37 C
Phnom Penh

ការ​បិទ​ផ្លូវ​ខ្លាំង​ជាង​ការ​បាញ់​កាំភ្លើង​ទៅ​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​អំពី​ការ​ជាប់​ពន្ធនាគារ​១៨​ខែ​ដែល​សម្រេច​ដាក់​លើ​សមាជិក​សហជីព​បួន​នាក់ ដែល​បាន​បិទ​ផ្លូវ​នៅ​ពេល​ធ្វើ​កូដកម្ម​ក្នុង​ខេត្ត​ស្វាយ​រៀង​កាលពី​ឆ្នាំ​មុន​នោះ ព្រះ​រាជអាជ្ញា​រង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​របស់​ពួកគេ​គឺ​ខ្លាំង​ដូច​សកម្មភាព​របស់​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​ទទួល​ទោស​ដូច​គ្នា​នេះ ព្រោះ​ការ​បាញ់​កម្មករ​បី​នាក់​​នៅ​ឆ្នាំ​២០១២។

យោង​តាម​ព្រះ​រាជ​អាជ្ញា​រង ផាន់ រតនា បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​មន្ត្រី​បួន​រូប​នៅ​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ (CUMW) ពី​បទ​បិទ​ផ្លូវ​ជាតិ​លេខ​១​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​កាលពី​ខែ​សីហា​ឆ្នាំ​មុន។

លោក​បាន​អះអាង​ថា ការ​រំខាន​ចរាចរ​ធ្វើ​ឲ្យ​មាន​ជន​រងគ្រោះ​ច្រើន​ជាង​ការ​បាញ់​ដោយ​លោក បណ្ឌិត​ ដែល​កាល​ពី​សប្តាហ៍​មុន​បាន​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​ បន្ទាប់ពី​គេច​ខ្លួន​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ ហើយ​ត្រូវ​គេ​ថតរូប​បាន​ពេល​គ្រវី​កាំភ្លើង​បន្ទាប់​ពី​ការ​បាញ់​នោះ។

លោក រតនា បាន​និយាយ​ថា “មិន​មាន​រូបភាព​ពួកគេ​ [សហជីព​] បាញ់​មនុស្ស​បី​នាក់​ទេ ប៉ុន្តែ ពួកគេ​បាន​បិទ​ផ្លូវ។ អ្នក​ដែល​មិន​អាច​ធ្វើ​ដំណើរ​បាន​ តើ​ស្លាប់​ប៉ុន្មាន​នាក់​ ពីព្រោះ​ពួកគេ​អាច​ថប់​ដង្ហើម​បាន?អ្នក​មិន​អាច​ឃើញ​រូបភាព​នោះ​ទេ”។

ព្រះរាជ​អាជ្ញា​រង​រូប​នេះ​បាន​និយាយ​ថា ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​ព្យាបាល​ជំងឺ ជាពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយសារតែ​ការ​បិទ​ផ្លូវ​នេះ ប៉ុន្តែ លោក​មិន​ប្រាកដ​ថា មាន​នរណា​ម្នាក់​ស្លាប់​ទេ។

លោក​បាន​និយាយ​ថា “មនុស្ស​ដែល​ស្លាប់​នៅ​ពេល​ពួកគេ​បិទ​ផ្លូវ​ អ្នក​ទាំង​នោះ​មិន​អាច​ប្តឹង​កើត​ទេ ពីព្រោះ​ពួកគេ​ស្លាប់​ទៅ​ហើយ”។

លោក រតនា បាន​និយាយ​ថា សមាជិក​សហជីព​បួន​នាក់ មានឈ្មោះ ទួន សារ៉ែន ជា ឧត្តម​ ចាម​ សំណាង និង​ សុត ចិត្ត មាន​ពេល​៣០ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ ហើយ​នឹង​មិន​ត្រូវ​ឃុំខ្លួន​មុន​ពេល​នោះ​ទេ។

លោក សារ៉ែន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​តវ៉ា​ឯ​រោង​ចក្រ​កាត់​ដេរ​យូលី ក្នុង​ក្រុង​បាវិត​ ប៉ុន្តែ លោក ចិត្ត បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គាត់​ហើយនិង​លោក​ ឧត្តម មិន​បាន​មាន​វត្តមាន​ទេ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ប្តឹង​ឧទ្ធរណ៍​ជា​ផ្លូវការ​នឹង​ត្រូវ​ដាក់​នៅ​សប្តាហ៍​ក្រោយ។

លោក ស៊ីណា បាន​និយាយ​ថា “ប្រសិនបើ​សាលា​ឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​នេះ យើង​នឹង​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​នេះ ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​នោះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស