កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ពីបទ “ក្បត់ជាតិ” ពាក់ព័ន្ធសន្ធិសញ្ញាក្លែងក្លាយមួយដែលសមាជិកព្រឹទ្ធសភារូបនេះ បានបង្ហោះតាមហ្វេសប៊ុកក្នុងបំណងបង្ហាញថា លោក ហេង សំរិន កាលនៅជាប្រមុខរដ្ឋរបស់កម្ពុជា ក្នុងឆ្នាំ១៩៧៩ បានសន្យារម្លាយព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានី ភ្នំពេញថា លោកបានបើកហ្វេសប៊ុកមើលកាលពីយប់ជ្រៅថ្ងៃពុធ ហើយលោកសម្រាន្តមិនលក់ឡើយ បន្ទាប់ពីឃើញការបង្ហោះរបស់ លោក ហុង សុខហួរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ”មានការ បង្ហោះតាមហ្វេសប៊ុកអំពីសន្ធិសញ្ញាក្លែងក្លាយមួយដែលមិនអាច អត់ឱនបានទេ ត្រូវធ្វើហើយ។ បង្ហោះទាំងសន្ធិសញ្ញាក្លែងក្លាយនេះ និងធ្វើអត្ថាធិប្បាយដោយសមាជិកព្រឹទ្ធសភាម្នាក់។ យើងមិនអាចអត់ឱនបានទេ”។
លោកលើកឡើងទៀតថា លោក ហុង សុខហួរ បានបង្ហោះសន្ធិសញ្ញាក្លែងក្លាយមួយក្នុងបំណងបង្ហាញថា លោក ហេង សំរិន និងលោក ផាម វ៉ាន់ដុង នាយករដ្ឋមន្ត្រីវៀតណាមក្នុងសម័យនោះ បានព្រមព្រៀងគ្នាថា “ភាគីទាំងពីរនឹងធ្វើកិច្ចចរចាដើម្បីចុះហត្ថលេខាសម្រាប់រម្លាយ ព្រំដែនជាតិប្រទេសទាំងពីរ”។
លោកបានមានប្រសាសន៍បន្ថែម ទៀតថា លោក ហុង សុខហួរ ត្រូវចាប់បានជាក់ស្ដែងពាក់ព័ន្ធ ”ការក្លែងលិខិតសាធារណៈ របស់ជាតិ” ហើយនគរបាលអាចចាប់ខ្លួនបាន ទោះបីជាលោកមានអភ័យឯកសិទ្ធិសមាជិកសភាដែលអាចការពារខ្លួនលោក ពីការចាប់ខ្លួន ឬការផ្ដន្ទាទោសក៏ដោយ។
រដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យនគរបាលមិនចាំបាច់អើពើចំពោះអភ័យឯកសិទ្ធិឡើយ នៅ ពេលតំណាងរាស្ត្រណាម្នាក់ត្រូវចាប់បានពេលកំពុងប្រព្រឹត្តបទ ល្មើស ហើយលោក ហ៊ុន សែន បានមានប្រសាសន៍ថា សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ៤៦រូបនៅក្នុងស្ថាប័នដែល មាន៦១អាសនៈនេះ អាចបោះឆ្នោតដកអភ័យឯកសិទ្ធិរបស់លោក ហុង សុខហួរ យ៉ាងងាយស្រួល។
លោកលើកឡើងយ៉ាងដូច្នេះថា “សមាជិកព្រឹទ្ធសភា អត់មានអីពិបាកទេ ព្រោះសំឡេងរបស់គណបក្សប្រជាជន លើស២ភាគ៣ហើយ [ពួកគេអាច] ដកហូតអភ័យឯកសិទ្ធិផ្ដន្ទាទោស។ ពីមុនចោទថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ យើងអត់ទាន់ថាអីទេ។ អាឡូវនេះបង្ហោះផែនទី ជាបទល្មើសជាក់ស្ដែងដែលត្រូវចាប់ខ្លួន បន្ទាន់”។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានដើរតួនាទីយ៉ាងសកម្មនៅក្នុងយុទ្ធនាការគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះក្នុងការលាតត្រដាងការឈ្លានពានរបស់វៀតណាម ចូលក្នុងទឹកដីកម្ពុជា។
កាលពីខែមុន លោក ហុង សុខហួរ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីប្រមូលយកផែនទីព្រំដែនដែលគណបក្សសង្គ្រោះជាតិ និយាយថា ខ្លួននឹងប្រើប្រាស់ដើម្បីពិនិត្យមើលថា តើរដ្ឋាភិបាលបានបោះ បង្គោលព្រំដែនត្រឹមត្រូវឬក៏អត់ បន្ទាប់ពីគណបក្សប្រឆាំងអះអាង ថា រដ្ឋាភិបាលបានកាត់ដីដោយខុសច្បាប់ឲ្យទៅវៀតណាម។
នៅ ក្នុងសុន្ទរកថារបស់លោកកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានព្រមានលោក ហុង សុខហួរ ដែលមានសញ្ជាតិបារាំង កុំឲ្យភៀសខ្លួនទៅបរទេស ឬស្វែងរកការជ្រកកោននៅក្នុងស្ថានទូត បរទេស ដោយលើកឡើងថា អ្វីដែលលោកបង្ហោះតាមហ្វេសប៊ុក គឺជាទង្វើក្បត់ជាតិ ហើយអាចនឹងធ្វើឲ្យសង្គ្រាមផ្ទុះឡើងជាមួយវៀតណាម។
លោកបាន លើកឡើងថា ”សូមស្ថានទូតនានាកុំទទួលយកមនុស្សណាដែលរត់ចូល ស្ថានទូត…។ ទូតនានាអត់ត្រូវលូកលាន់ទេ នេះជាទោសក្បត់ជាតិ។ សូមប្រជាពលរដ្ឋកុំបន្ទោសរដ្ឋាភិបាល ពីព្រោះទោសក្បត់ជាតិមិនអាច អត់ឱនឲ្យបានទេ។ បើមានចលនាត្រូវបានកើតឡើងដោយសារការញុះញង់ បំបែកបំបាក់រវាងប្រទេស និងប្រទេស បណ្ដាលឲ្យមានវិវាទជាមួយប្រទេសជិតខាង តើអ្នកណាជាអ្នកទទួលខុសត្រូវ បើសង្គ្រាមកើតឡើង? [អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ] ពោធិ៍ចិនតុង និងច្រកត្រួតពិនិត្យផ្សេងៗទៀតបានបិទអស់ហើយ។ ដូច្នេះ ត្រូវចាប់មនុស្សនេះ ហើយកុំបណ្ដោយឲ្យមនុស្សនេះរត់ចូលស្ថានទូតបរទេសឲ្យសោះ”។
លោក ស៊ឹម វុទ្ធី ស្នងការរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អគ្គស្នងការដ្ឋាននគរបាលជាតិ គឺជាអ្នកដោះស្រាយករណីនេះ។ ទាក់ទិនបញ្ហានេះ មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិ មិនអាចទាក់ ទងសុំការបំភ្លឺបានទេ។
ប្រហែល១ម៉ោងបន្ទាប់ពីសុន្ទរកថាពេល ព្រឹករបស់លោក ហ៊ុន សែន លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី មានប្រសាសន៍តាមទូរស័ព្ទថា លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួននៅទីស្នាក់ការកណ្ដាលរបស់គណបក្ស សង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណា លោក សម្បតិ្តិ ដេវីត ជំនួយការផ្ទាល់របស់លោក ហុង សុខហួរ បានបញ្ជាក់ថា ការអះអាងរបស់លោក គង់ គាំ មិនត្រឹមត្រូវទេ ហើយថា សមាជិកព្រឹទ្ធសភារូបនេះកំពុងតែលាក់ខ្លួន។ “គាត់មិនទាន់ត្រូវបានចាប់ខ្លួនទេ។ ពេលនេះគាត់កំពុងលាក់ខ្លួន ហើយខ្ញុំអាចនិយាយបានថា គាត់នៅកន្លែងមានសុវត្ថិភាព”។
កាលពីម្សិលមិញ ទូរស័ព្ទផ្ទាល់ខ្លួនរបស់លោក ហុង សុខហួរ បានរោទិ៍ឡើង ប៉ុន្តែគ្មានអ្នកលើកទេ។ លោក ទាវ វ៉ាន់ណុល សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មួយរូបទៀត បានមានប្រសាសន៍ថា លោកមិនដឹងថា លោក ហុង សុខហួរ កំពុងលាក់ខ្លួននៅទីណាឡើយ។ លោកថ្លែងថា “ថ្ងៃនេះខ្ញុំបានព្យាយាមទូរស័ព្ទទៅគាត់ ប៉ុន្តែទាក់ទងមិនបាន សោះ។ ខ្ញុំមិនដឹងថា គាត់នៅកន្លែងណាទេ។ រហូតមកទល់ពេលនេះ ខ្ញុំគ្រាន់តែអាចបញ្ជាក់បានថា គាត់កំពុងនៅកន្លែងមាន សុវត្ថិភាព”។
លោក នីកូឡាស បូឌុង (Nicolas Baudouin) អ្នកនាំពាក្យស្ថានទូតបារាំងថ្លែងតាមទូរស័ព្ទថា សមាជិកព្រឹទ្ធសភាដែលមានសញ្ជាតិបារាំង រូបនេះ មិនស្ថិតនៅស្ថានទូតនេះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង មិនបានឆ្លើយតបសំណើសុំឆ្លើយបំភ្លឺទេ។ ទោះជាយ៉ាងណា គណបក្ស សម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយច្រានចោលការអះអាងរបស់លោក ហ៊ុន សែន ដែលអះអាងថា ការបង្ហោះតាមហ្វេសប៊ុករបស់លោក ហុង សុខហួរ ជាទង្វើក្បត់ជាតិ។
គណបក្សនេះបានលើកឡើងថា ”គណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្ស សម រង្ស៊ី បានពិនិត្យ [រឿងនេះ] ហើយយល់ថា ការប្រើឯកសារមិនផ្លូវការ និងការបកស្រាយរបស់លោក ហុង សុខហួរ ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា មិនមែនជាអំពើក្បត់ជាតិដូចការ ចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីទេ។ ប្រសិនបើការប្រើឯកសារ និងការបកស្រាយមិនត្រឹមត្រូវ លោក ហុង សុខហួរ អាចធ្វើការកែតម្រូវចំពោះសាធារណមតិឡើងវិញ”៕សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)