នគរបាលខេត្តសៀមរាបកំពុងសើុបអង្កេតរកប្រភពគ្រាប់មីនប្រឆាំងមនុស្សមួយគ្រាប់ដែលគេប្រទះឃើញចម្ងាយរាប់សិបម៉ែត្រពីច្រកចូលឧទ្យានបុរាណអង្គរកាលពីម្សិលមិញ ប៉ុន្តែ សង្ស័យថា គ្រាប់មីននេះទំនងជាគ្មាននរណាម្នាក់បង្កៃនៅទីនោះដោយចេតនាឡើយ។
លោក ញឹក កែវ ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ថា អ្នកភូមិរាយការណ៍ថា បានឃើញគ្រាប់មីននេះនៅម៉ោងប្រហែល៦និង៣០នាទីព្រឹកនៅចិញ្ចើមផ្លូវលំមួយឆ្ពោះទៅច្រកទ្វារចូលខាងមុខនៃបន្ទាយយោធាចម្ងាយប្រហែល៥០ម៉ែត្រពីកន្លែងលក់សំបុត្រនៅច្រកចូលឧទ្យាននេះក្នុងក្រុងសៀមរាប។
លោក ញឹក កែវ បានថ្លែងថា គ្រាប់មីន OZM-4 ផលិតនៅអតីតសហភាពសូវៀត ត្រូវបានគេប្រទះឃើញនៅលើចិញ្ចើមផ្លូវដោយគ្មានកិបបំផ្ទុះទេ។
លោកបានឲ្យដឹងថា “ប្រហែលជានរណាម្នាក់ជ្រុះដោយចៃដន្យ។គ្មាននរណាម្នាក់យកវាមកបង្កៃនៅទីនេះទេ ពីព្រោះវាមិនមាន កិបបំផ្ទុះឡើយ។ យើងកំពុងស៊ើបអង្កេតករណីនេះ”។
លោក ញឹក កែវ បានថ្លែងថា មន្ត្រីមកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជាក្រុមដោះមីនរបស់រដ្ឋាភិបាលបានមកដល់ហើយបានដោះគ្រាប់មីននេះដោយសុវត្ថិភាពនៅម៉ោងប្រហែល៧និង២០នាទីព្រឹក។
យោងតាមគេហទំព័រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា គ្រាប់មីន OZM-4 នេះទម្ងន់ប្រហែល៥គីឡូក្រាម ហើយ មានកម្លាំងផ្ទុះរហូតដល់២០០ម៉ែត្របួនជ្រុង។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ ថា វាធម្មតាទៅហើយសម្រាប់អ្នកភូមិដែលឃើញគ្រាប់មីន ហើយទុកវាចោលនៅកណ្តាលវាល ដើម្បីឲ្យទាហានមកឃើញ។ លោកបានលើកឡើងថា ករណីនេះក៏ប្រហែលជាដូចគ្នាដែរ។ លោកបានសន្និដ្ឋានថា គ្រាប់មីនដែលគេប្រទះឃើញកាលពីម្សិលមិញ ផលិតតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ឯណោះ។
លោក ម៉ៃ សំកាល់ ប្រធានភូមិ៣ នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបបានថ្លែងថា គ្រាប់មីននេះទំនងជាមិនបង្ករបួសស្នាមដល់ភ្ញៀវទេសចរឡើយ បើវាផ្ទុះនោះ។
លោកបានបន្ថែមថា “គ្រាប់មីននេះត្រូវបានគេរកឃើញនៅខាងជើងកន្លែងលក់សំបុត្រសម្រាប់ភ្ញៀវទេសចរដែលមកទស្សនា តំបន់អង្គរ ប៉ុន្តែ ភ្ញៀវទេសចរភាគច្រើនមិនដើរតាមផ្លូវនោះទេ ពីព្រោះវាជាផ្លូវចូលបន្ទាយ ទាហាន”។
គេមិនអាចទាក់ទងក្រុមមន្ត្រីយោធាដើម្បី សុំការអត្ថាធិប្បាយបានទេ៕សារុន