27 C
Phnom Penh

ក្មេងស្រី​៨នាក់​ដែលដើរសុំទាន​និង​លក់ផ្កា​នៅប្រទេស​ថៃ​ ត្រូវបាន​​​​បញ្ជូន​មកប្រទេស​​​​កម្ពុជាវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រសួង​សង្គមកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​ប្រាំបី​នាក់​​ត្រូវ​បានដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ថែទាំ​របស់​​​ក្រសួង​សង្គមកិច្ច​​កាលពី​ម្សិលមិញ ​បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​​ឃើញពួកគេ​ដើរ​សុំទាន​​ និង​ដើរ​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​បញ្ជូន​​​ពួកគេ​ត្រឡប់​ មក​ប្រទេស​កម្ពុជា​វិញ។

​យោង​តាម​​លោកស្រី ឈា មា៉និត ​ប្រធាន​​​ មជ្ឈមណ្ឌល​​សំចត​​បោ៉យ​ប៉ែត​នៅ​ក្រសួង​សង្គម​កិច្ច​ ដែល​​បានទទួល​ក្មេងស្រី​ទាំង​នេះ​ពី​នគរ​បាល​ថៃ​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​ប្រាំពីរ​នាក់​​អាយុ​ពី​៧​ឆ្នាំ​ដល់​១៣​ឆ្នាំ​ ត្រូវ​បាន​​ឪពុក​ម្ដាយ​របស់ពួកគេ​​នាំ​​ឆ្លងកាត់​​ព្រំដែនឲ្យ​​​មក​​​សុំទាន​​​ ប៉ុន្តែ​​ ក្មេង​ស្រី​​​ទី៨ ​ត្រូវ​បាន​ចាប់​ពង្រត់​ពី​ផ្ទះ​របស់​នាង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ត្រូវ​​​បាន​លក់​ទៅ​ឲ្យ​បណ្ដាញ​ជួញដូរ​មនុស្ស​​​ដែល​ប្រើ​ប្រាស់​កុមារ​ឲ្យ​ដើរ​លក់​របស់របរ​នៅ​តាម​ផ្លូវ​។

លោកស្រី​ ឈា ម៉ានិត បាន​ឲ្យ​ដឹង​ថា ​”​នៅ​​​​រសៀល​ថ្ងៃ​នេះ ខ្ញុំ​បាន​​ទទួល​​​ក្មេងស្រី​​ខ្មែរ​​ប្រាំពីរ​នាក់​នៅ​ច្រក​ទ្វារ​ព្រំដែន​​​អន្តរជាតិ​ប៉ោយ​ប៉ែត ហើយ​ទន្ទឹមនឹង​ពេល​ដែល​ពួកគេ​ សប្បាយ​រីក​រាយ​ពេល​​​​បាន​ត្រឡប់​មក​វិញ​ដោយ​សវុត្ថិភាព​នោះ យើង​​ប្រាកដ​ថា បញ្ហា​នេះ​កំពុង​តែ​បន្ត​កើត​មាន​​ក្នុង​ប្រទេស​ថៃ”។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​​​ថា “​​ក្មេង​ស្រី​​ម្នាក់​ ក្នុង​ចំណោម​ក្មេងស្រីទាំង​​ប្រាំបី​នាក់​ត្រូវ​បាន​ចាប់​​​​ពង្រត់​ពី​ឪពុក​ម្ដាយ​​របស់​នាង​ដោយ​មនុស្ស​ បី​នាក់ ហើយ​បាន​លក់​​នាង​​ឲ្យ​ដើរ​​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក្មេងស្រី​ប្រាំពីរ​នាក់​ទៀត​​ជា​អ្នក​សុំទាន​” ដោយ​លោកស្រី​ពន្យល់​ថា ក្មេង​ស្រី​​​ប្រាំពីរ​នាក់​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​ពួកគេ​នាំទៅ​ប្រទេស​ថៃ បន្ទាប់​មក​បាន​បោះ​​​បង់​​​​​ពួក​គេ​នៅ​ទីនោះ។

លោកស្រីបាន​​មាន​​​ប្រសាសន៍​​​​ថា ក្មេង​​​ស្រី​​​​ប្រាំនាក់​​​​មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ ចំណែក​​ពីរនាក់​ទៀត​មកពី​ខេត្ត​បាត់ដំបង ហើយ​ក្មេង​​​ស្រី​​​ទី៨​​មិន​ដឹង​មកពី​ណា​ទេ។​គេ​មិន​ច្បាស់​ ថា តើ​​​ក្មេងស្រី​ទាំង​នេះ​ត្រូវ​គេ​យក​មក​ពី​កន្លែង​ណា​​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​​​ឡើយ ប៉ុន្តែ​ថា ​ពួកគេ​មួយ​ចំនួន​​ធ្វើ​ការ​ក្នុងទីក្រុង​បាងកក។

លោកស្រី​​​បន្ថែម​​​​​​​ថា ក្មេងស្រី​ទាំង​​​​នេះ​បាន​ស្នាក់នៅ​មជ្ឈមណ្ឌល​​​សំចត​​ប៉ោយ ប៉ែត ប៉ុន្តែ​ នឹង​ត្រូវ​​​​ផ្លាស់​មក​អង្គការ​កម្ពុជា​​​ដើម្បី​​​​ជួយ​​​ស្ត្រី​​​មាន​វិបត្តិ​ក្នុង​រាជធានី​ភ្នំពេញ ដែល​នឹង​ព្យា​​​យាម​​បញ្ជូន​ពួកគេ​​ទៅ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្លួន​។

យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ឃើញ​ក្មេងស្រី​ទាំង​នេះ​​ ហើយ​​​​បន្ទាប់​មក​បាន​​ជូន​​ដំណឹង​ដល់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក ដែ​ល​បាន​សម្រប​សម្រួល​ឲ្យ​បញ្ជូន​ពួកគេ​​​ត្រឡប់​មក​វិញ​។

លោក សម សុវណ្ណារិទ្ធ នាយក​ប្រតិបត្តិ​អង្គការ​តំណក់​ទឹក​​​ ជា​អង្គការ​ដែល​ធ្វើ​ការ​ជា​​​មួយ​កុមារ​ងាយ​រងគ្រោះ​បាន​មាន​ប្រសាសន៍​ថា បើ​រាប់​​បញ្ចូល​ក្មេងស្រី​ទាំង​ប្រាំបី​នាក់​​ដែល​ ត្រូវ​បាន​បញ្ជូន​មក​វិញ​កាលពី​ថ្ងៃ​ម្សិលមិញ ​កុមារ​១៤​ឬ​១៥​នាក់​​ដែល​ភាគច្រើន​ជា​​​ក្មេង​​​ស្រី​នោះ ត្រូវ​បាន​បញ្ជូន​មក​វិញក្នុង​​​​រូបភាព​ស្រដៀង​គ្នា​ចាប់​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​រហូត​មក​ទល់​ពេល​នេះ​។

លោក សុវណ្ណារិទ្ធ បាន​ថ្លែង​ថា តាម​ធម្មតា​ កុមារ​ជាច្រើន​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់ពួកគេ អ្នក​ជិត​ខាង​​ឬ​អ្នក​ជួញដូរ​មនុស្ស​​នាំទៅ​ប្រទេស​ថៃ។លោក​បាន​បន្ថែម​ថា “​យើង​មិន​​​ទាន់​ប្រាកដ​ ថា​តើ​​ដំណើរ​ការ​នេះ​ប្រព្រឹត្ត​​​ទៅ​ដូច​ម្ដេច និង​ថា​តើ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដោយ​របៀបណា​ឡើយ​​​​”៕ ​​​សារុន (រាយការណ៍​បន្ថែម​ដោយ Matt Blomberg)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស