29 C
Phnom Penh

អតីត​​​ប្រធាន​​​តុលាការ​​​​​​ក្រុង​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​ខេត្ត​​​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ពន្ធនាគារ​​​​​​មួយ​​​រូប​​​​​​បាន​​​និយាយ​​​ថា លោក អាំង​​​ មាលតី​​​ អតីត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​អប​​​យស​​​​​​ ត្រូវ​​​​​​​​​​​​បាន​​​បញ្ជូន​​​​​​​​​ទៅ​​​​​​ពន្ធ​​​នាគារ​​​ខេត្ត​​​កណ្តាល​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ បន្ទាប់​​​ពី​​​​​​លោក​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​គៃ​​​បន្លំ​​​​​​ក្នុង​​​​​​ការ​​​រឹប​​​អូសយក​​​​​​រថយន្ត​​​ SUV ​​​មួយ​​​គ្រឿង​​​ពី​​​អ្នក​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​​​​ម្នាក់​​​​​​ហើយ​​​ក៏​​​ប្រគល់​​​​​​រថ​​​យន្ត​​​នោះ​​​ឲ្យ​​​​​​កូន​​​ប្រុស​​​គាត់។

លោក ចាប ស៊ី​​​នាង​​​ នាយក​​​​​​ពន្ធ​​​នាគារ​​​ខេត្ត​​​កណ្តាល បាន​​​និយាយ​​​ថា លោក មាលតី​​​​​​ ត្រូវ​​​​​​បាន​​​បញ្ជូន​​​​​​​​​ទៅ​​​ទី​​​នោះ​​​កាល​​​ពី​​​​​​រសៀល​​​​​​ថ្ងៃ​​​​​​អាទិត្យ​​​ បន្ទាប់​​​ពី​​​​​​ចៅ​​​ក្រម​​​ស៊ើប​​​​​​អង្កេត​​​ អ៊ី សុវណ្ណ​​​ បាន​​​ចោទ​​​គាត់​​​។​​​​​​​​​​​​​​​​​​

លោក ស៊ី​​​នាង​​​ បាន​​​និយាយ​​​ថា “អ៊ី សុវណ្ណ បាន​​​ចោទ​​​លោក អាំង មាលតី​​​​​​ កាល​​​ពី​​​​​​រសៀល​​​ថ្ងៃ​​​​​​ច័ន្ទ ហើយ​​​​​​ឥឡូវ​​​គាត់​​​​​​កំពុង​​​ជាប់​​​ឃុំ​​​​​​នៅ​​​​​​ពន្ធ​​​នាគារ​​​​​​ខេត្ត”។​​​

ចៅ​​​ក្រម សុវណ្ណ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​​​​បាន​​​ទេ។

មន្ត្រី​​​​​​​​​អង្គ​​​ភាព​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ បាន​​​ចាប់​​​ខ្លួន​​​​​​លោក មាលតី​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ បន្ទាប់​​​ពី​​​​​​អ្នក​​​ស៊ើប​​​អង្កេត​​​​​​បាន​​​កំណត់​​​ថា ​​​ពួកគេ​​​​​​បាន​​​ប្រមូល​​​ភ័ស្តុតាង​​​​​​គ្រប់​​​គ្រាន់​​​​​​សម្រាប់​​​តុលាការ​​​​​​ ដើម្បី​​​ចោទ​​​ប្រកាន់​​​គាត់​​​​​​ពី​​​បទ​​​រឹប​​​អូស​​​​​​យក​​​រថយន្ត​​​ម៉ាក​​​ Audi SUV​​​ មួយ​​​គ្រឿង​​​​​​ក្នុង​​​ឆ្នាំ​​​​​​២០១០​​​ពី​​​​​​លោក ថាវ​​​ ថាវី អ្នក​​​រត់​​​​​​ពន្ធ​​​​​​គ្រឿង​​​ញៀនម្នាក់​​​​​​ដែល​​​តុលាការ​​​ផ្តន្ទា​​​ទោសឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ។

លោក មាលតី​​​ ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​​​​​​​កាល​​​ពី​​​​​​ខែ​​​​​​​​​​​​កុម្ភៈ​​​ គឺ​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​​​​ម៉ោង​​​​​​បន្ទាប់​​​​​​ពី​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ មាន​​​ប្រសាសន៍​​​​​​ក្នុង​​​សុន្ទរកថា​​​​​​មួយ​​​ថា មន្ត្រី​​​តុលា​​​ការ​​​​​​បាន​​​ទទួល​​​យក​​​​​​សំណូក​​​​​​រាប់​​​​​​លាន​​​ដុល្លារ​​​ ក្នុង​​​ការ​​​ដោះ​​​លែង​​​​​​ឪពុក​​​ម្តាយ​​​​​​​​​លោក ថោង សារ៉ាត់​​​ ជា​​​មន្ត្រី​​​​​​ក្រសួង​​​ការ​​​ពារ​​​ជាតិដែល​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​រៀប​​​ចំ​​​ឃាត​​​កម្ម​​​​​​លើ​​​ឧកញ៉ា​​​ អ៊ឹង ម៉េងជឺ​​​​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​។

លោក ឱម  យ៉ិនទៀង​​​ ប្រ​​​ធាន​​​​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ មិន​​​បាន​​​ឆ្លើយ​​​​​​តប​​​នឹង​​​​​​សារ​​​​​​​​​ជា​​​សំណួរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​​​​​​​​​ថា​​​តើ ​​​អ.ប.ព.​​​នៅ​​​តែ​​​​​​ស៊ើប​​​អង្កេត​​​​​​លើ​​លោក មាលតី​​​​​​ដែល​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ចោទ​​​​​​ស៊ី​​​សំណូក​​​ ឬ​​​បទល្មើស​​​ផ្សេង​​​ទៀត​​​ឬ​​​យ៉ាង​​​ណា​​​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី កាល​​​ពី​​​ចុង​​​ខែ​​​មុន លោក  យ៉ិនទៀង  ដែល​​​បាន​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​ពី​​​ពិធី​​​មួយ​​​នៅ​​​​​​សណ្ឋាគារ​​​ហ៊ីម៉ា​​​វ៉ារី​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ.ប.ព.​​​​​​កំពុង​​​ពន្លឿន​​​ករណី​​​របស់​​​លោក មាលតី​​​ ដោយ​​​បញ្ជូន​​​រឿង​​​ក្តី​​​នេះ​​​ទៅ​​​តុលាការ​​​​​​ក្នុង​​​ពេល​​​ណាមួយ។​​​​​​​​​

លោក យ៉ិនទៀង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​បំបែកសំណុំ​​​​​​រឿង​​​នេះ​​​ទៅ​​​ជា​​​ផ្នែក​​​​​​ៗ​​​ហើយ​​​[យើង​​​នឹង​​​ដាក់​​​]​​​រឿង​​​ណា​​​ដែល​​​​​​យើង​​​អាច​​​​​​បញ្ជូន​​​ទៅ​​​តុលាការ​​​មុន​​​គេ ព្រោះ​​​យើង​​​មិន​​​អាច​​​​​​រង់ចាំ​​​​​​រឿង​​​ទាំង​​​មូល​​​ចប់​​​ពេល​​​ដំណាល​​​គ្នា​​​បាន​​​ទេ”៕ រើន​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស