អនុក្រឹត្យដែលកំណត់មុខងារផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មី ត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បើកផ្លូវឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះជ្រើសរើសមន្ត្រីរដ្ឋបាលថ្មី ហើយចាប់ផ្ដើមរៀបចំការបោះឆ្នោតដោយខ្លួនឯង ដែល គ្រោងធ្វើនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។
គ.ជ.ប.ថ្មីនេះដែលត្រូវបានបង្កើតឡើងកាលពីខែមេសា ដើម្បីឆ្លើយតបតាមការសន្យាដ៏សំខាន់ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើចំពោះគណបក្សសង្គ្រោះជាតិនៅក្នុងកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា ឆ្នាំ មុននោះ បានរក្សាទុកបុគ្គលិករដ្ឋបាលចាស់របស់ គ.ជ.ប. ខណៈដែលរង់ចាំអនុក្រឹត្យនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា អនុក្រឹត្យដែលមាន២៧មាត្រានេះ អនុញ្ញាតឲ្យស្ថាប័នបោះឆ្នោតថ្មីដែលមានពីរគណបក្ស ជ្រើសរើសអគ្គលេខាធិការដ្ឋានរបស់ខ្លួនផ្ទាល់ ដែលបន្ទាប់មកនឹងចាប់ផ្ដើមរៀបចំបញ្ជីឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស និងចាត់ចែងថវិការបស់ គ.ជ.ប.។
លោក ហង្ស ពុទ្ធា បានថ្លែងថា “ខណៈដែល គ.ជ.ប. ទទួលបានឯកសារផ្លូវច្បាប់ដែលចាំបាច់នៅក្នុងដៃ រួមទាំង ព្រះរាជក្រឹត្យ និងអនុក្រឹត្យហើយនោះ ឥឡូវនេះគ.ជ.ប.កំពុងពិចារណាធ្វើសមាហរណកម្មបុគ្គលិកជាប់កិច្ចសន្យាឲ្យទៅជាមន្ត្រីរាជការស៊ីវិលរបស់គ.ជ.ប.”។
អនុក្រឹត្យនេះក៏នឹងអនុញ្ញាតឲ្យសមាជិកគណៈកម្មការគ.ជ.ប.ទាំងប្រាំបួនរូបបោះឆ្នោតជ្រើសរើសអ្នកជំនួសលោក ទេព នីថា អគ្គលេខាធិការរបស់ស្ថាប័ននេះយូរមកហើយ ដែលលោកមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោក ហង្ស ពុទ្ធា បានថ្លែងថា តួនាទីនេះគឺពិតជាតួនាទីរដ្ឋបាលសុទ្ធសាធ។
លោកបានលើកឡើងថា “បើទោះជាអគ្គលេខាធិការរូបនេះជាជំនួយការសំខាន់ជូនគ.ជ.ប.ក៏ដោយ ក៏មិនមែនមានន័យថា អគ្គលេខាធិការរូបនេះមានតួនាទីណាមួយ ឬក៏សិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចរបស់គ.ជ.ប.ដែរ”។
លោក ទេព នីថា ដែលក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានបម្រើការងារនៅក្នុងនាយកដ្ឋានឃោសនាការនៃសមាគមយុវជនកម្ពុជា ដែលនៅពេលនោះគេស្គាល់ថា ជាក្រុមយុវ ជនគណបក្សប្រជាជនកម្ពុជានោះ បានមានប្រសាសន៍ថា លោកនឹងដាក់ពាក្យសម្រាប់
តួនាទីបច្ចុប្បន្នរបស់លោកម្តងទៀត។
លោកបានមានប្រសាសន៍ថា “ខ្ញុំក៏ដូចអ្នករាល់គ្នាដែរ ប្រសិនបើមានឱកាស យើងត្រូវក្ដាប់វាឲ្យបាន”។
លោកបានបន្ថែមថា “ទុកឲ្យសមាជិកគ.ជ.ប. សម្រេចពីជោគវាសនារបស់ខ្ញុំចុះ។ ក្នុងករណីដែលអ្នកចាកចេញពីតួនាទី ប៉ុន្តែអ្នកនៅតែមានសិទ្ធិឈរឈ្មោះម្ដងទៀតនោះ ហេតុអ្វីបានជាមិនសាកល្បង?”។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បានមានប្រសាសន៍កាលពីម្សិលមិញថា អនុក្រឹត្យដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន មិនមែនមាត្រាណាដែលរារាំងដល់ឯករាជភាពរបស់ស្ថាប័នបោះឆ្នោតឡើយ ប៉ុន្តែបានសួរពីមូលហេតុដែលលោក ហ៊ុន សែន យល់ព្រម។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ប្រសិនបើគ.ជ.ប.ចង់ផ្លាស់ប្ដូរ ពួកគេនឹងត្រូវការស្ថាប័ននីតិប្រតិបត្តិយល់ព្រមជាមួយការធ្វើវិសោធនកម្មនោះ នេះគឺជាកង្វល់។ បញ្ហា នេះត្រូវបានរៀបរាប់លម្អិត ហើយនៅពេល និយាយដល់ការគ្រប់គ្រង គួរតែផ្តល់ឱកាសឲ្យគ.ជ.ប.រៀបចំចុះ”។
តម្រូវការដែលលោក ហ៊ុន សែន ចេញអនុក្រឹត្យកំណត់គ.ជ.ប.គឺចំណុចមួយក្នុងចំណោមចំណុចជាច្រើនអំឡុងការពិភាក្សាក្នុងការសរសេរច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទីបំផុតគណបក្សសង្គ្រោះជាតិទទួលស្គាល់។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា ”អនុក្រឹត្យនេះគឺជាអ្វីដែលយើងបានលើកឡើងចាប់តាំងពីច្បាប់នេះត្រូវបានអនុម័ត។ ក្នុងនាមជាស្ថាប័នឯករាជ្យ និងស្ថាប័នធម្មនុញ្ញ គ.ជ.ប.គួរតែមានអំណាចធ្វើការកំណត់ដោយខ្លួនឯងក្នុងករណីចាំបាច់។ យើងមិនដឹងថានឹងមានអ្វីកើតឡើងឡើយ បើបញ្ហាទាំងនេះមិនទាន់ក្លាយជាផែនការ ហើយគ.ជ.ប.ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរ”៕សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)