អំឡុងសវនាការជំនុំជម្រះនៅសាលាដំបូងខេត្តកណ្ដាលកាលពីម្សិលមិញ បុរសប្រាំនាក់ដែលជាប់ចោទថា បានសមគំនិតក្នុងការលួចព្រះសារីរិកធាតុពីសក្យមុនីចេតិយនៅកំពូលភ្នំឧដុង្គកាលពីឆ្នាំ២០១៣ បានអះអាងថា ពួកគេគ្មានទោសទេ ចំណែកបុរសទី៦បានអះអាងទទួលខុសត្រូវចំពោះការលួចនេះតែម្នាក់ឯង។

ចោម ថៃ សៀង សារិន និង កា សាក់ ជាសន្តិសុខយាមនៅសក្យមុនីចេតិយជាមួយ ផា សុខែម ជាប្រធានសន្តិសុខ និង កាន់ សុភ័ក្ត្រ ជាអ្នករត់ម៉ូតឌុបត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចោទប្រកាន់ពីបទលួចព្រះសារីរិកធាតុកាលពីដើមខែនោះ។
អ្នកទាំងប្រាំបាននិយាយថា ពួកគេគ្មានទោសទេ ហើយបានជាប់ពន្ធនាគារតាំងពីពេលនោះមក បើទោះណាជាមានការចាប់ខ្លួនកសិករម្នាក់កាលពីខែកុម្ភៈ ឆ្នាំ២០១៤ ក្នុង ខេត្តតាកែវ ឈ្មោះ កែវ រស្មី អាយុ២៦ឆ្នាំ ដែល សារភាពចំពោះការលួចនោះក៏ដោយ។
នគរបាលបានចាប់ខ្លួន រស្មី នៅពេលជននេះបានចាប់ផ្ដើមសម្ញែងទ្រព្យសម្បត្តិដូចជា ម៉ូតូថ្មី និងរថយន្តថ្មីជាដើម។
បន្ទាប់ពីឆែកឆេរផ្ទះរបស់ជននេះនៅក្នុងស្រុកទ្រាំង នគរបាលបានរកឃើញព្រះសារីរិកធាតុ និងពុទ្ធប្បដិមាធ្វើពីមាស ដែលតាមចោទថា ជននេះបានលួចពីសក្យមុនីចេតិយនៅលើកំពូលភ្នំនោះដែរ។
រស្មី បានសារភាពមិនយូរប៉ុន្មាន បន្ទាប់ពីការចាប់ខ្លួនបន្តិច ហើយកាលពីម្សិលមិញបានរៀបរាប់លម្អិតប្រាប់តុលាការពីរបៀបដែលខ្លួនស្ទើរតែរួចពីទោសកំហុសដែលបានប្រព្រឹត្ត។
ជននេះបាននិយាយថា “ខ្ញុំបានទិញទួណឺវីស១ ញញួរ១ ដែកកាប់១ និងទឹកអាស៊ីតពីកន្លែងមួយតាមផ្លូវ” ទៅសក្យមុនីចេតិយ។
បន្ទាប់មក កសិកររូបនេះបានពន្យល់ពីរបៀបដែលខ្លួនដើរកន្លងសន្តិសុខទាំងបីនាក់ដែលកំពុងដេកលង់លក់ ហើយបានប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីទម្លុះចូលក្នុងសក្យមុនីចេតិយ ហើយបានលួចយកព្រះសារីរិកធាតុ និងពុទ្ធប្បដិមាទាំងនោះ។
រស្មី បាននិយាយថា “ខ្ញុំលួចបានពុទ្ធប្បដិមា១៣អង្គធ្វើពីមាស និងព្រះសារីរិកធាតុ បន្ទាប់ មកបានយកពុទ្ធប្បដិមាធ្វើពីមាសនោះទៅរម្លាយជាមាសដើម្បីលក់។ ជននេះបានបន្ថែមទៀតថា ខ្លួនបានយកលុយលក់មាសនោះទៅទិញរថយន្តមួយគ្រឿងតម្លៃជាង២០.០០០ដុល្លារ។
កាលពីដំបូង រស្មី ក៏បានសារភាពថាបានលួចចិញ្ចៀនបីវង់ពីសក្យមុនីចេតិយដែរ។ បន្ទាប់ពីរៀបរាប់ពីការលួចប្រាប់តុលាការមក លោក សម រិទ្ធីវាសនា ព្រះរាជអាជ្ញារងបានព្យាយាមជជីកសួរពីការសារភាពរបស់រស្មី ហើយបានសួរថា ហេតុអ្វីបានជាអ្នកមិនលើកឡើងពីចិញ្ចៀនពីមុនមក។
ដោយមិនពេញចិត្តនឹងចម្លើយច្របូកច្របល់របស់រស្មី លោក រិទ្ធីវាសនា បានចាប់ផ្ដើមសម្លុតសួរជាច្រើន។ លោកបានថ្លែងថា “ប្រសិនបើអ្នកឯងបានលួចវត្ថុទាំងនោះពីសក្យមុនីចេតិយដោយខ្លួនឯងមែន ហេតុអ្វីនៅពេលខ្ញុំសួរ អ្នកឯងឆ្លើយមិនច្បាស់អំពីការលួចនោះទៅវិញ។ អ្នកឯងកំពុងកុហកតុលាការហើយ”។
ខណៈលោក រិទ្ធីវាសនា បានបន្តចោទសួរកសិកររូបនេះជាច្រើនសំណួរមក រស្មី បានលុតជង្គង់ ហើយនៅស្ងៀមមិននិយាយស្ដីទេ រហូតដល់ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាយ សម្ផស្សសេរី បានប្រាប់សន្តិសុខនៅសាលសវនាការឲ្យយកជននេះទៅអង្គុយលើកៅអី។
បន្ទាប់មក លោក រិទ្ធីវាសនា បានងាកទៅសួរបុរសឈ្មោះ សុខែម អតីតប្រធានសន្តិសុខនៅព្រះសក្យមុនីចេតិយវិញម្តង។ សុខែម បានប្រាប់តុលាការថា “ខ្ញុំមិនបានប្រព្រឹត្តបទល្មើសនោះទេ”។ ព្រះរាជអាជ្ញារងរូបនេះបានឆ្លើយតបដោយកំហឹងថា “ប្រសិនបើអ្នកឯងមិនបានប្រព្រឹត្តទេនោះ ហេតុអ្វីបានជាមានស្នាមដៃ និងស្នាមជើងនៅកន្លែងលួចនោះ?។ ស្នាមទាំងនោះគឺជាស្នាមថ្មីៗ មិនមែនជាស្នាមចាស់ទេ បើផ្អែកតាមការពិនិត្យ”។
សុខែម បាននិយាយថា ស្នាមទាំងនោះអាចមកពីពេលដែលគាត់បានចូលក្នុងសក្យមុនីចេតិយប្រហែល១ខែមុនពេលមានការលួច ជាផ្នែកនៃការងាររបស់គាត់ ហើយថា គាត់មិនបានឡើងលើភ្នំនៅពេលមានបទល្មើសកើតឡើងឡើយ ដោយគាត់បានទៅចូលរួមប្រជុំនៅកន្លែងផ្សេងនៅថ្ងៃនោះ។
ស្នាមដៃ និងស្នាមជើងរបស់បុរសទាំងប្រាំនាក់ដែលរកឃើញនៅលើកម្រាលឥដ្ឋ តាមជញ្ជាំង និងមាត់ទ្វារសក្យមុនីចេតិយ គឺជាភ័ស្តុតាងតែមួយគត់ដែលតុលាការបានដាក់បន្ទុកលើពួកគេ។
ចុងចោទផ្សេងទៀតក៏បាននិយាយផងដែរថា ពួកគេមិនបានចូលរួមក្នុងការលួចនោះទេ ដោយសន្តិសុខបីនាក់និយាយថា ពួក គេបានដេកលក់នៅពេល រស្មី បានដើរចូលទៅក្នុងសក្យមុនីចេតិយ។ ចោម ថៃ បាននិយាយថា “ថ្ងៃកើតហេតុ ខ្ញុំដេកក្នុងអង្រឹងក្បែរ កា សាក់។ សៀង សារិន ដឹងពីរឿងនោះ មុន ហើយបានដាស់ពួកយើង”។
លោក ឆេង ផាត មេធាវីតំណាងបុរសទាំងប្រាំនាក់បានមានប្រសាសន៍ថា តុលាការមានភ័ស្តុតាងតិចតួចប៉ុណ្ណោះក្នុងការដាក់បន្ទុកលើកូនក្ដីរបស់លោក។ លោកបានថ្លែងថា”កែវ រស្មី និយាយថា គាត់ធ្វើរឿងនេះដោយ ខ្លួនឯង ហើយថា វាមិនជាប់ពាក់ព័ន្ធបុរសទាំងប្រាំនាក់នោះឡើយ”។
ដោយសំដៅដល់សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តច្រានចោលការចោទប្រកាន់ លើអ្នកទាំងប្រាំកាលពីខែវិច្ឆិកាឆ្នាំមុន ដែលត្រូវបានកែប្រែដោយសាលាឧទ្ធរណ៍កាលពី១ខែមុន លោកបានបន្ថែមថា “ខ្ញុំគាំទ្រដីកាសម្រេចរបស់ចៅក្រមស៊ើបសួរដែលបានកំណត់ថា បុរសទាំងប្រាំនាក់មិនជាប់ពាក់ព័ន្ធក្នុងករណីនេះ។
ចៅក្រម សម្ផស្សសេរី បានមានប្រសាសន៍ ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៧ ខែសីហា៕ សារុន