កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានជម្រាបលោក ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាថា កម្ពុជា ចង់ឲ្យលុបចោលទាំងស្រុងនូវគម្រោងសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្តនៅក្នុងប្រទេសនោះ នេះបើយោងតាមលោក ជុំ ស៊ុនរី អ្នកនាំពាក្យក្រសួងនេះបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបរវាងមន្ត្រីទាំងពីរដើម្បីប្រារព្ធថ្ងៃកាន់មុខតំណែងចុងក្រោយរបស់លោក ឌីណេស ប៉ាតណាអុីក។
នៅពេលបែកធ្លាយព័ត៌មានកាលពីឆ្នាំ២០១២ថា ក្រុមហ៊ុនឯកជនមួយរបស់ឥណ្ឌា មានបំណងសាងសង់ប្រាសាទដ៏ធំស្កឹមស្កៃមួយចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ដែលជាសំណង់ល្បីល្បាញបំផុតនៅក្នុងឧទ្យានបុរាណវិទ្យានាសតវត្សរ៍ទី១២ក្នុងក្រុងសៀមរាបនោះ កម្ពុជាបានសម្ដែងការមិនពេញចិត្តស្ទើរតែភ្លាមៗ។
ចាប់តាំងពីពេលនោះមក ជំហររបស់កម្ពុជាកាន់តែរឹងមាំឡើង ទោះបីជាប្រទេសឥណ្ឌា ធានាអះអាងថា ខ្លួននឹងកែប្រែប្លង់ដើមដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូមួយនេះ។ កាលពីមុន ប្រទេសកម្ពុជា បានស្នើឲ្យផ្អាកការសងសង់ប្រាសាទនៅក្នុងខេត្តប៊ីហា (Bihar) នេះជាបណ្ដោះអាសន្ន គឺមិនមែនឲ្យលុបចោលឡើយ។
លោក ជុំ ស៊ុនរី មានប្រសាសន៍ថា “ឯកឧត្ដម ហោ ណាំហុង បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា បញ្ឈប់ក្រុមហ៊ុនទាំងស្រុងកុំឲ្យសាងសង់ប្រាសាទនេះ ពីព្រោះប្រាសាទអង្គរវត្តគឺជានិមិត្តរូបជាតិរបស់កម្ពុជា”។ លោកបានលើកឡើងបន្ថែមទៀតថា ក្រៅពីការខ្វែងគំនិតគ្នាជុំវិញគម្រោងសាងសង់ប្រាសាទនេះ ទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង។
ថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ឌីណេស ប៉ាតណាអុីក បានទប់ស្កាត់ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដែលបានលើកឡើងថា លោកបានពិភាក្សាគ្នារួចហើយអំពីលទ្ធភាពដែលឥណ្ឌា នឹងបញ្ជាឲ្យក្រុមហ៊ុនដែលសាងសង់ប្រាសាទនេះ បញ្ឈប់ការសាងសង់។
លោកមានប្រសាសន៍ថា ”ខ្ញុំគិតថា ប្រាកដជាមានបញ្ហាភាសាជាមិនខាន”។ លោកបានបន្តថា ក្នុងនាមប្រទេសប្រជាធិបតេយ្យ មិនអាចអន្តរាគមន៍បានឡើយពាក់ព័ន្ធសិទ្ធិរបស់ក្រុមហ៊ុនក្នុងការសាងសង់ប្រាសាទ ទោះបីជាអាចធានាបានថា ខ្លួននឹងមិនធ្វើឲ្យមិត្តរបស់ខ្លួនអាក់អន់ស្រពន់ចិត្តក៏ដោយ។
លោកបានថ្លែងថា ”យើងបានសន្យានឹងកម្ពុជា ហើយថា ប្រាសាទនេះនឹងមិនចម្លងតាមរចនាបថប្រាសាទអង្គរវត្តឡើយ ព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនមានការព្រួយបារម្ភខ្លាំងពេក ដោយសារតែមានមនោសញ្ចេតនាខ្លាំងចំពោះប្រាសាទអង្គរវត្ត”។
លោកមានប្រសាសន៍ទៀតថា លោករីករាយក្នុងការដោះស្រាយបញ្ហាប្រាសាទដែលកើតមានជាថ្មីនេះអំឡុងពេលលោកកាន់មុខតំណែង។ “កម្ពុជា គឺជាមិត្តរបស់យើង ហើយយើងនឹងមិនអនុញ្ញាតឲ្យស្ថានភាពមួយដែលកើតឡើង ធ្វើឲ្យខូចមិត្តភាពនោះឡើយ”។
ក្រៅពីបញ្ហាប្រាសាទដែលគ្រោងសាងសង់ក្នុងខេត្តប៊ីហានេះ លោក ហោ ណាំហុង និងលោក ឌីណេស ប៉ាតណាអុីក ក៏បានពិភាក្សាគ្នាដែរដើម្បីរិះរកវិធីធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។
លោក ជុំ ស៊ុនរី បានមានប្រសាសន៍ថា “ឯកអគ្គរដ្ឋទូតឥណ្ឌា បានត្រៀមទទួលគណៈប្រតិភូមួយក្រុមមកពីក្រសួងទេសចរណ៍ ដើម្បីទៅធ្វើទស្សនកិច្ចក្នុងប្រទេសឥណ្ឌា នៅឆ្នាំក្រោយ”។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ភ្ញៀវទេសចរឥណ្ឌា ដែលមកលេងកម្ពុជា មានចំនួន២៨.០០០នាក់។ “ឯកឧត្ដម ហោ ណាំហុង ក៏បានស្នើឲ្យមានជើងហោះហើរផ្ទាល់ [រវាងកម្ពុជា និងឥណ្ឌា] ដែរ ពីព្រោះលោកជឿថា ប្រជាជនឥណ្ឌា កាន់តែច្រើននឹងមកលេងកម្ពុជា”៕ សុខុម