ​តាម​​ប្រពៃណី​​ចាម​នោះ។

លោក​បាន​និយាយ​ថា “តាម​អីុស្លាម​របស់​យើង នៅ​ពេល​នាង​មាន​រដូវ នាង​អាច​រៀបការ​បាន ប៉ុន្តែ តាម​ច្បាប់​រដ្ឋ មិន​អនុញ្ញាត​ទេ លុះត្រាតែ​នាង​មាន​អាយុ​១៨​ឆ្នាំ”។ លោក​បាន​បន្ថែម​ថា ក្មេង​ស្រី​នេះ​បាន​ភ្ជាប់​ពាក្យ​នឹង​លោក ឆៃលី រួច​ហើយ តាំងពី​ខែ​មករា​ឆ្នាំ​មុន​ម៉្លេះ។

ខណៈ​ដែល​សមាជិក​ផ្សេង​ទៀត​នៃ​សហគមន៍​នេះ​ឈរ​ក្បែរ​លោក​បាន​លើក​ហេតុផល​ថា ជា​រឿង​ធម្មតា​ទេ ចំពោះ​គូ​ស្នេហ៍​ដែល​ភ្ជាប់​ពាក្យ​រួច​ហើយ​រួមរ័ក​គ្នា​នោះ លោក រ៉ូនី បាន​និយាយ​ថា “ខ្ញុំ​និង​អ្នក​ភូមិ​ជាច្រើន​ក្នុង​សហគមន៍​មូស្លីម​របស់​យើង​បាន​ទៅ​ចូលរួម​ពិធី​ [ភ្ជាប់​ពាក្យ]​ របស់​ពួកគេ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ ខ្ញុំ​មិន​ប្រាកដ ថាតើ​ពួកគេ​ស្រឡាញ់​គ្នា​ឬ អត់​នោះ​ទេ”។

សារី ហ្វា អាយុ​៤៥​ឆ្នាំ ជា​អ្នក​ជិតខាង​របស់​អ្នក​ស្រី ស្រស់ និង​អ្នក​ស្រី ទីណា បាន​និយាយ​ថា អ្នក​ស្រី​ក៏​ជឿ​ដែរ​ថា បង​ប្អូន​ស្រី​ទាំង​ពីរ​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​​​ឃាត់​ឃាំង​​ខ្លួន​ក្មេង​ស្រី​នេះ ជា​ការ​យល់​ឃើញ​ដែល​គាំទ្រ​ដោយ​សមាជិក​ប្រហែល​១២​នាក់​ផ្សេង​ទៀត​ក្នុង​សហគមន៍​នេះ ដែល​សម្ភាស​កាលពី​ថ្ងៃ​ច័ន្ទ។

អ្នក​ស្រី ហ្វា បាន​និយាយ​ថា “នាង​បាន​ព្យាយាម​រត់​ចេញ​ពី​ផ្ទះ​បួន​ដង​មក​ហើយ ហើយ​មួយ​ដងៗ គ្រួសារ​នេះ​លំបាក​រក​នាង​ឃើញ​ណាស់។ ខ្ញុំ​បាន​ស្រែក​​យំ​នៅ​ពេល​ដែល​ប៉ូលិស​ចាប់​ខ្លួន​បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់”។cam-photo-niece-folo2-jens

អ្នក​ស្រី ម៉េត អារីយ៉ាស់​ អាយុ​៣៦​ឆ្នាំ បាន​ចោទ​ប៉ូលិស​ថា ​យល់​ច្រឡំ​ស្ថានការណ៍​នេះ ហើយ​ចាប់​ខ្លួន​បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​ខុស។

អ្នក​ស្រី អារីយ៉ាស់​ បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ប៉ូលិស​បាន​ធ្វើ​ខុស ពីព្រោះ​ពួកគេ​មិន​បាន​សាកសួរ​នរណា​ម្នាក់​ក្នុង​ភូមិ​របស់​យើង ឬ​ធ្វើការ​ស៊ើប​អង្កេត​ទេ”។ អ្នក​ស្រី​បាន​បន្ថែម​ថា អ្នក​ស្រី​មិន​គិត​ថា បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​បង្ខំ​ក្មួយ​ស្រី​របស់​ខ្លួន​ឲ្យ​រួម​ភេទ​យក​ប្រាក់​ទេ។

អ្នកស្រី​​បាន​និយាយ​ថា “ខ្ញុំ​មិន​ជឿ​ថា ពួកគេ​ធ្វើ​រឿង​អ៊ីចឹង​ទេ ពីព្រោះ​ពួកគេ​បាន​ថែរក្សា​បីបាច់​ក្មេង​ស្រី​នេះ តាំងតែ​ពី​នាង​នៅ​តូច​ម៉្លេះ”។

ទោះជា​យ៉ាង​នេះ​ក្តី លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រុង បាន​និយាយ​ថា មាន​ភ័ស្តុតាង​ដាក់​បន្ទុក​លើ​បង​ប្អូន​ស្រី​ទាំង​ពីរ​ច្រើន​លើស​លុប។

លោក​បាន​និយាយ​ថា “ពួកគេ​បាន​សារភាព​ថា ​បាន​នាំ​ក្មេង​ស្រី​ទៅ​រួម​ភេទ​ជាមួយ​បុរស​នោះ ហើយ​យក​ប្រាក់​ពី​គាត់​១.០០០​ដុល្លារ។ លោក ឆៃលី ក៏​បាន​សារភាព​ថា​បាន​ឲ្យ​ប្រាក់​នោះ​ទៅ​បង​ប្អូន​ស្រី​ទាំង​ពីរ​ដែរ”។

លោក កែវ ធា បាន​បន្ថែម​ថា ក្មេង​ស្រី​នោះ​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែ​រក្សា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ក្រុង​ភ្នំពេញនិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស