26 C
Phnom Penh

​​​មនុស្ស​ប្រាំ​​​នាក់​​ត្រូវ​ចាប់​ខ្លួន​​បន្ទាប់ពី​មាន​ជម្លោះ​នៅ​ភោជនីយដ្ឋាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កង​រាជ​​​អាវុធហត្ថ​​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​​​អុីតាលី​បី​នាក់​ និង​ជនជាតិ​ខ្មែរ​ពីរ​នាក់​នៅ​ក្រុង​​​ព្រះសីហនុ​នា​​​ព្រឹក​​​ថ្ងៃ​​អាទិត្យ បន្ទាប់​​ពី​ការ​វាយ​​​​តប់​​​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​​ពួកគេ​នៅ​ភោជ​​នីយ​ដ្ឋាន​​តាម​បណ្ដោយ​ឆ្នេរ​​​មួយ​កន្លែង។

លោក កែវ សុផល មេបញ្ជាការ​​​រង​​កង​រាជ​​​​អាវុធ​ហត្ថ​​ខេត្ត​ព្រះសីហនុ ​បាន​និយាយ​ថា ជន​ជាតិ​អុីតាលី​ និង​ជនជាតិ​ខ្មែរ​​ទាំង​​​នេះ​​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភោជនីយដ្ឋាន​​ មូនសែ៊ក១​ ​​(Moon Shack I) នៅ​ឆ្នេរ​​​អូរ​​​ឈើទាល​​ ក្នុង​សង្កាត់​លេខ​​​៤ វេលា​​​ម៉ោង​ប្រហែល​​៦​និង​៣០​នាទី​ព្រឹក។

លោក​បាន​និយាយ​ថា “​យើង​បាន​ចាប់​ខ្លួន​ពួកគេ ពីព្រោះ​ពួកគេ​​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា គឺ​ពួកគេ​​​វាយ​តប់​គ្នា​”។ លោក​បន្ថែម​ថា អ្នក​ទាំង​ប្រាំ​​នាក់​​​កំពុង​ត្រូវ​ឃាត់​​ខ្លួន​នៅ​ទីបញ្ជាការ​​​ដ្ឋាន​កង​រាជ​​​អាវុធហត្ថ​ខេត្ត។

លោក សុផល បាន​និយាយ​ថា លោក​មិន​​​ចាំ​ឈ្មោះ​អ្នក​ទាំង​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ទាំង​អស់​គ្នា​សុទ្ធតែ​រង​របួស​ស្រាល​។ លោក​បាន​បដិសេធ​​មិន​​អត្ថាធិប្បាយ​ច្រើន​ទេ។

មន្ត្រី​កង​រាជ​​​អាវុធហត្ថ​ក្រុង​ព្រះសីហនុ​ម្នាក់​​ ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ ព្រោះ​លោក​​មិន​មាន​សិទ្ធិ​និយាយ​ទៅ​កាន់​​​ក្រុម​អ្នក​​​កាសែត បាន​និយាយ​ថា ជនជាតិ​ខ្មែរ​ម្នាក់​​​ដែល​​​​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ជា​បុគ្គលិក​ភោជនីយ​ដ្ឋាន​​​នេះ រីឯ​អ្នក​ផ្សេងទៀត​ជា​អ្នក​រត់​​​ម៉ូតូឌុប។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា ការ​​ឈ្លោះ​ទាស់ទែង​គ្នា​​បាន​ផ្ទុះឡើង​​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ដែល​បុរស​អុីតាលី​ម្នាក់​​ក្នុង​ចំណោម​បី​នាក់​​ ដែល​បាន​ផឹក​​ស្រាបៀរ​​នៅ​ភោជនីយដ្ឋាន​នោះ​នៅ​ពេល​យប់​ បាន​​ត្រឡប់​​​មក​វិញ​​នៅ​ពេល​ដឹង​ថា គាត់​​​បាន​ភ្លេច​កាបូប​​​លុយ បន្ទាប់​មក​គាត់​​​ខឹង​​យ៉ាង​​​ខ្លាំង​​​នៅ​ពេល​រក​កាបូប​នោះ​មិន​​​ឃើញ។

មន្ត្រី​ដដែល​បាន​និយាយ​ថា បន្ទាប់ពី​​​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​​មួយ​ប្រាវ​ បុរស​អុីតាលី​នោះ​បាន​​ហៅ​មិត្ត​​​ភក្ដិ​ពីរ​នាក់​​​ឲ្យ​មក​ជួយ​នៅ​ភោជនីយដ្ឋាន​នោះ។

មន្ត្រី​​​រូប​​​នេះ​​​បាន​និយាយ​ថា ”​សាក្សី​​​បាន​​​ឲ្យ​​​​ដឹង​ថា ជន​បរទេស​​​បាន​មក​កន្លែង​នោះ​ភ្លាម​​​ដោយ​មាន​កំាបិត និង​ដំបង​ផង។ ដំបូង​ ជន​បរទេស​ទាំង​នោះ​វាយ​ និង​ដាល់​អ្នក​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់ បន្ទាប់​មក​ទៀត​ពួកគេ​​បាន​វាយ​បុគ្គលិក​ភោជនីយដ្ឋាន​​ មូនសែ៊ក១ នៅ​ពេល​​បុគ្គលិក​រូប​នោះ​​​មក​ជួយ”។

លោក​ វ៉ា ចាន់ថន ​ប្រធាន​ការិយាល័យ​សន្តិសុខ​ និង​ព្រហ្មទណ្ឌ​​​កង​រាជ​​​អាវុធហត្ថ​ខេត្ត​ បាន​និយាយ​ថា មនុស្ស​ទាំង​ប្រាំ​​​នាក់​ត្រូវ​បាន​សាកសួរ​នៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ កាលពី​រសៀល​ម្សិលមិញ​ ​ប៉ុន្តែ​មិន​​ទាន់​ចោទ​ប្រកាន់​ទេ។

លោក​និយាយ​ថា ”តុលាការ​​មិន​ទាន់​បាន​បញ្ចប់​​ការ​សាកសួរ​ពួកគេ​នៅ​ឡើយ​​​ទេ”។

បុគ្គលិក​ម្នាក់​នៅ​ភោជនីយដ្ឋាន​ មូនស៊ែក​១ ​​ដែល​មិន​​ប្រាប់​ឈ្មោះ​​ បាន​អះអាង​បញ្ជាក់​ថា ការ​វាយ​តប់​គ្នា​បាន​កើត​មាន​ឡើង​​មែន​ ប៉ុន្តែ​​​​​បុគ្គលិក​​​រូប​​​នេះ​​​បាន​បង្វែរ​សំណួរ​ទៅ​ម្ចាស់​ភោជ​​នីយ​​​ដ្ឋាន​ ដែល​មិន​អាច​ទាក់​ទង​បាន​៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស