33.3 C
Phnom Penh

ចៅក្រម​និង​ព្រះរាជអាជ្ញា​៥៥​នាក់​ស្បថ​ចូល​កាន់​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​ច័ន្ទ លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រី​​​ក្រសួង​យុត្តិធម៌ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្មីៗ​ចំនួន​៥៥​នាក់​នៅ​រាជ្យ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​ចៅក្រម ជា​ចៅក្រម​និង​ព្រះ​រាជអាជ្ញា នៅ​ព្រះ​បរមរាជវាំងក្រុង​​ភ្នំពេញ។

យោងតាម​លោក សំ ប្រជាមានិត អ្នក​នាំ​ពាក្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ​បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ និង​ត្រូវ​បាន​ទទួល​យក​ដោយ​​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រមកាលពី​ថ្ងៃទី​១៧ ​ខែ​កក្កដា ប៉ុន្តែ​ ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដើម្បី​ទទួល​មុខ​តំណែង​របស់​ខ្លួន។

លោក ប្រជាមានិត បាន​និយាយ​ថា ព្រះ​មហាក្សត្រ នរោត្តម សីហមុនី មិន​បាន​មាន​ព្រះ​រាជ​វត្តមាន​ក្នុង​ពិធី​នេះ​ទេ ប៉ុន្តែ​ចៅក្រម​និង​ព្រះ​រាជអាជ្ញា​ក្មេងៗ​៥៥​នាក់​នេះ កាលពី​ថ្ងៃ​ច័ន្ទ​ពួកគេ​បាន​ស្បថ​ដាក់​ជីវិត ថា​ពួកគេ​នឹង​មិន​ពុក​រលួយ​ឡើយ។

លោក​បាន​និយាយ​ថា “ផ្អែក​លើ​ពាក្យ​ពេចន៍​ដែល​ពួកគេ​បាន​ស្បថ ពួកគេ​នឹង​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំង​អស់​ផ្សេង​ទៀត។ សំបថ​ទាំង​នោះ​ធ្ងន់​ណាស់ ហើយ​សំបថ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ពួកគេ​អស់​ជីវិត​របស់​ខ្លួន ប្រសិនបើ​ពួកគេ​រំលោភ​សំបថ​ទាំង​នោះ”។

លោក ប្រជាមានិត បាន​និយាយ​ថា មន្ត្រី​ថ្មីដែល​ពួកគេ​ភាគច្រើន​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ នឹង​ជួយ​បំពេញ​តំណែង​តុលាការ។

“ចំនួន​នេះ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ធនធាន​មនុស្ស​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​យើង បើ​ទោះជា​យើង​ត្រូវការ​[មនុស្ស]​ថែម​ទៀត នៅ​ពេល​យើង​បង្កើត​សាលាឧទ្ធរណ៍​ថ្នាក់​​តំបន់​នា​ពេល​អនាគត​ក៏ដោយ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស