26 C
Phnom Penh

​ឯកអគ្គរាជទូត​​ថ្មី​របស់​ថៃ​ ស្នើ​ឲ្យ​​កម្ពុជា​ ធ្វើ​បត្យាប័ន​​​អ្នក​ទោស​​ជនជាតិ​ថៃ ៧នាក់ត្រឡប់​ទៅ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​​យុត្តិធម៌​​​​​កម្ពុជា បាន​ឲ្យ​ដឹង​​ថា រដ្ឋា​ភិបាល​កំពុង​ពិចារណា​សំណើ​​របស់​ឯក​អគ្គរាជទូត​​​ថៃ​​ថ្មី សុំ​ធ្វើ​បត្យាប័ន​​​អ្នក​ទោស​​ជន​ជាតិថៃ​ ប្រាំពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។

​អ្នក​នាំពាក្យ​រូប​នេះ​​​បាន​​​លើក​ឡើង​បន្ត​ថា ឯកអគ្គរាជទូត​​​​​ នុតតាវុធ ផូទីសារ៉ូ​ (Nuttavuth Photisaro) បាន​លើក​សំណើ​នេះ​ទៅ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌​ អំឡុង​​ជំនួប​មួយ​កាលពី​ម្សិលមិញ​។ ”​មាន​ការ​ពិភាក្សា​​​​​​អំពី​​ការ​ផ្ទេរ​អ្នក​ទោស​ជនជាតិ​ថៃ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​របស់​យើង ហើយ​យើង​បាន​ពិភាក្សា​អំពី​នីតិវិធី​​​សម្រាប់​ការ​ផ្ទេរ​ពួកគេ​ ដើម្បី​​ឲ្យពួកគេ​អនុវត្ត​ទោស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ”។

លោក​​មាន​ប្រសាសន៍​ទៀត​ថា ឯក​អគ្គ​រាជ​​ទូត​រូប​នេះ​បាន​ព្រម​ព្រៀង​​​​បញ្ជូន​ព័ត៌មាន​សាវតារ​​​អំពី​អ្នក​ទោស​ទាំង​នេះ​មក​កម្ពុជា​ ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​​ធ្វើ​សេចក្ដី​សម្រេច​។

“​យើងនឹង​សិក្សា​ឯកសារ​ទាំង​នោះ​ និង​នីតិវិធី​របស់​យើង​ ហើយ​បន្ទាប់​មក​នឹង​ឆ្លើយ​តប​ទៅ​វិញ​ថា​ តើ​យើង​អាច​ផ្ទេរ​ពួកគេ​បាន​​ឬអត់ ហើយ​​ថាតើ​​យើង​​នឹង​ផ្ទេរ​ពួកគេ​តាម​​វិធី​ណា”។

អ្នក​នាំពាក្យ​រូប​នេះ​​​មិន​បាន​លើក​ឡើង​អំពី​លទ្ធភាព​​ដែលថា ​​ប្រទេស​ថៃ ​​អាច​​នឹង​ធ្វើ​បត្យា​ប័ន​​​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​កំពុង​ជាប់​ពន្ធ​នាគារ​នៅ​ក្នុងប្រទេស​​ថៃនោះ​ទេ។​​​​

កាលពី​ដើម​ខែ​នេះ មន្ត្រី​រដ្ឋាភិបាល​​បាន​រាយការណ៍​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៩​នាក់​​​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​​​ក្នុង​ប្រទេស​ថៃ ដែល​​មួយ​ចំនួន​ធំ​​ជាប់ពីបទ​កាប់​ឈើ​ខុស​ច្បាប់​។

​​កន្លងមក កម្ពុជា​​ធ្លាប់​បាន​បញ្ជូន​អ្នក​ទោស​ទៅ​ប្រទេស​ថៃ​វិញ ហើយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​បាងកក​ថា បាន​ក្បត់​សន្យា​មិន​​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​​​កាលពី​ឆ្នាំ​២០០៩​៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស