31 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម រង្ស៊ី ​ពាក់ព័ន្ធ​ការបង្ហោះ​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ លោក​នា​យករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​​​គណបក្ស​ប្រឆាំង ពីបទ​ “​ក្បត់​ជាតិ” ពាក់​ព័ន្ធ​សន្ធិសញ្ញា​​ក្លែង​ក្លាយ​មួយ​ដែល​សមាជិក​ព្រឹទ្ធសភា​​រូប​នេះ​ បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ក្នុង​​បំណង​បង្ហាញ​ថា ​លោក ហេង សំរិន ​កាល​នៅ​ជា​ប្រមុខ​រដ្ឋ​របស់​កម្ពុជា ​​ក្នុង​ឆ្នាំ​១៩៧៩ បាន​សន្យារម្លាយ​​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។

IMG_5419​ លោក ហ៊ុន សែន ​បាន​មាន​​ប្រសាសន៍​​អំឡុង​ពិធី​ប្រគល់​សញ្ញាបត្រ​មួយ​​​ក្នុង​រាជធានី​ ភ្នំពេញ​​ថា លោក​បាន​​បើក​ហ្វេសប៊ុក​​មើល​កាលពី​យប់​​ជ្រៅ​ថ្ងៃពុធ ហើយ​លោក​​​សម្រាន្ត​​​មិន​លក់​ឡើយ ​បន្ទាប់​ពី​ឃើញ​​​​ការ​​បង្ហោះ​របស់​​​​ ​លោក ហុង សុខហួរ។

លោក​នាយក​រដ្ឋមន្ត្រី​បានថ្លែង​​ថា ”​​​មាន​ការ​ បង្ហោះ​តាម​ហ្វេសប៊ុក​​អំពី​សន្ធិសញ្ញា​ក្លែង​​ក្លាយ​​មួយ​​​ដែល​មិន​អាច​ អត់ឱន​បាន​ទេ ​ត្រូវ​ធ្វើ​ហើយ​។ ​បង្ហោះ​ទាំង​សន្ធិសញ្ញា​ក្លែង​ក្លាយ​នេះ​ និង​ធ្វើ​អត្ថាធិប្បាយ​​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​។ ​​យើង​មិនអាច​អត់​ឱន​​បាន​ទេ​​”។

លោក​​​លើក​ឡើង​ទៀតថា លោក ហុង ​​សុខហួរ បាន​បង្ហោះ​សន្ធិសញ្ញា​ក្លែង​ក្លាយ​មួយ​​​​​ក្នុង​បំណង​បង្ហាញ​ថា លោក ហេង សំរិន និង​លោក ផាម វ៉ាន់ដុង ​នាយក​រដ្ឋមន្ត្រី​​វៀតណាម​​​​ក្នុង​សម័យ​នោះ បាន​ព្រមព្រៀង​គ្នា​ថា “​ភាគី​ទាំងពីរ​នឹង​ធ្វើ​​កិច្ច​ចរចា​​ដើម្បី​​ចុះ​ហត្ថលេខា​សម្រាប់​រម្លាយ ​​ព្រំដែន​ជាតិ​​ប្រទេស​ទាំងពីរ​”។

លោក​​បាន​មាន​​ប្រសាសន៍​បន្ថែម​​ ទៀត​ថា ​លោក ហុង សុខហួរ ​​ត្រូវ​​ចាប់​បាន​ជាក់​ស្ដែង​​​ពាក់​ព័ន្ធ​ ”​ការ​ក្លែង​លិខិត​សាធារណៈ​ របស់​ជាតិ” ហើយ​នគរ​បាល​អាច​ចាប់​ខ្លួន​បាន​ ទោះ​បី​ជា​លោក​មាន​អភ័យ​ឯកសិទ្ធិ​​សមាជិក​​សភា​​ដែល​អាច​ការ​ពារ​ខ្លួន​លោក​ ​​ពី​ការ​ចាប់​ខ្លួន​ ឬ​ការ​ផ្ដន្ទាទោស​ក៏​ដោយ​។

រដ្ឋធម្មនុញ្ញ​ អនុញ្ញាត​ឲ្យ​នគរ​បាល​​​មិន​ចាំ​បាច់​អើពើ​​​ចំពោះ​អភ័យ​ឯកសិទ្ធិ​ឡើយ នៅ​ ពេល​តំណាង​រាស្ត្រ​ណាម្នាក់​​ត្រូវ​ចាប់​បាន​ពេល​​កំពុង​ប្រព្រឹត្ត​បទ​ ល្មើស​​​ ហើយ​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រជាជន​កម្ពុជា ៤៦​រូប​នៅ​ក្នុង​ស្ថាប័ន​ដែល​ មាន៦១អាសនៈ​​​​នេះ អាច​​​​​​បោះ​ឆ្នោត​​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក ហុង សុខហួរ យ៉ាង​ងាយ​ស្រួល​។

លោក​​លើក​ឡើង​​​យ៉ាង​ដូច្នេះ​ថា “​សមា​​ជិក​ព្រឹទ្ធសភា​ អត់​មាន​អី​ពិបាក​ទេ ព្រោះ​សំឡេង​​របស់​គណបក្ស​ប្រជាជន​ លើស​២ភាគ៣​ហើយ​ [ពួកគេ​អាច​] ​ដក​​ហូត​អភ័យ​ឯកសិទ្ធិ​​ផ្ដន្ទា​ទោស​។ ​ពី​មុន​​​​​ចោទ​ថា រដ្ឋាភិបាល​​​​​ប្រើ​ផែនទី​ក្លែងក្លាយ​ យើង​អត់​ទាន់​ថា​អី​ទេ។ ​​អាឡូវ​នេះ​បង្ហោះ​ផែនទី​ ជា​បទ​ល្មើស​ជាក់​ស្ដែង​​ដែល​ត្រូវ​ចាប់​ខ្លួន​ បន្ទាន់​”។​​​​​

លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ​​បាន​ដើរ​តួនាទី​​យ៉ាង​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​​​គណបក្ស​សង្គ្រោះ​ជាតិ ​​កាលពី​ពេល​ថ្មីៗ​នេះ​​ក្នុង​ការ​លាត​ត្រដាង​​​ការ​​ឈ្លាន​ពាន​របស់​វៀតណាម ​ ចូល​ក្នុង​​ទឹក​ដី​កម្ពុជា​។

កាលពី​ខែមុន ​លោក​ ហុង សុខហួរ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុងប៉ារីស ដើម្បី​ប្រមូល​​​​យក​​ផែនទី​ព្រំដែន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​​និយាយ​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​ដើម្បី​ពិនិត្យ​​​មើល​​ថា តើ​រដ្ឋាភិបាល​​បាន​បោះ​​ បង្គោល​ព្រំដែន​​​​​​​ត្រឹម​ត្រូវ​ឬ​ក៏អត់ បន្ទាប់ពី​គណបក្ស​ប្រឆាំង​អះអាង​ ថា រដ្ឋាភិបាល​បាន​កាត់​ដី​ដោយ​​​​ខុស​ច្បាប់​ឲ្យទៅ​វៀតណាម​។

នៅ​ ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ម្សិល​​មិញ លោក​នាយក​រដ្ឋមន្ត្រីបាន​ព្រមាន​លោក ហុង សុខហួរ ដែល​មាន​សញ្ជាតិ​បារាំង​​ កុំ​ឲ្យ​​ភៀស​ខ្លួនទៅ​បរទេស​ ឬ​​ស្វែង​រក​ការ​ជ្រក​កោន​នៅ​​ក្នុង​ស្ថានទូត​ បរទេស​ ដោយ​លើក​ឡើង​ថា អ្វី​ដែល​លោក​បង្ហោះ​តាម​ហ្វេស​ប៊ុក​ ​​គឺ​ជា​ទង្វើ​ក្បត់​ជាតិ ហើយ​អាចនឹង​​​ធ្វើ​ឲ្យ​សង្គ្រាម​​​ផ្ទុះ​ឡើង​ជាមួយ​វៀតណាម។

លោក​​បាន​ លើក​ឡើង​ថា ”​​សូម​ស្ថានទូត​នានា​​​កុំ​ទទួល​យក​​​មនុស្ស​ណា​ដែល​រត់​ចូល​ ស្ថានទូត​…។ ទូត​នានា​អត់​ត្រូវ​លូកលាន់ទេ នេះ​ជា​ទោស​ក្បត់ជាតិ។​ សូម​ប្រជាពលរដ្ឋ​កុំ​បន្ទោស​​រដ្ឋាភិបាល ពីព្រោះ​ទោស​​ក្បត់​ជាតិ​មិន​​​អាច ​អត់ឱន​ឲ្យ​បាន​ទេ។ បើ​​​មាន​ចលនា​ត្រូវ​បាន​កើត​ឡើង​​ដោយសារ​​ការ​ញុះញង់​ បំបែក​បំបាក់​រវាងប្រទេស និងប្រទេស​ បណ្ដាល​​​ឲ្យ​មាន​​វិវាទ​ជាមួយ​ប្រទេស​ជិតខាង​ តើ​​អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ បើ​សង្គ្រាម​កើត​ឡើង​? ​[អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ] ពោធិ៍​ចិនតុង និង​ច្រក​ត្រួតពិនិត្យ​ផ្សេងៗទៀត​បាន​បិទ​អស់​ហើយ។ ដូច្នេះ​ ​ត្រូវ​ចាប់​មនុស្ស​នេះ​ ហើយ​កុំ​បណ្ដោយ​ឲ្យ​​មនុស្ស​​នេះ​រត់​ចូល​ស្ថានទូត​បរទេសឲ្យ​សោះ​​”។ ​​​​

លោក ស៊ឹម វុទ្ធី ស្នងការ​រង​រាជធានី​ភ្នំពេញ​ ​​បាន​មាន​ប្រសាសន៍​ថា អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​​ គឺ​ជា​អ្នក​ដោះស្រាយ​ករណី​នេះ។ ទាក់​ទិន​​បញ្ហា​នេះ​ មន្ត្រី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ មិន​អាច​ទាក់ ​ទង​សុំការ​បំភ្លឺ​បាន​ទេ​។

ប្រហែល​១ម៉ោង​បន្ទាប់ពី​សុន្ទរកថា​​​ពេល​ ​​ព្រឹក​របស់​លោក ហ៊ុន សែន លោក គង់ គាំ ប្រធាន​​​​គណបក្ស​ សម រង្ស៊ី ​​មាន​ប្រសា​​សន៍​តាម​ទូរស័ព្ទ​ថា លោក ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​ទីស្នាក់ការ​កណ្ដាល​​​​របស់​គណ​បក្ស​​​ សង្គ្រោះជាតិ​ក្នុង​រាជធានី​ភ្នំពេញ។

​ទោះ​ជាយ៉ាង​ណា ​លោក សម្បតិ្តិ ដេវីត ជំនួយ​ការ​​ផ្ទាល់​របស់​​​លោក ហុង សុខហួរ ​បាន​​​បញ្ជាក់​​ថា ការ​អះអាង​របស់​លោក គង់ គាំ មិន​ត្រឹម​ត្រូវ​ទេ ​ហើយ​ថា សមាជិក​ព្រឹទ្ធសភា​រូប​នេះ​កំពុង​តែ​លាក់​ខ្លួន។ “​គាត់​​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​​ទេ។ ពេល​នេះ​គាត់​កំពុង​លាក់​ខ្លួន  ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា គាត់​​នៅ​កន្លែង​មាន​សុវត្ថិភាព​”។

​ កាលពី​ម្សិលមិញ​ ទូរស័ព្ទ​ផ្ទាល់​ខ្លួន​របស់​​លោក ហុង សុខហួរ បាន​រោទិ៍​ឡើង ​​ប៉ុន្តែ​​​គ្មាន​អ្នក​លើក​ទេ​។ លោក ​ទាវ វ៉ាន់ណុល សមាជិក​ព្រឹទ្ធសភា​​​គណបក្ស​ សម រង្ស៊ី ​មួយ​រូប​​ទៀត បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា ​​លោក ហុង សុខហួរ កំពុង​​លាក់​ខ្លួន​នៅ​ទីណា​ឡើយ​។ លោក​​ថ្លែង​​​ថា “​​ថ្ងៃ​នេះ​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​គាត់ ប៉ុន្តែ​ទាក់​ទង​មិន​បាន​​ ​​សោះ​​។ ខ្ញុំ​មិន​ដឹង​ថា គាត់​នៅ​កន្លែង​ណា​ទេ​។ ​​រហូត​មក​ទល់​ពេល​នេះ ​ខ្ញុំ​គ្រាន់​តែ​អាច​បញ្ជាក់​​​បាន​ថា ​គាត់​កំពុង​នៅ​កន្លែង​មាន​ សុវត្ថិភាព​”។

លោក នីកូឡាស បូឌុង (Nicolas Baudouin) ​អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​​​ថ្លែង​​​តាម​ទូរស័ព្ទ​ថា ​សមាជិក​ព្រឹទ្ធសភា​ដែល​​​មាន​​​សញ្ជាតិ​បារាំង​​​​ រូប​នេះ មិនស្ថិត​នៅ​ស្ថានទូត​នេះ​ទេ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​​ មិន​បាន​ឆ្លើយ​តប​សំណើសុំ​ឆ្លើយ​បំភ្លឺ​​​ទេ។ ទោះ​ជាយ៉ាង​ណា គណបក្ស​ សម រង្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​​ច្រាន​ចោល​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​អះអាង​ថា ការ​បង្ហោះ​​តាម​ហ្វេសប៊ុក​របស់​​លោក ហុង សុខហួរ ជា​​ទង្វើ​ក្បត់​ជាតិ។ ​​​

គណបក្សនេះ​បាន​លើក​ឡើង​ថា ”​គណៈ​ កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ សម រង្ស៊ី បាន​​ពិនិត្យ​ [រឿង​នេះ​] ​ហើយ​យល់​ថា ការ​ប្រើ​ឯក​​សារ​មិន​ផ្លូវ​ការ​​ និង​ការ​បកស្រាយ​របស់​លោក ​​​ហុង សុខហួរ ​ក្នុង​ឋានៈ​ជា​សមាជិក​ព្រឹទ្ធសភា​ មិន​មែន​ជា​អំពើ​ក្បត់​ជាតិ​​ដូច​ការ​ ចោទ​ប្រកាន់​​​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ។ ប្រសិន​បើ​ការ​​​​​ប្រើឯកសារ ​​ និង​ការ​បក​ស្រាយ​​​មិន​ត្រឹម​ត្រូវ​ លោក ហុង សុខហួរ អាច​ធ្វើ​ការ​​​កែ​តម្រូវ​​​​​ចំពោះ​សាធារណមតិ​ឡើង​វិញ”៕សុខុម (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស