នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ត្រូវចោរប្លន់បាញ់ស្លាប់ក្នុងផ្ទះនៅពេលគាត់ព្យាយាមការពារភរិយានិងកូនៗរបស់គាត់ក្នុងខេត្តកំពតកាលពីយប់ថ្ងៃអាទិត្យ។ លោក ម៉ៅ ចាន់មធុរិទ្ធ ស្នងការរងនគរបាលខេត្តបាននិយាយថា ចោរប្លន់មួយក្រុមមានគ្នាបីទៅបួននាក់បានប្រើកន្ត្រៃកាត់ដែកចូលតាមរបងដែលព័ទ្ធជុំវិញផ្ទះរបស់គ្រួសារនេះ នៅស្រុកទឹកឈូ បន្ទាប់មកបានចូលក្នុងផ្ទះនោះតាមទ្វារក្រោយ។
លោក ម៉ៅ ចាន់មធុរិទ្ធ បាននិយាយថា នៅពេលលោក ណេង ណាត អាយុ៥៤ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានឮសំឡេងមនុស្សចូលផ្ទះ គាត់បានបិទទ្វារសម្ងំនៅក្នុងបន្ទប់ដេករបស់គាត់ជាមួយភរិយានិងកូនពីរនាក់ដោយយកខ្លួនពាំងទ្វារនោះ ចោរប្លន់ម្នាក់ក្នុងចំណោមពួកវាបានបាញ់ទម្លុះទ្វារដោយប្រើកាំភ្លើងខ្លីម៉ាកឡុក នៅម៉ោងប្រហែល៨និង៣០នាទីយប់។
លោកបាននិយាយថា “ជនរងគ្រោះបានត្រូវពីរគ្រាប់ ចំកនិងទ្រូង”។ លោកបានបន្ថែមថា ពួកចោរប្លន់បានរត់បាត់អស់បន្ទាប់ពីការបាញ់ ប៉ុន្តែយកមិនបានអ្វីទេ បើទោះជាបានរើកកាយបន្ទប់មួយក៏ដោយ។
លោកបានបន្ថែមថា ”ក្រុមនេះអាចជាមុខសញ្ញាចាស់ ឬជាក្រុមចោរប្លន់ប្រដាប់អាវុធថ្មី។ ឥឡូវនេះ នគរបាលរបស់យើងកំពុងស៊ើបអង្កេតដើម្បីស្វែងរកចាប់ខ្លួនពួកគេ”៕ និត