លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​​​​មាន​ប្រសាសន៍​ទៅ​កាន់​​​ក្រុម​អ្នក​យកព័ត៌មាន​នៅ​​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស កាលពី​ម្សិលមិញ បន្ទាប់ពី​សួរ​សុខទុក្ខ​សកម្មជន​​ដែល​ជាប់​ពន្ធនាគារ​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ទស្សនៈ

ការ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​​រឿង​ន​យោ​​​​​បាយ​ បន្ទុចបង្អាក់​​រូប​ភាព​​ទំនាក់​​​ទំនង​ល្អូក​ល្អិន​​រវាង​បក្ស​ទាំង​ពីរ​

By

August 18, 2015

ព័ត៌​​មាន​វិភាគ​

ដោយ​​​ប្រយ័ត្ន​ប្រយែងនៅ​ពេល​ប្រឈម​​​មុខ​នឹង​​​គ្រោះ​ថ្នាក់​ខាង​នយោ​បាយ​​​​កាន់​តែ​ខ្លាំង​​ឡើង​​​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ឃ្លាំមើល​អស់​​រយៈ​​​ពេល​បី​ខែ​មក​ហើយ ​ក្នុង​ពេល​ដែល​គណ​បក្សសង្គ្រោះ​ជាតិ​​ធ្វើ​យុទ្ធ​នា​ការ​​ប្រទូស​ប្រឆាំង​​ដោយ​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​​របស់​លោក​​ថា​ បាន​​កាត់​ទឹក​ដី​​កម្ពុជា មួយ​ភាគ​ធំ​ឱ្យ​ទៅ​វៀតណាម។

មិន​យូរ​ប៉ុន្មាន​​ ​ភាព​​ស្ងាត់​ស្ងៀម​របស់​លោក​​​បាន​​បើក​ផ្លូវ​​ឲ្យ​មាន​​ការ​​សុខចិត្ត​មិន​ធ្លាប់​មាន ដើម្បី​​កែ​តម្រូវ​​បង្គោល​ព្រំដែន​ដែល​បោះ​មិន​​​បាន​ត្រឹម​ត្រូវ​​នៅ​ក្នុង​ទឹក​ដី​របស់​កម្ពុជា ​និង​ការ​​​ដាក់​​សំណើ​​ទៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ ព្រម​ទាំង​​​​ប្រទេស​មួយ​ចំនួន​ទៀត​​​ដើម្បី​ស្នើសុំ​ផែន​​ទី​​​​កម្ពុជា យក​មក​​​ផ្ទៀង​ផ្ទាត់​ជា​មួយ​ផែន​ទីដែល​​រដ្ឋាភិបាល​កំពុង​​​ប្រើ​ប្រាស់​។

​បន្ទាប់​មក ពីរ​ថ្ងៃ​ក្រោយ​ពី​​លោក រៀល ខេមរិន្ទ្រ ​តំណាង​រាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ ​បាន​ដឹក​នាំ​​​​ប្រជា​ពល​រដ្ឋ​​ប្រមាណ​២.៥០០​នាក់​​ដើម្បី​ចុះ​ពិនិត្យ​​មើល​ការ​ទន្ទ្រាន​របស់​វៀតណាម ចូល​ក្នុង​ទឹក​ដី​ខេត្ត​ស្វាយ​រៀង​ សកម្ម​ជន​​គណប​ក្ស​ប្រឆាំង១១​រូប​​​ត្រូវ​​បាន​ផ្តន្ទា​ទោស​ភ្លាមៗ​ឱ្យ​ជាប់​ពន្ធ​នាគារ​​​​តាម​ការ​ចោទ​ប្រ​កាន់ពី​បទ​​ដឹកនាំ​ និង​ចូល​រួម​កុប​កម្ម។

លោក សម រង្ស៊ី បាន​​បក​ស្រាយ​​ពី​អឺរ៉ុប​មក​ថា សេចក្តីសម្រេច​នេះ​គឺ​ជា​សារ​​ប្រាប់​ទៅ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ឱ្យ​បញ្ឈប់​យុទ្ធ​នា​ការ​ព្រំ​ដែន​​របស់​ខ្លួន​ ​ប៉ុន្តែ​ប្រាំ​ថ្ងៃ​ក្រោយ​មក បែរ​ជា​​​ចោទ​ប្រ​កាន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​​ថា​បាន​គាំទ្រវៀតណាម ដែល​បាន​ចូល​ត្រួត​ត្រា​ទីតាំង​ដី​ដែល​លោក រៀល ខេមរិន្ទ្រ ​បាន​ចុះ​ទៅ​ពិនិត្យ​មើល។

​ទោះ​ជា​​យ៉ាង​ណា ប្រសិន​បើ​​ទោស​របស់​សកម្ម​ជន​ទាំង​នេះ​មិន​​បាន​ជះ​ឥទ្ធិ​ពលលើ​លោក សម រង្ស៊ី ទេ​នោះ ​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភាគ ណបក្ស​ប្រឆាំង ដែល​ជា​​មិត្ត​​ជិតស្និទ្ធ និង​ដែល​មាន​សញ្ជាតិ​បារាំងដូច​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍នោះ បាន​បង្ហាញ​ឱ្យឃើញ​​កាន់​តែ​ច្បាស់​ថែម​ទៀត ដោយ​លោក សម រង្ស៊ី ​បាន​សន្យា​កាល​ពី​ម្សិល​​​មិញ​​ថា ​នឹង​ឈប់​​​វាយ​ប្រហារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​លើ​បញ្ហា​ព្រំដែន។​​​​​​​​​​​​​​​​​

​​បន្ទាប់​ពី​​សួរ​សុខ​ទុក្ខ​​សកម្ម​ជន​ជាប់​ពន្ធ​នា​គារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​​​យក​ព័ត៌​មាន​ថា “យើង​ឈប់​ចាក់​ក្រឡេកគ្នា រឿង​អ្វីៗ​ទាំង​អស់ ពីព្រោះ​​ជួនណា មិន​ត្រូវ​មក​និយាយ​ជា​សាធារណៈ ជួនណា​វា​​ខូច​ការ​​ណ៍​វិញ​ទេ ​មិន​ទាន់​បានការ​ផង ​ការ​ងារ​កំពុង​តែ​ធ្វើ​ មិន​​​ទាន់​បាន​សម្រេច ​បើ​យើង​​និយាយ​ជា​សាធា​​​រណៈ​មក​លាត​ត្រដាង​ ជួនណាមាន​ខុស ជួន​ណាមាន​ត្រូវ​ វាបែក​​ភក់​បែក​ម៉ាំ វាអត់​​មាន​ចំណេញទេ។ តែ​បើ​យើង​​ធ្វើ​ការ​ជាមួយ​គ្នា វាមាន​ប្រសិទ្ធ​ភាព​ជាង​”។

លោក អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ និង​ជា​ស្ថាបនិក​វេទិកា​អនាគត ​​មាន​ប្រសា​សន៍​ថា លោក ហ៊ុន សែន ​បាន​​​បញ្ជូន​សារ​​យ៉ាង​ច្បាស់​ទៅ​​លោក សម រង្ស៊ី ថា ​ការ​យក​បញ្ហា​ព្រំដែន​​ធ្វើ​ជា​​រឿង​​នយោបាយ​ ​នឹង​​ធ្វើ​ឱ្យ​លោក​​​កាន់​តែ​​ផ្ទុះ​កំហឹង​​ខ្លាំងឡើង​។

លោក​បាន​លើក​ឡើង​ថា ”​ជា​​មូល​ដ្ឋាន កាល​ពី​ពេល​ថ្មីៗ​នេះ គណ​បក្ស​ប្រ​ជា​ជន​​បាន​​​ព្យាយាម​​ដោះ​បញ្ហា​​រសើប​ដ៏​ធំមួយ​​ដែល​​បាន​តាមលង​បន្លាច​ពួកគេ​ ហើយ​ពួកគេ​បាន​ធ្វើ​រឿង​នេះ​​​​តាម​រយៈ​ការ​បង្ហាញ​ថា ពួកគេ​​កំពុង​​​​ចាប់​ខ្លួន​​ជន​អន្តោ​ប្រវេសន៍​វៀតណាម ​និង​បញ្ជូន​​ពួកគេ​ត្រឡប់​ទៅ​វិញ។ ​​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ក្នុង​ស្រុក​​​ដែល​មាន​ទំនាក់​ទំនង​នឹង​គណ​បក្ស​ប្រ​ជា​ជន​​ថា ពួកគេ​កំពុងតាម​​ចាប់​ខ្លួន​ជន​ជាតិ​​វៀតណាម ហើយ​​​​ប្រឆាំង​ការ​​​ប្រើ​វោហា​រសាស្ត្រ​​​របស់​គណ​បក្ស​ប្រឆាំងដើម្បី​បញ្ឈប់​​បញ្ហា​នយោ​បាយ​ដ៏​រសើប​​​នេះ​។ ហើយការដែល​​​ប្រ​ជា​ពល​រដ្ឋ​​រាប់​ពាន់​នាក់​​ទៅ​ព្រំដែន​ គឺ​ជា​​សេនា​រីយូ​ករណី​​អាក្រក់​បំផុត​​សម្រាប់​រឿង​នេះ​។ លោក ហ៊ុន សែន ​ចង់​​ធ្វើ​សេច​​ក្តី​ថ្លែង​ការណ៍​​អំពី​រឿង​នេះ​”។

លោក សម រង្ស៊ី ​​មាន​ប្រសាសន៍​ថា ​ការ​ចាប់​​​ខ្លួន​បែប​នេះ​​មិន​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់ “វប្បធម៌​សន្ទ​នា”​ ជា​​មួយ​លោក ហ៊ុន សែន ដែល​បាន​ចាប់​​ផ្តើម​​បន្ទាប់​ពី​មាន​​​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​កាល​ពី​ឆ្នាំមុន ​និង​ដែល​មាន​បំណង​លើក​កម្ពស់​បរិយា​កាស​គ្មាន​ការ​គំរាមកំហែង​ និង​អំពើ​ហិង្សា​​នៅ​មុន​​ការ​​បោះ​​​ឆ្នោត​​ជ្រើស​តាំង​តំណាងរាស្ត្រ​​ឆ្នាំ​២០១៨​ឡើយ។​​​​​​​​​​​​​​​​​​​​​​

លោក កែម ឡី ​អ្នក​វិភាគ​នយោបាយ​ឯក​​រាជ្យ​​ដែល​ក្នុង​ពេល​ថ្មីៗ​នេះ​​បាន​ជួយ​បង្កើត​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ ដើម្បី​ជា​ជម្រើស​មួយ​ផ្សេង​ក្រៅ​​ពី​គណបក្ស​ធំៗ​​ទាំង​ពីរ ​​បាន​លើក​ឡើង​ថា ការដែល​លោក សម រង្ស៊ី មិន​អាច​ជួយ​អ្វី​បាន​​ក្នុង​ពេល​ប្រឈមនឹង​ការ​​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​រឿង​នយោបាយ ​បង្ហាញ​ឲ្យ​​​ឃើញ​ថា “វប្បធម៌សន្ទនា”​​របស់​លោក​ជាមួយ​​​លោក​នាយករដ្ឋមន្ត្រី​គ្មាន​​ប្រយោជន៍​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ចាប់តាំង​ពី​ដើម​ទី​រហូត​មក​ទល់ពេល​នេះ វប្បធម៌​សន្ទនា​​​​គ្មាន​ប្រយោជន៍​អ្វី​ទេ​។ វប្បធម៌​សន្ទនា​គួរ​តែ​មានយន្តការ​ច្បាស់​លាស់​​ដើម្បី​ដោះ​ស្រាយ​បញ្ហា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​តស៊ូ​​​​ប្រឆាំង​នឹង​រដ្ឋាភិបាល​​តទៅមុខ​ទៀត​ទេ​”។

លោក​​បាន​លើក​ឡើង​បន្ត​ថា លោក ហ៊ុន សែន ​​បាន​ព្យាយាម​​បង្ខំ​ឲ្យ​លោក សម រង្ស៊ី ​ទទួល​យក​នូវ​អ្វី​ដែល​លោកកំពុងតែ​ឃ្លាំមើល​​​យ៉ាងយកចិត្តទុកដាក់​។

​លោក​​មាន​ប្រសាសន៍​ថា ”​គោល​បំណង​សំខាន់​របស់រដ្ឋាភិបាល​ គឺ​ចង់​បញ្ចប់​សេរីភាព​បញ្ចេញ​មតិ​ជុំវិញ​បញ្ហា​ព្រំដែន​ ហើយ​ចង់​ធ្វើ​ឲ្យ​​មាន​ការ​កំណត់​បង្គោល​ព្រំដែន​ស្រប​ច្បាប់​ និង​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​គាំទ្រ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​​មក​ទល់​នឹង​ពេល​នេះ​នៅ​ក្នុង​ការ​​​ចរចា​ជាមួយ​​វៀតណាម​។ នេះ​គឺ​ជា​វប្បធម៌​នយោបាយ​របស់​គណបក្ស​ប្រជាជន​​”។

ប៉ុន្តែ​​លោក សម រង្ស៊ី បាន​លើក​ឡើង​​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ការ​ចាប់​ខ្លួន​​លោក ​​ហុង សុខហួរ និង​សកម្មជន​ផ្សេងៗ​ទៀត​​គឺ​ជា​និមិត្តរូប​​នៃ​​ភាព​ជោគជ័យ​ក្នុង​ពេល​ថ្មីៗ​​នេះ​របស់​គណបក្ស​ប្រឆាំង​​​ក្នុង​​ការ​ធ្វើ​ឲ្យ​​​​​​​​គណ​បក្ស​ប្រជាជន​កម្ពុជា​​រង​ផល​ប៉ះពាល់​ ហើយ​ថា វប្បធម៌​សន្ទនា​បាន​ជួយរារាំង​កុំ​ឲ្យ​ស្ថាន​ភាព​នយោបាយ​​ធ្លាក់​ក្នុងស្ថានភាព​​​ដ៏​អាក្រក់​​​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​ស្ថានភាព​អាច​នឹង​​អាក្រក់ខ្លាំង​នៅ​​ពេល​នេះ​ ​បើ​គ្មាន​វប្បធម៌​សន្ទនា​ ព្រោះ​ដោយ​សារ​វប្បធម៌​សន្ទនា​​ទើប​​​មាន​ការ​គ្រប់គ្រង​​ភាព​ខូច​ខាត​ និង​​​នៅ​តែមានការសន្ទនា​គ្នា​មួយចំនួន​​​។ ដោយ​​សារ​វប្បធម៌​សន្ទនា​នេះ​ យើង​​​​អាច​គ្រប់គ្រង​​ស្ថានភាព​បាន​”។

​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​តែ​អស់​សង្ឃឹម​។ ពួកគេ​កំពុង​តែ​ភ័យ​ខ្លាច​។ ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ​បង្ហាញ​​​ឲ្យ​ឃើញ​ថា ពួកគេ​កំពុង​តែ​​ភ័យ​ខ្លាច​ និង​បាត់​បង់​ជំហរ​។ ​វា​មិន​បង្ហាញ​ពី​ភាព​ខ្លាំង​​ទេ​។ ប្រសិន​​​​បើ​​ពួកគេ​​​​​ជឿជាក់​លើ​ប្រជាប្រិយភាព​របស់​ខ្លួន ​​ពួកគេ​មិន​ធ្វើ​អ៊ីចឹង​ទេ។ ឥឡូវ​នេះ ​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត​​ទេ​​​ [​ខឹង​ និង​មួម៉ៅ]​​ ដោយសារ​បញ្ហា​ព្រំដែន​។ នៅ​ពេល​យើង​បង្កើត​លក្ខខណ្ឌ​ដែល​ងាយ​ស្រួល​​ធ្វើ​ឲ្យ​​គាត់​ផ្លាស់​ប្ដូរ​​ចិត្ត​ យើង​អាច​រក​ឃើញ​​មតិរួម​​លើ​​​បញ្ហាដូចជា​បញ្ហា​​​ព្រំដែន​ជាដើម​”។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា លោក​សូម​អរ​គុណ​ដែល​​ឥឡូវ​នេះ​លោក សម រង្ស៊ី បាន​ទទួល​ស្គាល់​ថា​ខ្លួន​​​កំពុង​តែ​​រក​រឿង​រដ្ឋា​ភិបាល​​​ដោយ​​បើក​យុទ្ធនាការ​ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​ ប៉ុន្តែ​ថា លោក​មាន​ការ​សង្ស័យ​​ចំពោះ​​​ភាព​ស្មោះត្រង់​របស់​​​មេដឹកនាំ​គណបក្ស​ប្រឆាំង​​រូបនេះ​​​ដែល​ថា ខ្លួន​នឹង​បញ្ចប់​បញ្ហា​នេះ​។

លោក​មាន​ប្រសាសន៍​ថា ”​គាត់​ហាក់​ដូច​ជា​​​ទើប​ភ្ញាក់​ពី​ដេក​ ព្រោះ​​​កាល​ពី​មុន​គាត់​មិន​ដែល​និយាយ​អំពី​ការ​ចាក់​ក្រឡេក​រដ្ឋា​ភិបាល​ទេ​​ ហើយ​ឥឡូវ​នេះ​គាត់​បែរជាមាន​ប្រសាសន៍​​​អ៊ីចឹង​ ដូច្នេះ​​ហើយ​​គាត់​ដឹង​ថា វា​គឺ​ជា​កំហុស​របស់​គាត់​។ ពាក្យ​ ‘ចាក់​ក្រឡេក’ របស់​​​គាត់​មាន​ន័យ​ច្រើន​។ ​យើង​នឹង​រង់ចាំ​មើល​ថា តើ​គាត់​​​អាច​ធ្វើ​ដូច្នេះ​ [រក្សា​ពាក្យ​សន្យា​] បាន​ឬ​អត់។ ខ្ញុំ​មិន​ជឿ​ទេ​​”​៕  សុខុម និង​ ស៊ុយឈាង​​​​​​​​​​​​​