លោក រៀល ខេមរិន្ទ្រ សមាជិកសភាគណបក្សប្រឆាំងបានសរសេរលិខិតផ្ញើជូនអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយបដិសេធការចោទប្រកាន់ដែលថា លោកកេងប្រវ័ញ្ចភាគច្រើននៃប្រាក់៥៥.០០០ដុល្លារ ដែលតាមចោទថា លោកបានរៃអង្គាសដើម្បីចំណាយសម្រាប់ដំណើរទៅពិនិត្យព្រំដែនជាប់ប្រទេសវៀតណាម។
កាលពីថ្ងៃទី៣១ ខែកក្កដា មិនដល់២សប្ដាហ៍ផងបន្ទាប់ពីលោក រៀល ខេមរិន្ទ្រ បានដឹកនាំអ្នកគាំទ្រប្រហែល២.៥០០នាក់ទៅពិនិត្យមើលការរំលោភបំពានព្រំដែនពីសំណាក់វៀតណាមនៅក្នុងខេត្តស្វាយរៀង លោក ឱម យ៉ិនទៀង ប្រធាន ACU បានសរសេរលិខិតផ្ញើជូនសមាជិកសភាគណបក្សសង្គ្រោះជាតិរូបនេះ ដោយស្នើសុំឲ្យលោកឆ្លើយតបចំពោះការអះអាងដែលថា លោកបានកេងប្រវ័ញ្ចប្រាក់នេះ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនកាលពីថ្ងៃសុក្រ ហើយទទួលបានកាលពីម្សិលមិញ លោក រៀល ខេមរិន្ទ្រ ដែលបច្ចុប្បន្ននេះស្ថិតនៅសហរដ្ឋអាមេរិកនោះបានបដិសេធការចោទប្រកាន់ដែលថា លោកបានរៃអង្គាសប្រាក់៥៥.០០០ដុល្លារ ហើយថា លោកបានយកប្រាក់ទាំងនេះដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដោយលើកឡើងថា ពួកគេមានបំណងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមជម្រាបឯកឧត្ដមថា ខ្ញុំមិនបានទទួល ឬកេងប្រវ័ញ្ចប្រាក់ចំនួនរាប់ម៉ឺនដុល្លារដែលប្រើប្រាស់ក្នុងការធ្វើដំណើរទៅពិនិត្យមើលបង្គោលព្រំដែននៅតាមព្រំដែនកម្ពុជា-វៀតណាម ដូចACUបានចោទប្រកាន់នោះឡើយ”។
លោក រៀល ខេមរិន្ទ្រ បានថ្លែងថា “ការចោទប្រកាន់នោះធ្វើឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។ ខ្ញុំបានទទួលប្រាក់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសសរុបចំនួន២០.៧៥០ដុល្លារសម្រាប់ប្រើក្នុងការធ្វើដំណើរទៅពិនិត្យមើលបង្គោលព្រំដែន”។
លោកលើកឡើងថា “ថវិកានេះចំណាយក្នុងការជួលរថយន្ត និងទិញទង់ជាតិ ម្ហូបអាហារ និងសម្ភារផ្សេងទៀត ហើយថវិកានោះត្រូវបានគ្រប់គ្រងដោយក្រុមការងារគណបក្សសង្គ្រោះជាតិ”។
ដោយសំដៅដល់ពាក្យបណ្ដឹងចំនួនបីដែល ACU បានលើកឡើងថា ខ្លួនទទួលបានទាក់ទងនឹងការកេងប្រវ័ញ្ចយកប្រាក់នោះ លោកបានបន្ថែមថា ”ខ្ញុំសូមស្នើឲ្យ ACU… ស្វែងរកមនុស្សអាក្រក់ដែលបានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ”។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនទាន់បានឃើញលិខិតរបស់លោក រៀល ខេមរិន្ទ្រ នៅឡើយទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើ ACU នឹងស៊ើបអង្កេតការអះអាងប្រឆាំងសមាជិកសភារូបនេះឬយ៉ាងណានោះឡើយ។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍បន្ថែមថា “លោកអ្នកគួរស្វែងយល់ពីច្បាប់ ពីព្រោះឥឡូវនេះវាមិនមែនជាដំណាក់កាលសម្រាប់ការស៊ើបអង្កេតឡើយ។ យើងនឹងធ្វើការស៊ើបអង្កេតលុះណាតែយើងទទួលបានភ័ស្តុតាងបន្ថែមទៀត។
លោកបានបន្ថែមថា “នៅពេលនេះ យើងនិយាយអំពីការប្រមូលព័ត៌មាន។ យើងកំពុងធ្វើការលើរឿងនេះ ហើយអ្នកបែរជាសួរខ្ញុំរឿងនោះទៅវិញ។ នោះមិនមែនជាការត្រឹមត្រូវឡើយ សូមពិនិត្យមើលច្បាប់ បើមិនដូច្នោះទេ សំណួរនេះគឺជាការបង្កហេតុហើយ”៕ សារុន