37.6 C
Phnom Penh

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលើ​​ច្បាប់​​អង្គការ​មិន​មែន​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​រដ្ឋាភិបាល​​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃពុធ​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ​​​បានឡាយ​ព្រះហស្តលេខា​​​លើ​ច្បាប់​ស្ដីពី​​អង្គ​ការ​​​មិន​មែន​រដ្ឋាភិបាល​ ដោយ​​ធ្វើ​ឲ្យ​ច្បាប់​នេះ​​ដែល​​អន្តរជាតិ​រិះគន់​ថា ជា​ការ​គំរាម​កំហែង​​ដ៏ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិសេរី​ភាព​​​​ក្នុង​ការ​បញ្ចេញ​មតិ និង​សមាគម​នៅ​កម្ពុជា​​​ចូល​ជា​ធរមាន​។

ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ ​តម្រូវ​ឲ្យ​​អង្គការ​មិនមែន​រដ្ឋា​ភិបាល​​ និង​សមាគម​ទាំង​អស់​​ចុះបញ្ជី​​ជាមួយ​រដ្ឋាភិបាល​ ហើយ​ដាក់​ជូន​របាយការណ៍​ប្រចាំ​​​ឆ្នាំ​ស្ដីពី​ហិរញ្ញវត្ថុ និង​សកម្មភាព​របស់​ខ្លួន​។ វា​ផ្ដល់​អំណាច​ដល់​ក្រសួង​​ក្នុង​ការ​បិទ​​អង្គការ​​ដែល​​​​មិន​រក្សា​អព្យាក្រឹតភាព​នយោបាយ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​កម្ពុជា។

ប៉ុន្តែ​លោក ឈឹម ផលវរុណ អនុប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​​នៃ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​ដែល​បញ្ចេញ​ច្បាប់​ចម្លងផ្លូវ​ការ​​នៃ​ច្បាប់​នេះ អមដោយ​ព្រះរាជក្រឹត្យ​​កាលពី​ម្សិលមិញ​ បាន​បញ្ជាក់​​អំពី​ការ​ឡាយ​ព្រះហស្តលេខា​របស់​​​ព្រះមហាក្សត្រ។

លោក​មាន​ប្រសាសន៍​ថា “​នៅ​ពេល​​ព្រះ​រាជក្រឹត្យ​ត្រូវ​បាន​ផ្សព្វ​​ផ្សាយជា​សាធា​រណៈ ​វា​មាន​ន័យ​ថា ​ទ្រង់ [ព្រះមហាក្សត្រ] បាន​ឡាយព្រះហស្តលេខា​លើ​ច្បាប់​នេះ​ហើយ”។ ​លោក​បាន​បន្ថែម​ថា ព្រះមហាក្សត្រ​​​​បាន​ឡាយ​​​ព្រះហស្តលេខា​លើ​ច្បាប់​នេះ​កាលពី​ថ្ងៃ​ពុធ។

រដ្ឋាភិបាល​​អះអាង​ថា ខ្លួន​ត្រូវ​ការ​ច្បាប់​នេះ​​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​លាង​លុយ​ និង​ទប់ស្កាត់​​កុំ​ឲ្យ​​​ហិរញ្ញប្បទាន​ភេរវកម្ម​ហូរ​ចូល​​មក​ក្នុង​ប្រទេស​តាម​រយៈ​​អង្គការ​មិន​មែន​​​រដ្ឋាភិបាល។

បណ្តា​អ្នក​រិះគន់​បាន​ចាត់​ទុក​ទឡ្ហីករ​ណ៍​​បែប​​​​នេះ​ថា មានពុតត្បុត​ ហើយ​​ថា រដ្ឋាភិបាល​​​​​មាន​​​ច្បាប់​ទាំង​អស់​ដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​បែប​នេះ​ហើយ​។ ​ពួកគេ​ខ្លាច​ក្រែង​គណបក្ស​​ប្រជាជន​កម្ពុជា​​មាន​បំណង​ប្រើ​​ប្រាស់​​បទប្បញ្ញត្តិ​មិន​ច្បាស់​លាស់​នៅ​ក្នុង​ច្បាប់​នេះ​ ដើម្បី​បិទ​អង្គការ​​​មួយ​​​ចំនួន​​ដែល​​​​រិះគន់​រដ្ឋាភិបាល​​ខ្លាំងៗ។

លោក​ ហ្វីល រ៉ូបឺតសុន អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ប្រចាំ​នៅ​តំបន់​អាស៊ី​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ​ថា “​សូម​កុំ​ចាញ់​ល្បិចកល​។ ការ​ដែល​ជំរុញ​ឲ្យ​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ក្លាយ​ជា​ផ្លូវ​ការ ​​​មាន​ន័យ​ថា ឥឡូវ​នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ពូថៅ​នៅ​ក្នុង​ដៃ​​ដើម្បី​វាយ​ប្រហារ​​​​អង្គការ​​​​​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គការ​​សិទ្ធិ​មនុស្ស​​​​ផ្សេងៗ​ដែល​​បាន​និងកំពុង​ការ​ពារ​សហគមន៍​កម្ពុជា​ និង​រាយការណ៍​អំពី​គម្រោង​ពុក​រលួយ​របស់​​​លោក​ជា​ច្រើន​ឆ្នាំ​មក​នេះ​”។

លោកស្រី ប្រ៊ីតធីស អេដមែន ​ប្រធាន​កម្មវិធី​​​អាស៊ីអាគ្នេយ៍​​​​នៃ​​អង្គការ​ ​ក្រុម​អ្នក​ច្បាប់​​​ការ​ពារ​សិទ្ធិ​​​​ជន​ស៊ីវិល  (Civil Rights Defender) ដែល​មានមូល​ដ្ឋាននៅ​ក្នុង​ទីក្រុង​ស្តុកខុម ក៏​បាន​រិះគន់​ច្បាប់​នេះ[​ដែល​​អង្គការ​សិទ្ធិ​មនុស្ស​​​ក្នុង​ស្រុក​​ចាត់​ទុក​ថា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​​​] ដូច​លោក ហ្វីល​ រ៉ូបឺតសុន​ ដែរ។

លោកស្រី​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​ថា ”​ច្បាប់​​​​​ដ៏តឹងរ៉ឹង​នេះ​គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ពិត​ប្រាកដ​ដល់​​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ ​សហគមន៍​អន្តរ​ជាតិ​​ត្រូវ​ខិតខំ​បន្ត​​ទៀត​ដើម្បី​ជំទាស់​នឹង​ច្បាប់​នេះ​ ​ហើយ​ឃ្លាំមើល​ការ​អនុវត្ត​​ដែល​អាច​នឹង​មាន​​​​ការ​រំលោភ​បំពាន”​៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស