35 C
Phnom Penh

អតីត​អគ្គ​កុងស៊ុល​រង​ប្រចាំ​ប្រទេស​វៀតណាម​បដិសេធ​ការ​ក្លែង​លិខិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អគ្គ​កុងស៊ុល​រង​របស់​ប្រទេស​កម្ពុជា​ប្រចាំ​ក្រុង​ហូជីមិញ​បាន​បដិសេធ​ថា​មិន​បាន​​ក្លែង​ឯកសារ​ដើម្បី​ជួយ​ក្រុមហ៊ុន​ឯកជន​មួយ​រត់ពន្ធ​ឈើ​ប្រណិត​ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១​នៃ​ការ​កាត់​ក្តី​រូប​លោក នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ។

cam-photo-councillor-jens-800x533លោក តាំង សុខងី អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ខែ​មិថុនា​ឆ្នាំ​មុន ពី​បទ​ចេញ​លិខិត​ក្លែងក្លាយ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​មួយ​នាំ​ចេញ​ឈើ​ដែល​មាន​តម្លៃ​ខ្ពស់​ចំនួន​ប្រហែល​៣០០.000​ម៉ែត្រ​គូប។ លោក​ជាប់​ចោទ​ពី​បទ​ក្លែង​និង​ប្រើ​ឯកសារ​នោះ។

ជនជាតិ​ខ្មែរ​បួន​នាក់​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​មិន​មាន​មុខ​នៅ​សវនាការ​ទេ ហើយ​អវត្តមាន​របស់​ពួកគេ​មិន​មាន​ការ​ពន្យល់​ឡើយ។

ក្នុង​ការ​ការពារ​ខ្លួន លោក សុខងី បាន​និយាយ​ថា តំណាង​ម្នាក់​នៃ​ក្រុមហ៊ុន ហេង លី អុិនវេសមិន (Heng Ly Investment Company) ឈ្មោះ ឡា អន បាន​ប្រគល់​លិខិត​មួយ​ឲ្យ​គាត់​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ ដោយ​អះអាង​ថា មក​ពី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​លោក​នាំ​ចេញ​ឈើ​ចំនួន​១.០០០​ម៉ែត្រ​គូប។ លោក សុខងី បាន​និយាយ​ថា លោក​បាន​អីុម៉េល​ទៅ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​របស់​ក្រសួង​នេះ គឺ​លោក ម៉ក់ ឧសភា ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​លិខិត​នោះ ហើយ​បាន​ទទួល​ភ្លើង​ខៀវ​ដើម្បី​បញ្ជូន​កំណត់​ទូត​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​បើក​ផ្លូវ​លក់។

លោក​ សុខងី បាន​និយាយ​ថា “គាត់​បាន​និយាយ​ថា ត្រឹម​ត្រូវ​ហើយ អ្នក​អាច​សម្រេច វា​គ្មាន​បញ្ហា​ទេ”។ ដូច្នេះ ខ្ញុំ​បាន​ចេញ​កំណត់​ទូត​មួយ​ទៅ​វៀតណាម។

មេធាវី​ម្នាក់​របស់​លោក​គឺ​លោក មួង ធនលាភី​ បាន​សួរ​ថា “នៅ​ពេល​អ្នកទទួល​លិខិត​[ពី​លោក​ អន] តើ​អ្នក​ដឹង​ថា លិខិត​នោះ​ជា​លិខិត​មែនទែន​ទេ?”

លោក សុខងី បាន​ឆ្លើយតប​ “ខ្ញុំ​ដឹង ពីព្រោះ​វា​មាន​តែម​ក្រហម​មួយ​និង​ហត្ថលេខា​ត្រឹមត្រូវ​ ហើយ​ខ្ញុំ​ថែម​ទាំង​បាន​ទាក់ទង​លោក​ ម៉ក់ ឧសភា ទៀត​ផង”។

លោក ឧសភា មិន​ស្ថិត​នៅ​ក្នុង​តុលាការ​ទេ​។ ប៉ុន្តែ ក្រឡាបញ្ជី​ម្នាក់​បាន​អាន​សេចក្តី​ថ្លែង​មួយ​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​គាត់​បាន​បដិសេធ​ការ​អះអាង​របស់​លោក​សុខងី។​ ក្នុង​សេចក្តី​ថ្លែង​នោះ​ គាត់​បាន​បដិសេធ​ថា មិន​បាន​ទទួល​លិខិត​ពី​លោក​ សុខងី ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ពិត​ប្រាកដ​នៃ​លិខិត​ពី​ក្រសួង​នោះ​ទេ​ ហើយ​ថា ទោះ​ក្នុង​ករណី​ណា​ក៏ដោយ គាត់​មិន​មាន​សិទ្ធិ​ធ្វើ​ដូច្នោះ​ទេ។

គាត់​បាន​និយាយ​ថា “ប្រសិនបើ​ប៉ូលិស​ស៊ើប​អង្កេត ហើយ​រក​ឃើញ​ថា អ្វី​ដែល​លោក តាំង​ សុខងី​ និយាយ​នោះ​ពិត​ ខ្ញុំ​សុខចិត្ត​ប្រឈម​មុខ​នឹង​ច្បាប់”។

ក្នុង​ការ​ថ្លែង​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ខ្លួន​ផ្ទាល់​ ចុងចោទ​ម្នាក់​ទៀត​ឈ្មោះ ហេង​ លី បាន​បដិសេធ​ថា មិន​បាន​ធ្វើការ​ប៉ុនប៉ង​ណាមួយ​ ដើម្បី​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ និង​មានការ​ជាប់ពាក់ព័ន្ធ​ណាមួយ​ជាមួយ​លោក សុខងី ឬ​លោក អន​ ដែល​ជា​ចុង​ចោទ​ម្នាក់​ដែរ​នោះ​ទេ។

ក្នុង​បន្ទប់​សវនាការ ព្រះរាជ​អាជ្ញា​រង ខាំ សុផារី បាន​លើកឡើង​នូវ​សារាចរ​ចំនួន​ប្រាំមួយ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ដែល​យល់​ព្រម​ឲ្យ​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​។

លោក​ សុផារី​ បាន​សួរ​ថា ហេតុអ្វី​ប៉ុស្តិ៍​ព្រំដែន​ដែល​កំណត់​ក្នុង​សារាចរ​ទាំង​នោះ​គឺ​ផ្សេង​ពីប៉ុស្តិ៍​ដែល​បាន​លើកឡើង​ក្នុង​កំណត់​ទូត​ដែល​មាន​បន្ត​មក​ទៀត​ ដែល​លោក​ សុខងី បាន​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម។ លោក សុខងី បាន​និយាយ​ថា លោក​បាន​ប្តូរ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​សំណើ​របស់​ក្រុមហ៊ុន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចំណេញ​ពេល​និង​សោហុយ​ដឹក​ជញ្ជូន ដោយ​ទៅ​ផ្លូវ​ជិត​ជាង។

ចៅក្រម​ជំនុំ​ជម្រះ​ លោក វេង ហួត បាន​និយាយ​ថា សវនាការ​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស