32 C
Phnom Penh

រោង​​​ចក្រ​​​កាត់​​​ដេរ​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​​ការ​​​ផ្អាក​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​ភាគ​​​ច្រើន​​​នៃ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ដែល​​​តំណាង​ឲ្យ​​​​​​​រោង​​​ចក្រ​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​ជាង​​​៥០០​​​នៅ​​​​​​ទូទាំង​​​ប្រទេស​​​​​​ បាន​​​បោះ​​​ឆ្នោត​​​ជំទាស់​​​នឹង​​​​​​ការ​​​ដំឡើង​​​​​ប្រាក់​​​ខែ​​​គោល​ណាមួយ​​​របស់​កម្មករ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។

ការស្ទាប​​​​ស្ទង់​​​មតិ​​​​​​សមាជិក​​​​​​របស់​​​សមាគម​​​នេះ ​​​ត្រូវ​​​បាន​​​ធ្វើឡើង​​​​​​បន្ទាប់​​​ពីមាន​​​ការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​គោល​​​ចំនួន​​​២៨​​​ភាគ​​​រយ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​កាល​​​ពី​​​ខែ​​​មករា​​​​ដល់​​​១២៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ និង​​​​កើត​មាន​ឡើង​​ចំពេល​​​មាន​​​ការ​​​ចរចា​​​គ្នា​​​រវាង​​​រោង​​​ចក្រ​​​ សហជីព​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដើម្បី​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​ឆ្នាំ​​​២០១៦​​​។ ​តាម​ការ​រំពឹង​ទុក​ថា ​​​ក្រសួង​​​ការ​​​ងារ​​​​​​នឹង​​​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​​​​នៅ​​​ខែ​​​តុលា​​​។

លោក កាំង មូ៉នីកា អគ្គលេខាធិការ​​​រង​​​នៃ​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅកម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា សមាគម​​​របស់​លោក​បាន​​​ធ្វើ​​​ការ​​​ស្ទាបស្ទង់​​​មតិ​​​សមាជិក​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ហើយ​​​បាន​​​ដាក់​​​ជម្រើស​​​បី​​​ឲ្យ​​​ពួកគេ​ជ្រើស​​​រើស​​ គឺ​ “​មិន​ដំឡើង​​​ ការ​​​ដំឡើង​​​ចន្លោះ​​​ពី​​​១​​ដុល្លារ ដល់​​​៥​​​ដុល្លារ​​​ និង​​​ដំឡើង​​​ចន្លោះ​​​ពី​​​៦​​​ដុល្លារ ដល់​​​១០​​​ដុល្លារ។ ​​ លោក​បាន​លើក​ឡើង​ថា ​សមាជិក​​​៦៣​​​ភាគ​​​រយ​​​បាន​​​បោះ​​​ឆ្នោត​​​​​គាំទ្រ​​​ជម្រើស​​​”​មិន​​​​ដំឡើង​​​​​​” រីឯ​​​២៦​​​ភាគ​​​រយ​​​ទៀត​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​​​​” ដំឡើង​​​ចន្លោះ​​​ពី​​​១​​​ដុល្លារ ដល់​​​​​​៥​​​ដុល្លារ”​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “នេះ​​​គ្រាន់​​​តែ​​​ជា​​​លទ្ធផល​​​បឋមប៉ុណ្ណោះ​​​​ យើង​​​កំពុង​​​រាប់​​​​សន្លឹក​​​​ឆ្នោត​​​នៅ​​​ឡើយ​​​”។ លោក​បញ្ជាក់​ថា ប្រសិន​​​បើ​​​លទ្ធផល​​​នៅ​​​តែ​​​ដដែល​​​​​​ GMAC​​​ ​នឹង​​​​រក្សា​ជំហរ​​​​១២៨​​​ដុល្លារ​​​នៅ​​​​​​ឆ្នាំ​​​ក្រោយ​​​ ខណៈ​​​ការ​​​ចរចា​​​កំពុង​​​​តែ​​​​វិវឌ្ឍ​​​ទៅ​​​មុខ​​​។ “គួរ​​​តែ​​​រក្សា​​​ត្រឹម​​​ប៉ុណ្ណឹង​​​ ព្រោះ​​​នេះ​​​ជា​​​សំឡេង​​​ភាគ​​ច្រើន​​​របស់​​​សមាជិក​​​យើង​​​។ យើង​​​មិន​​​អាច​​​ជំទាស់​​​នឹង​​​សំឡេង​​​ភាគ​​​ច្រើន​​​បាន​​​ឡើយ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សមាគម​​​របស់​​​លោក​​​នឹង​​​ប្រកាន់​​​​​​​ជំហរ​​​នោះ​ ទោះ​​​បី​​​ជា​​​ការ​​​​​​ធ្វើ​​​ដូច្នេះ​​​អាច​​​នាំ​​​ឲ្យ​​​​​​មាន​​​​​​ការ​​​តវ៉ា​​​​ដឹកនាំ​ដោយ​សហជីព​​​ ដែល​ធ្វើ​ឲ្យមានការ​រាំង​ស្ទះ​ដល់​ការចរចារ​​ក៏​​​ដោយ​​​។ ”មិន​​​ថា​លទ្ធផល​​​​​​យ៉ាង​​​ណា​​​ទេ យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​តាម​​​”។

សហជីព​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​នៅ​​​មិន​​​ទាន់​​​មាន​​​ការ​​​ឯកភាព​​​រួម​​​លើ​​​​តួលេខ​​​តែ​​​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​ តែ​​​ក្នុ​​​ងនោះ​​​មាន​​​សហ​ជីព​​​​​​​​មួយ​​​ក្រុម​​​តូច​ដែល​តវា៉​​​ខ្លាំង​​​បំផុត​​​​​​បាន​​​ឯកភាព​​​គ្នា​​​ជា​​​បណ្តោះ​​​អាសន្ន​​​ជំរុញ​​​ឲ្យ​​​មានការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​គោល​ដល់​​​១៧៧​​​ដុល្លារ​​​ ជា​​​ការ​​​ទាម​​​ទារ​​​លើស​​​ពី​​​អ្វី​​​ដែល​​​ការ​​​សិក្សា​​​របស់​​​រដ្ឋាភិបាល​​​​​​​​កាលពី​ឆ្នាំ​​​២០១៣​​​​​​ បាន​​​សន្និដ្ឋាន​​​ថា ជា​​​ប្រាក់​​ខែ​មធ្យម​​​​ដែល​​​កម្មករ​​​កាត់​​​ដេរ​​​ត្រូវ​​​ការ​​​​​​​ដើម្បី​​​អាច​​​រស់​​​បាន​​​។

សហជីព​​​ និង​​​អង្គការ​​​សិទ្ធិការ​​​ងារ​​​មួយ​​​ចំនួន​​​​​​បាន​​​​​​ធ្វើ​​​ការ​​​សិក្សា​​​ថ្មី​​​មួយ​​​ ហើយ​​​រំពឹង​​​ថា ​​​នឹង​​​ចេញ​​​លទ្ធ​​​ផល​​​​​​នៅ​​​ខែ​​​ក្រោយ​​​។

លោក អាត់ ធន់​ ប្រធាន​​​សម្ព័ន្ធ​​​សជីព​​​ប្រជា​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​​​​​ ហៅ​កាត់ ស៊ីខៅឌូ ជា​​​សហជីព​​​ឯក​​​រាជ្យ​​​​ធំបំផុត​​​នៅ​​​ក​​​ម្ពុជា ​​​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​រំពឹងថា  GMAC នឹង​​​បង្កើន​​​ជំហរ​​​ចរចា​​​របស់​​​ខ្លួន​​​ជា​​​​លំដាប់​ ហើយ​​ថា ​​​​​​​ការ​​​បោះឆ្នោត​ជំទាស់​​មិន​ឲ្យមានការ​ដំឡើង​​ប្រាក់ខែ​​​​ គឺ​​​ជា​យុទ្ធ​សាស្ត្រ​​ដើម្បី​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មីនៅ​​​​​​ទាប​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”នេះ​​​គឺ​​​ជា​​​យុទ្ធសាស្ត្រ​​​មួយ​របស់​​​ GMAC​​​ ព្រោះ​​​ពួក​​​គេ​​​រំពឹ​​​ងថា នឹង​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​​​​ច្រើន​​​​”។

GMAC បាន​​​ព្រមាន​​​ថា ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​ខ្ពស់​​​ពេក​​​នៅ​​​ឆ្នាំ​​​ក្រោយ ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​វិនិយោគិន​​​​​​បរទេស​​​ និង​​​អ្នក​​​បញ្ជា​​​ទិញ​​​ជា​​​ច្រើន​​​នៅក្នុង​​​វិស័យ​​​នេះ​​​ប្តូរ​​​ទិស​​​ដៅ​​​របស់ខ្លួន​​​ទៅ​​​ប្រទេស​​​ផ្សេង​​​ ដែល​​​កម្មករ​​​មាន​​​​​​​ប្រាក់​​​ខែ​​​ទាប​​​ និង​ដែល​​​​មាន​​​ផលិត​​​ភាព​​​ការ​​​ងារ​​​ខ្ពស់​​​ជាង។

ប៉ុន្តែ សហជីព​​​មាន​​​អារម្មណ៍​​​ធូរ​​​ស្រាល​​​​​​ដោយសារ​របាយការណ៍​​​ថ្មីៗ​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ (ILO)​​​ដែល​​​​​លើក​​​​​​ឡើង​​​ថា រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ អាច​​​រ៉ាប់រង​​​​ការ​​​ដំឡើង​​​ប្រាក់ខែ​​​២៨​​​​ភាគ​​​រយ​​​នៅ​ឆ្នាំ​​​នេះ​រួច​​​​ ហើយ​​​ការ​​​នាំ​​​ចេញ​​​នឹង​បន្ត​​​​​​កើន​​​​​​ឡើង​​​។

លោក អាត់ ធន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​លោក​​​លែង​​​ជឿ​​​លើ​​​ការ​​​ព្រមាន​​​​​​ខ្លាំង​ៗ​​​​ចុង​​​ក្រោយ​​​របស់​​​ GMAC ទៀត​​​ឡើយ​​​​ ​គឺ​មិន​​​ដូច​​​ឆ្នាំ​​​មុន​​​ទេ​​​ ហើយ​​​ថា សហជីព​​​ប្រហែលជា​​​ចាប់​​​​​ផ្តើម​​​ធ្វើ​​​ការ​​​តវ៉ា​​​ជុំ​​​វិញ​​​បញ្ហា​​​ប្រាក់​​​ខែ​​​គោល​​​ដូច​​​ដែល​​​ពួក​​​គាត់​​​ធ្លាប់​​​ធ្វើ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ប្រសិន​​​​​​បើ​​​រោង​​​ចក្រ​​​ ​​​និង​​​រដ្ឋាភិបាល​​​​​​នៅ​​​តែ​​​ទទូច​​​មិន​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ខែ​​​ត​​​ទៅ​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”វា​​​អាស្រ័យ​​​​​លើ​​​ស្ថាន​​​ភាព​​​។ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​ដំឡើង​​​ ឬ​​​មាន​​​ការ​​​ដំឡើង​​​ទាប​​​ ប្រហែល​​​ជា​​​មានការ​​​តវ៉ា​​​។ ​​​​ប្រសិន​​​បើ​​​ [ពួក​​​​​​គេ​​​] ផ្តល់​​​ឲ្យ​​​ដោយ​​​សម​​​រម្យ​ ​​​ខ្ញុំ​​​គិត​​​ថា ប្រហែល​​​ជា​​​គ្មាន​​​ការ​​​តវ៉ា​​​ទេ​​​”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស