ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្លែងបន្លំ និងញុះញង់កាលពីចុងសប្តាហ៍កន្លងទៅចំពោះការបង្ហោះសន្ធិសញ្ញាក្លែងក្លាយមួយជាមួយវៀតណាមតាមហ្វេសប៊ុក។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍លោក ហ៊ុន សែន បានចាត់ទុកការប្រើប្រាស់របស់លោក ហុង សុខហួរ នូវសន្ធិសញ្ញាក្នុងបំណងបង្ហាញថា លោក ហេង សំរិន អតីតប្រមុខរដ្ឋបានព្រមព្រៀងនៅក្នុងឆ្នាំ១៩៧៩ ដើម្បីរម្លាយព្រំដែនជាមួយវៀតណាម ថាជា ”ការក្បត់ជាតិ” ហើយបានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួន និងផ្តន្ទាទោសលោក។
យោងតាមលោក អេង សោភា នាយការិយាល័យនគរបានព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឱ្យដឹងថា នៅម៉ោង៦ព្រឹកថ្ងៃសៅរ៍ នគរបាលប្រដាប់ដោយកាំភ្លើងវែង បានអនុវត្តតាមបទបញ្ជារបស់លោក ហ៊ុន សែន ដោយចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះនៅគេហដ្ឋានរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិមួយរូប នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កាលព្រឹកម្សិលមិញ ក្រោយពេលសាកសួរ និងដែលមាននគរបាលប្រដាប់អាវុធមួយក្រុមរង់ចាំនៅខាងមុខសាលារាជធានី ចៅក្រមស៊ើបសួរ កោ វណ្ឌី បានសរសេរលិខិតផ្ញើទៅព្រឹទ្ធសភាដើម្បីជម្រាបថា លោកបានចោទប្រកាន់ និងដាក់ពន្ធនាគារលោក ហុង សុខហួរ ហើយ។
លោកសរសេរថា “ខ្ញុំក្នុងឋានៈជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនឈ្មោះ ហុង សុខហួរ អាយុ៥៩ឆ្នាំ ជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពីបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងក្លាយ និងបទញុះញង់ដើម្បីបង្កចលាចលក្នុងសង្គម”។
នៅក្នុងការសម្រេចបទចោទប្រកាន់ទាំងនេះ ចៅក្រមរូបនេះបានលើកឡើងពីមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើលោក ហុង សុខហួរ ដែលមានសញ្ជាតិបារាំង ត្រូវតុលាការសម្រេចឱ្យជាប់ពិរុទ្ធភាពពីបទចោទប្រកាន់ទាំងនេះ លោកនឹងប្រឈមការជាប់ពន្ធនាគារពី៧ឆ្នាំកន្លះដល់១៧ឆ្នាំ។
ក្នុងឋានៈជាសមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតគណបក្សងសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ដ៏ចម្រូងចម្រាស លោក ហុង សុខហួរ មានអភ័យឯកសិទ្ធិអាចការពារខ្លួនលោកពីការផ្តន្ទាទោសតាមផ្លូវច្បាប់ដែលមិនទាន់ត្រូវបានដកចេញនៅឡើយ។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច មានសំឡេងភាគច្រើន២ភាគ៣នៅក្នុងព្រឹទ្ធសភា ហើយអាចដកអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភារូបនេះបានយ៉ាងងាយ។នៅក្នុងលិខិតរបស់លោកផ្ញើទៅកាន់ព្រឹទ្ធសភា ចៅក្រម កោ វណ្ឌី បានលើកឡើងថា ការដកអភ័យឯកសិទ្ធិរបស់លោក ហុង សុខហួរ គឺជារឿងសមហេតុផល។
ខណៈលោក ហ៊ុន សែន បានចោទប្រកាន់លោក ហុង សុខហួរ ចំពោះការបង្ហោះសន្ធិសញ្ញាក្លែងក្លាយនេះតាមហ្វេសប៊ុកដោយផ្ទាល់ ចៅក្រម កោ វណ្ឌី បានមានប្រសាសន៍ថា បទល្មើសរបស់លោក ហុង សុខហួរ បានកើតឡើងនៅក្នុងវីដេអូឃ្លីបមួយដែលមានរយៈពេល១១នាទីបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
លោក ហុង សុខហួរ បានដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការមួយរបស់គណបក្សង្គ្រោះជាតិកាលពីពេលថ្មីៗនេះដើម្បីលាតត្រដាងការទន្ទ្រានចូលក្នុងទឹកដីកម្ពុជា ពីសំណាក់វៀតណាម ដោយលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីប្រមូលយកផែនទីដែលគណបក្សប្រឆាំងនិយាយថា ខ្លួននឹងប្រើប្រាស់ដើម្បីពិនិត្យមើលថា តើបង្គោលព្រំដែនត្រូវបានបោះដោយត្រឹមត្រូវដែរឬទេ។
នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិកាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភារូបនេះបានប្រើប្រាស់ផែនទីទាំងនេះមកធ្វើជាឯកសារយោង ខណៈថ្លែងសុន្ទរកថាក្នុងបំណងបង្ហាញថា កម្ពុជា បានបាត់បង់ទឹកដីមួយភាគធំទៅលើវៀតណាម ដោយខុសច្បាប់។ ចៅក្រម កោ វណ្ឌី បានលើកឡើងអំពីរូបភាពនៃសុន្ទរកថានោះនៅក្នុងលិខិតរបស់លោក។
លោកសរសេរថា “នៅក្នុងវីដេអូឃ្លីបនេះ ឈ្មោះ ហុង សុខហួរ បានធ្វើការបកស្រាយអះអាងអំពីខ្លឹមសារនៃប្រការ៤នៃសន្ធិសញ្ញាឆ្នាំ១៩៧៩ថា លោក ហេង សំរិន ដែលជាប្រមុខរដ្ឋកម្ពុជា បានចុះហត្ថលេខាជាមួយប្រមុខរដ្ឋរបស់ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧៩ថា ប្រទេសទាំងពីរបានឯកភាពគ្នារម្លាយព្រំដែនរដ្ឋទាំងពីរ”។
លោកពន្យល់ថា វីដេអូឃ្លីបនោះបង្ហាញពីច្បាប់ចម្លងមួយនៃសន្ធិសញ្ញាឆ្នាំ១៩៧៩ដោយមានមាត្រា៤ត្រូវបានហាយឡាយ ដែលផ្នែកខ្លះនៃមាត្រានោះសរសេរថា ”ភាគីទាំងពីរនឹងធ្វើកិច្ចចរចាដើម្បីចុះហត្ថលេខាសម្រាប់រម្លាយព្រំដែនជាតិប្រទេសទាំងពីរ… ហើយភាគីទាំងពីរសម្រេចចិត្តមុតមាំដើម្បីកែប្រែព្រំដែននេះឱ្យទៅជាព្រំដែន នៃសន្តិភាព មិត្តភាព ស្ថិតស្ថិររវាងប្រទេសទាំងពីរ”។
ចៅក្រម កោ វណ្ឌី បានមានប្រសាសន៍ថា វាក្យខណ្ឌនេះគឺជាការប្រឌិតយ៉ាងច្បាស់ក្រឡែត ហើយថា មាត្រា៤នៃសន្ធិសញ្ញានេះគ្រាន់តែចែងថា ”ភាគីទាំងទាំងពីរសុខចិត្តដោះស្រាយតាមកិច្ចចរចាដោយសន្តិវិធី នូវទំទាស់ជាយថាហេតុក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន” ប៉ុណ្ណោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ពីអឺរ៉ុបកាលពីខែមុនថា លោកជឿថា សេចក្តីសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ១១រូបឱ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំពីបទ “កុបកម្ម” ពាក់ព័ន្ធការតវ៉ាហិង្សាមួយកាលពីឆ្នាំមុន គឺជាសារប្រាប់ឱ្យគណបក្សលោកបញ្ឈប់យុទ្ធនាការព្រំដែនរបស់ខ្លួន។
វិលត្រឡប់មកកម្ពុជាវិញភ្លាមៗបន្ទាប់ពីលោក ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់ និងដាក់ពន្ធនាគារកាលពីម្សិលមិញ ប្រធានគណបក្សប្រឆាំងរូបនេះហាក់មានការប្រយ័ត្នប្រយែងជាមុន ដោយលោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ក្ដីបារម្ភចម្បងរបស់លោកគឺការដោះលែងសកម្មជន និងលោក ហុង សុខហួរ។
លោកបានមានប្រសាសន៍ថា ”រឿងអីក៏មានការទាក់ទងគ្នាដែរ តែយើងមិនចាំបាច់អត្ថាធិប្បាយច្រើនទេ អ្វីដែលសំខាន់គឺលទ្ធផលចុងក្រោយ។ ខ្ញុំចង់ឃើញអ្នកដែលគេចាប់យកទៅឃុំឃាំងត្រូវបានដោះលែងទាំងអស់គ្នា”។
លោកបានបន្តថា “សង្ឃឹមថា ស្ថានការណ៍នឹងមានភាពធូរស្រាលបន្តិចទៀតនេះ ឥឡូវនេះមានភាពតានតឹង តែខ្ញុំនឹងខិតខំប្រើមធ្យោបាយត្រជាក់ដើម្បីធ្វើឲ្យសភាពការណ៍វិលមកធម្មតាវិញ។មិនប៉ះពាល់ដល់ ‘វប្បធម៌សន្ទនា’ ទេ…។ ទោះជាមានផែនការ មានស្ថានការណ៍តានតឹងយ៉ាងម៉េច យើងត្រូវតែខិតខំធ្វើឲ្យបំបាត់ភាពតានតឹងនោះ”។
លោកស្រី គុណ លម្អង ភរិយារបស់លោក ហុង សុខហួរ និងជាបេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្តតាកែវ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា ការចាប់ខ្លួនស្វាមីរបស់លោកស្រីជារឿងអយុត្តិធម៌ និងជាការរំលោភសិទ្ធិរបស់លោកក្នុងឋានៈជាសមាជិកព្រឹទ្ធសភា។
លោកស្រីបានមានប្រសាសន៍ទាំងទឹកភ្នែកថា ”បងប្អូន តើឯណាទៅយុត្តិធម៌? នេះជាការរំលោភនីតិវិធីច្បាប់ ពីព្រោះប្ដីរបស់ខ្ញុំនៅមានអភ័យឯកសិទ្ធិនៅឡើយ ប៉ុន្តែគេបែរជាឃុំខ្លួនគាត់នៅ [ពន្ធនាគារ] ព្រៃស”។
យោងតាមរដ្ឋធម្មនុញ្ញចែងថា នគរបាលអាចឃាត់ខ្លួនសមាជិកព្រឹទ្ធសភាបាន ប្រសិនបើសមាជិកព្រឹទ្ធសភារូបនោះត្រូវចាប់បានពេលកំពុងប្រព្រឹត្តបទល្មើស ហើយបន្ទាប់មកស្នើសុំទៅព្រឹទ្ធសភាដើម្បីដកអភ័យឯកសិទ្ធិ។ នៅក្នុងលិខិតរបស់លោក ចៅក្រម កោ វណ្ឌី បានលើកឡើងពីចំណុចនេះដើម្បីការពារការចាប់ខ្លួនលោក ហុង សុខហួរ។
លោក សម រង្ស៊ី ក៏បានផ្ដល់ការគាំទ្រជាបណ្តោះអាសន្នដែរចំពោះការអំពាវនាវរបស់លោក ហ៊ុន សែន កាលពីសប្ដាហ៍មុនឲ្យធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យរដ្ឋាភិបាលប្រើប្រាស់ផែនទីអាណានិគមនិយមបារំាំង ដែលគូសនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដើម្បីកំណត់ព្រំដែន។
យុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល៣ខែមកនេះ ដើម្បីបង្ខូចការងារកំណត់ព្រំដែនរបស់រដ្ឋាភិបាល បានផ្ដោតលើការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាបាននិងកំពុងប្រើប្រាស់ផែនទីគូសដោយវៀតណាម អំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
គណបក្សប្រជាជនកម្ពុជា បានបដិសេធមិនព្រមបញ្ចេញជាសាធារណៈឡើយនូវផែនទីដែលខ្លួនបានប្រើប្រាស់ដើម្បីកំណត់ព្រំដែន ជាហេតុជំរុញឲ្យគណបក្សសង្គ្រោះជាតិផ្តើមធ្វើយុទ្ធនាការនេះ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងពិចារណាឲ្យតំណាងរាស្ត្រគណបក្សគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រសិនបើមាត្រាបច្ចុប្បន្នត្រូវបានជំនួសដោយមាត្រាមួយដែលអនុញ្ញាតឲ្យប្រើប្រាស់ផែនទីបារាំង ដែលគូសនៅចន្លោះឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។
លោកថ្លែងថា ”យើងគួរណាយកផែនទីក្នុងអតីតកាលទាំងអស់មកទល់នឹងឆ្នាំ១៩៥៣ និងឆ្នាំ១៩៥៤។ មិនបាច់កំណត់ថាចាប់ពីឆ្នាំ១៩៥៣ទេ។ ផែនទីណាដែលចំណេញដល់កម្ពុជា យើងសំអាងលើផែនទីនោះ”៕ សុខុម