29.3 C
Phnom Penh

អ្នក​សិក្សា​ស្រាវ​​​ជ្រាវ​និយាយ​ថា ផែនទី​​​រដ្ឋាភិបាល​​​​​​​​​ដូច​​​គ្នានឹង​​​ផែន​​​ទី​​​CNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​រយៈ​​​ពេល​​​ជិត​​​បី​​​ខែ​​​នៃ​​​ការ​​​ធ្វើ​​​យុទ្ធ​​​​​​នា​ការ​​​របស់​​​គណបក្ស​​​ប្រឆាំង ឲ្យ​​​រដ្ឋាភិបាល​​​បញ្ចេញ​​​ផែនទី​​​ដែល​​​ខ្លួន​​​ប្រើ​​​ដើម្បី​​​កំណត់​​​ព្រំដែន​​​ប្រទេស​​​កម្ពុជា​​​មក អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវមួយរូប​​​​ដែល​​​មាន​​​ភារកិច្ច​​​​សិក្សា​ស្រាវ​ជ្រាវ​អំពី​​​​​​​ភាព​​​តាន​​​តឹង​​​ក្នុងពេល​បច្ចុប្បន្ន​ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​​​​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​មិញ​​​ថា ផែនទី​​​របស់​​​រដ្ឋាភិបាល​​​ដូច​​​គ្នា​​​បេះ​​​បិទ​​​ទៅ​​​នឹង​​​ផែន​​​ទី​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​មាន។

cam-photo-maps-channa1-800x533រដ្ឋាភិបាល​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​ផែន​ទី​​​​ដែល​​​ខ្លួន​​​ប្រើ​ដើម្បី​​​កំណត់​​​ព្រំដែន​​​​ជា​​​សាធា​រណៈ​​​​​​​​​ឡើយ​ ​​​​ចាប់​​​តាំង​​​ពី​​​​​បញ្ហា​​​នេះ​​​បាន​​​កើត​ឡើ​ង​កាល​​​ពីខែ​​​មិថុនាមក​​​​ ដោយ​ធ្វើ​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​សំណាក់​គណបក្ស​​​ប្រឆាំង​​​ថា រដ្ឋាភិបាល​​​ប្រើ​​​ផែនទី​​​ខុស​​​ច្បាប់​​​ដើម្បី​​​ប្រគល់​​​​​​ដី​​​ទៅ​​​ឲ្យ​​​​​​វៀតណាម។ ក៏​​​ប៉ុន្តែ កាល​​​ពី​​​សប្តាហ៍​​​មុន​​​រដ្ឋាភិបាល​​​បាន​​​ប្រគល់​​​ផែន​​​ទី​​​របស់​​​ខ្លួន​​ឲ្យ​​​​លោក​​​ សុខ ទូច អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នៅ​​​រាជ​​​បណ្ឌិត​​្យ​​​​សភា​​​​​​​កម្ពុជា​​​ ដោយស្នើ​ឲ្យ​​​លោកជួយ​​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ព្រំ​​​ដែន​នេះ។

លោក សុខ ទូច ដែល​​​ជា​​​ប្រធាន​​​វិទ្យា​ស្ថាន​​​​​​​​ទំនាក់​​​ទំនង​​​អន្តរ​​​ជាតិ​​​នៅ​​​រាជ​​​បណ្ឌិត្យ​​​សភា​​​បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​ផែនទី​​​របស់​​​រដ្ឋាភិបាល​​​ដូច​​​គ្នា​​​បេះ​​​បិទ​​​ទៅ​​​នឹង​​​ផែនទី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្រប់​ផែន​ទី​​​​​ដែល​​ខ្ញុំ​​​​​​ទទួលបាន​​​​​​​ ពី​​​រដ្ឋាភិបាល​​​ ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ពី​​​អាមេរិក​​​ និង​​​បារាំង គឺ​​​ដូច​​​គ្នា​​​ទាំង​​​អស់​​​ លើក​​​លែង​​​តែ​​​ផែន​​​ទី​​​​​​ដែល​អង្គការ​​​សហ​ប្រជាជាតិ​​​បញ្ជូន​​​មក​​​ឲ្យ។ ខ្ញុំ​​​នឹង​​​ធ្វើ​​​សន្និ​សីទ​​​​​​សារព័ត៌​​​មាន​​​មួយ​​​នៅ​​​ថ្ងៃ​​​សុក្រ​​​…ដូច្នេះ​​​អ្នក​​​គ្រប់​​​​​គ្នា​​​អាច​​​មើល​​​​​​បាន”។

រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា មាន​​​តែ​​​ផែន​​​ទី​​​ព្រំដែន​​​​​​គូស​​​ដោយ​​​​​​បារាំង​​​​​​នៅ​​​ចន្លោះ​​​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​​​១៩៥៣ ខ្នាត​​​១លើ​​​១០០.០០០ និង​​​តម្កល់​​​​​នៅ​​​អង្គការ​​​សហ​ប្រជា​​​ជាតិ​​​ដោយ​​​សម្តេច ​នរោត្តម​​​ សីហនុ ​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ប៉ុណ្ណោះ ដែល​អាច​​​យកមក​​ប្រើ​​​​​​ដើម្បី​​​​​​កំណត់​​​ព្រំ​​​ដែន។

កាល​​​ពី​​​ខែ​​​មុន លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន ​សែន បាន​​​សរសេរលិខិត​​​​ទៅ​​​អង្គការ​​​សហ​ប្រជាជាតិ​​​​​​​ស្នើ​​​សុំ​​​ផែនទី ប៉ុន្តែ អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​ឆ្លើយ​​​តប​​​វិញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ដោ​​​យ​​​និយាយ​​​ថា ខ្លួនមិន​​​អាច​​​រក​​​ផែន​​​ទី​​​ទាំង​​​នោះ​​​ឃើញ​​​ទេ​​​។ ជា​​​ជំនួស​​​វិញ​​​ អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​ផ្តល់​​​ផែន​​​ទី​​​ព្រំដែន​​​ដែល​​​បញ្ជូនមក​ដោយ​​​សម្តេច​​​ នរោត្តម សីហនុ​​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​បណ្តឹង​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ទម្លាក់​​​គ្រាប់​​​បែក​​​ដោយ​​​អាមេរិក​​​អំឡុង​​​​​​សង្គ្រាម​​​ឥណ្ឌូ​​​​​ចិន​​​លើក​​​ទី​​​២។

លោក អ៊ូ ច័ន្ទឫទ្ធិ អ្នក​​​នាំពាក្យ​​​ស្តី​​​ទី​​​​​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​គំរាម​​​​​​ថា នឹង​​​ប្រើ​​​​ផែនទី​​​ និង​​​បច្ចេក​​​វិទ្យា​​​ជីភីអេស​​​ ដើម្បី​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ព្រំដែន​​​ប្រវែង​​​១.២២៨​​​គីឡូ​​​ម៉ែត្រ​​​​​​ជា​​​មួយ​​​ប្រទេស​​​វៀត​​​ណាម​​​ បាន​​លើកឡើង​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណបក្ស​​​ប្រឆាំង​​​​​​នឹង​​​រក្សា​​​នូវ​​​ការ​វិនិច្ឆ័យ​លើ​ការ​​​វាយ​​​តម្លៃ​​​របស់​​​លោក ​​សុខ ទូច រហូត​​​ដល់​​​ខ្លួន​​​បាន​​​វិភាគ​​​ផែន​​​ទី​​​ទាំង​​​នោះ​​​ដោយ​​​ខ្លួន​​​ឯង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​បាន​​​ផែន​​​ទី​​​ពី​​​ភាគី​​​ផ្សេង​​​ៗ​​​ ក៏​​​ដូច​​​ជា​ពី​ភាគី​​​រដ្ឋាភិបាល​​​ដែរ និង​​​ផែនទី​​​ដែល​​​រដ្ឋា​ភិបាល​​​បាន​​​ទទួល​​​ពី​​​អង្គការ​​​សហ​ប្រជា​​​ជាតិ ដើម្បី​​​ធ្វើ​​​ការ​​​សិក្សា​​​ស្រាវ​​ជ្រាវ​​​ដែរ​​​ មុន​​​ពេល​​​យើង​​​សន្និដ្ឋាន ​ថាតើ​​​ផែន​​​ទី​​​ទាំង​​​នោះ​​​ដូច​​​គ្នា​​​ ឬ​​​យ៉ាង​​​ណា​​”។

លោក សុខ ឥសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​ជាក់​​​​ថា ការ​​​រក​​​ឃើញ​​​ដំបូង​​​របស់​​​លោក ​សុខ ទូច បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា រដ្ឋាភិបាល​​​ត្រឹម​​​ត្រូវ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ពី​​​​​​ប្រភព​​​ចំនួន​​​បួន​​​ គឺ​​​រដ្ឋាភិបាល គណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បណ្ណាល័យ​​​បារាំង​​​និង​​​បណ្ណាល័​​យ​​​សភា​​​អាមេរិក​​​ បង្ហាញ​​​ថា ​ផែន​​​ទី​​​ទាំង​​​នោះ​​​​​​មាន​​​លក្ខណៈ​​​ដូច​​​គ្នា​​​ ដូច្នេះ​​​នេះ​​​ជា​​​រឿង​​​ល្អ​​​មួយ​​​​​​ដើម្បី​​​ជម្រះ​​​ការ​​​យល់​​ច្រឡំ​​​ក្នុង​​​ចំណោម​​​សាធារណជន​​​ និង​​​អ្នក​​​ដែល​​​បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា ប្រើ​​​ផែន​​​ទ​​​ី​​​ក្លែង​​​ក្លាយ។​ផែនទី​​​របស់​​​រដ្ឋាភិបាល​​​ គឺ​​​ដូច​​​គ្នា​​​នឹង​​​ផែន​​​ទី​​​​​​របស់​​​អ្នក​​​ចោទ​​​ប្រកាន់​​​ ដូច្នេះ​​​វា​​​នឹង​​​ជួយ​​​​​​លុប​​​បំបាត់​​​ការ​​​ចោទ​​​ប្រកាន់​​​មិន​​​ត្រឹម​​​ត្រូវ​​​បែ​​​ប​​​​​​នេះ​​​លើ​​​រដ្ឋាភិបាល”៕ និត​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស