28 C
Phnom Penh

​សមាជិកព្រឹទ្ធ​សភា​​រត់​គេច​ខ្លួន ខណៈ​ដែល​លោក​ រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហុង​ សុខហួរ ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​កំពុង​គេច​ខ្លួន​នៅ​ឡើយ​កាលពី​ថ្ងៃ​សុក្រ ដោយ​ក្រសួង​មហាផ្ទៃ​​​អំពាវ​នាវ​ឲ្យ​សាធារណជន​ផ្ដល់​ព័ត៌មាន​ទាក់​ទង​នឹង​កន្លែង​​លាក់​ខ្លួន​របស់​លោក។

យោង​តាម​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត​​ឲ្យ​ដឹង​ថា ​លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​​​ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោក សុខហួរ ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​អាទិត្យ ​ហើយ​នឹង​ស្វែង​រក​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​​ដើម្បី​​រារាំង​មិន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​រូប​នោះ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ​លោក​មិន​ច្បាស់​​​ថា​តើ​មាន​​ការ​ចេញ​ដីកា​​ចាប់​ខ្លួន​​លោក សុខហួរ ឬយ៉ាង​ណា​ទេ ដែល​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខឹង​ដោយសារ​តែ​បង្ហោះ​សន្ធិសញ្ញា​ក្លែង​ក្លាយ​ទាក់​ទង​នឹង​ព្រំដែន​កម្ពុជា​ជាមួយ​នឹង​វៀតណាម​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​។ ប៉ុន្តែ​អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​និយាយ​ថា ប៉ូលិស​កំពុង​តែ​តាម​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​រូប​នោះ​យ៉ាង​សកម្ម​។

នាយ​ឧត្ដម​សេនីយ៍ សុភ័គ បាន​មាន​ប្រសាសន៍​ថា “​រហូត​មក​ដល់ពេល​នេះ​ យើង​មិនទាន់​បាន​ចាប់​ខ្លួន​គាត់​នៅ​ឡើយ​ទេ ព្រោះ​គាត់​គេច​ខ្លួន​។ យើង​កំពុង​តែ​ស្វែង​រក​គាត់​។ យើង​នឹង​អំពាវ​នាវ​ឲ្យ​​សាធារណជន​ ប្រសិន​បើ​គេ​ដឹង​​​ថា​គាត់​នៅ​កន្លែង​​ណា​ សូម​ទាក់ទង​ប៉ូលិស​”។

នាយ​ឧត្ដម​សេនីយ៍ សុភ័គ បាន​មាន​ប្រសាសន៍​ថា លោក សុខហួរ ​​ដែល​មាន​សញ្ជាតិ​បារាំង​​​បាន​ស្ថិត​នៅ​ឯ​ស្ថានទូត​កាលពី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​​បន្ទាប់ពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​បាន​ចាក​ចេញ​​ពី​ទី​នោះ​មុន​ថ្ងៃ​ត្រង់។

អ្នក​នាំពាក្យក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​គាត់​បាន​ចាក​ចេញ​ពី​ស្ថានទូត​បារាំង​កាលពី​ម្សិលមិញ​មុន​ម៉ោង​១២​ថ្ងៃ​ត្រង់។ នេះ​ជា​ព័ត៌មាន​ដែល​យើង​បាន​ទទួល”។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​បន្ថែម​ថា ​បទ​ល្មើស​របស់​លោក សុខហួរ តម្រូវ​ឲ្យ​មាន​វិធានការ​ជា​បន្ទាន់​ដោយប៉ូលិស​ ដោយ​មិន​គិត​ដល់​ថា​តើ​​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ហើយ​ឬយ៉ាង​ណា​ទេ​។

នាយ​ឧត្ដម​សេនីយ៍ សុភ័គ បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ព័ត៌មាននេះ​មាន​បំណង​ញុះញង់​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​រដ្ឋាភិបាល​ ដូច្នេះ​នេះជា​បំណង​អាក្រក់​​​របស់​​​មនុស្ស​នោះ ​ដូច្នេះ​ការ​ចាប់​ខ្លួន​ត្រូវ​តែ​ធ្វើ​ជា​បន្ទាន់​”។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ ហ៊ុន សែន បាន​ចោទ​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ថា​ក្បត់​ជាតិ​ចំពោះ​ការ​​បង្ហោះ​សន្ធិសញ្ញា​ក្លែង​ក្លាយ​ដែល​បង្ហាញ​ថា លោក ហេង សំរិន ​ជា​ប្រមុខ​រដ្ឋកម្ពុជា​​ក្នុង​ឆ្នាំ​​១៩៧៩​ ​ថា​សន្យា​រំលាយ​ចោល​នូវ​​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ​”​មាន​ការ​​បង្ហោះ​តាម​ហ្វេសប៊ុក​​​អំពី​សន្ធិសញ្ញា​ក្លែង​ក្លាយ​មួយ​​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ត្រូវ​ធ្វើ​ហើយ​។ បង្ហោះ​ទាំង​សន្ធិសញ្ញា​ក្លែង​ក្លាយ​នោះ និង​ធ្វើ​អត្ថាធិប្បាយ​ដោយ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​​​។ ដូច្នេះ​យើង​មិន​អាច​យោគយល់​បានទេ”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​​អភ័យ​ឯកសិទ្ធិរបស់​លោក សុខហួរ ជាសមាជិក​ព្រឹទ្ធសភា​អាច​ដក​បាន​​យ៉ាង​ងាយ​ដោយ​សមាជិក​​ភាគ​ច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​ព្រឹទ្ធសភា​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ពី​មុន​ថា រដ្ឋាភិបាល​​ប្រើ​ផែនទី​ក្លែង​ក្លាយ​ យើង​អត់​ទាន់​ថា​អី​ទេ ឥឡូវ​មក​បង្ហោះ​ផែនទី​ ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង​​ដែល​ត្រូវ​ចាប់​ខ្លួន​បន្ទាន់​”។

លោក អ៊ូ ច័ន្ទរិទ្ធ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ដីទី​បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ​គណបក្ស​បាន​​ទាក់​ទង​រដ្ឋាភិបាល​​​ក្នុង​ការ​ពិភាក្សា​អំពី​ការ​ដោះ​ស្រាយ​ស្ថានការណ៍​​មិន​ឲ្យ​ចាប់​ខ្លួន​លោក សុខហួរ។

លោក​ ច័ន្ទរិទ្ធ បានមាន​ប្រសាសន៍​ថា “​យើង​មិន​ដឹង​កន្លែង​លាក់​ខ្លួន​របស់​លោក ហុង សុខហួរ​ ទេ​ ហើយ​តាម​ពិត​ទៅ​យើង​​ពិភាក្សា​ខ្លះៗ​ទាក់​ទង​នឹង​បញ្ហា​នោះ​។ យើង​​មិន​អាច​និយាយ​ច្រើន​បាន​ទេ​ យើង​​ពិភាក្សា​បញ្ហាខ្លះៗ​ជាមួយ​​មន្ត្រី​រដ្ឋាភិបាល​​។ ខ្ញុំមិន​អាច​​រៀប​រាប់​ពិស្ដារ​បាន​ទេ”។

លោក ច័ន្ទ​រិទ្ធ បាន​មាន​ប្រសាសន៍​ថា សមាជិក​ព្រឹទ្ធសភា​រូប​នោះ​មិន​មាន​បំណង​ផ្សព្វ​​​​ផ្សាយ​ព័ត៌មាន​មិន​​ពិត​ទេ​។

លោក​​បានមាន​ប្រសាសន៍​ថា “​ប្រសិន​បើ​គាត់​ដក​ស្រង់​ប្រភព​ខុស​ ឬ​មាន​ប្រភព​មិន​គួរ​ឲ្យ​ជឿទុកចិត្ត​ គាត់​គួរ​សុំទោស​​ឬ​កែតម្រូវ​​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ឬ​បោះពុម្ព”។

លោក ទាវ វណ្ណុល​ ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​បានមានប្រសាសន៍​ថា លោក ​រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​​នឹង​​វិល​​ត្រឡប់​​​មក​កម្ពុជា​ពី​ដំណើរ​របស់លោកទៅ​កាន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។

សមាជិកព្រឹទ្ធសភា​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​​ហើយ​នៅ​ពេល​នោះ​លោក​នឹង​ចរចា​ជាមួយ​រដ្ឋាភិបាល​​​ដើម្បី​ឲ្យ​ឃើញ​ថា​តើ​យើង​អាច​​សម្រុះ​សម្រួល​​ហើយឈប់​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ ឬយ៉ាង​ណា​ នេះគឺ​ជា​គម្រោង​​”។​

លោក រង្ស៊ី ​មិន​បាន​ឆ្លើយ​តប​​នឹង​សំណើ​សុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​បានទេ​។

ទោះ​ជាយ៉ាង​នេះ​ក្ដី​ លោក សុខ ឥសាន អ្នកនាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ករណី​របស់​លោក សុខហួរ គឺ​ជា​បញ្ហា​​ផ្លូវ​ច្បាប់​​ដែល​មិន​អាច​​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​បាន​ទេ។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា មិនពិបាក​ទេ​សម្រាប់​មេដឹកនាំ​​គណបក្ស​សង្គ្រោះជាតិ​​ក្នុងការ​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​ថា​ សម្ដេច​តេជោ ហ៊ុន សែន តែង​តែ​បើក​ចំហ​ក្នុង​ការ​ជួប​ជាមួយ​នឹងពួកគេ​ដើម្បី​ពិភាក្សា​​បញ្ហា​ផ្សេងៗ​”។ អ្នក​នាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​មានប្រសាសន៍​ថា “​ប៉ុន្តែ​គោល​បំណង​នៃ​ការ​ចរចា​​ត្រូវ​តែ​ប្រាកដ​ប្រជា​ ពីព្រោះ​វប្បធម៌​សន្ទនា​អាច​​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​ ប៉ុន្តែ​ការ​ពិភាក្សា​ដែល​​ជ្រៀត​ជ្រែក​ស្ថាប័ន​យុត្តិធម៌​ និង​បទល្មើស​ព្រហ្មទណ្ឌ​មិន​អាចធ្វើ​ទៅ​កើត​ទេ”។

លោក ឥសាន បាន​មានប្រសាសន៍​បន្ថែម​ថា បទ​ល្មើស​របស់​លោក សុខហួរ ត្រូវ​តែ​ផ្ដន្ទា​ទោស​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​យើង​គិត​ថា គាត់​​ក្លែង​ ‘សន្ធិសញ្ញា’ ដោយ​មាន​បំណង​អាក្រក់​ដើម្បី​មូល​បង្កាច់​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់​រំលាយ​ចោល​​បន្ទាត់​ព្រំដែន”។

លោក ឥសាន បានមាន​ប្រសាសន៍ថា ​​”​ដោយ​សារ​តែ​​ [លោក សុខហួរ] ចង់​ឲ្យ​​ពលរដ្ឋ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ នេះ​ជា​ហេតុ​ដែល​សម្ដេច​តេជោ​ ហ៊ុន សែន បាន​ប្រកាស​ថា ​ទង្វើ​បែប​ហ្នឹង​​គឺ​ក្បត់​ជាតិ​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ”៕ រើន (រាយការណ៍​បន្ថែម​ដោយ​ គុច ណារ៉េន​)​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស