27 C
Phnom Penh

ជនជាតិ​នីហ្សេរីយ៉ា​បដិសេធថា មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​រត់ពន្ធ​មេតំហ្វេតាមីន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​នីហ្សេរីយ៉ា​ប្រាំពីរ​នាក់​ដែល​ត្រូវចោទពី​បទជួញដូរ​គ្រឿង​ញៀន​ បាន​បដិសេធថា ​មិនបាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួញដូរ​មេតំហ្វេតាមីន​ក្នុង​អំឡុង​ពេល​សវនាការ​ថ្ងៃទី២​ នៅឯតុលាការ​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ គឺរយៈពេល​មួយ​ខែ​បន្ទាប់ពី​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ទី​៨​ បាន​សារភាព​ថាដើរ​តួ​ជាអ្នក​ជួញដូរ។

បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​បីនាក់​​​ រួម​​​ជាមួយ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ទៀត​​​ដែល​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​ពីបទ​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ឡើង​​​រថយន្ត​​​នគរ​​​បាល​​​នៅខ​​​ាង​​​ក្រៅ​​​សាលាដំបូង​​​​​​រាជធានី​​​ កាល​​​ពីម្សិល​​​មិញ បន្ទាប់​​​ពី​​​សវនាការ​​​ជំនុំជម្រះ​​​ទោស​​​ពួក​​​គេ​​​នៅ​​​ថ្ងៃ​​​ទី​​​២។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​បីនាក់​​​ រួម​​​ជាមួយ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ទៀត​​​ដែល​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​ពីបទ​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ឡើង​​​រថយន្ត​​​នគរ​​​បាល​​​នៅខ​​​ាង​​​ក្រៅ​​​សាលាដំបូង​​​​​​រាជធានី​​​ កាល​​​ពីម្សិល​​​មិញ បន្ទាប់​​​ពី​​​សវនាការ​​​ជំនុំជម្រះ​​​ទោស​​​ពួក​​​គេ​​​នៅ​​​ថ្ងៃ​​​ទី​​​២។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ប៉ូលិស​បាន​ចាប់​ខ្លួន​ជនជាតិ​នីហ្សេរីយ៉ា​ប្រាំបីនាក់​ក្នុង​ក្រុង​ភ្នំពេញ​ នៅល្ងាច​ថ្ងៃទី​២៦ ខែតុលា ដោយ​រឹប​អូស​បាន​មេតំហ្វេតាមីន​ជាង​១០០ក្រាម​ ពីលោក​ អិន ជូហានុដុម​ អាយុ​៥២​ មុននឹង​ចាប់​ខ្លួន​អ្នកផ្សេង​ទៀត​។​

នៅថ្ងៃ​ទី​១​នៃ​សវនាការ​របស់​ពួកគេ​កាលពី​ខែ​មុន លោក ជូហានុដុម បាន​សារភាព​ថា ​​ជញ្ជូនគ្រឿង​ញៀន​តាម​ការ​បញ្ជារបស់​ជន​ញាតិ​នីហ្សេរីយ៉ា​ម្នាក់​ទៀត​ដែល​គាត់​ហៅ​ឈ្មោះ​ត្រឹម​ថា លោក​ ហ្វ្រង់​។

ក្នុង​ពេល​សាកសួរ​កាលពី​ម្សិលមិញ ចុង​ចោទ​ឈ្មោះ​ អេឆូឌូ សំសុន អាយុ​៣៣​ បាន​ប្រាប់​តុលាការ​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា លោក​មិន​បាន​ដឹង​អ្វីទាំង​អស់​ទាក់ទង​នឹង​បណ្តាញ​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយលោក​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​ នៅពេល​ប៉ូលិស​ចាប់​ខ្លួន​គាត់​។​

បុរស​ជន​​​​ជាតិ​នីហ្សេរីយ៉ា​រូបនេះបាន​និយាយថា “ខ្ញុំ​មិនដឹង​អីទាំង​អស់​ ហើយ​ខ្ញុំ​កំពុង​តែ​លក់​ម្ហូប​អាហារ​នៅ​ក្នុង​ហាង​ខ្ញុំ​នៅពេល​នោះ​ ស្រាប់តែ​ប៉ូលិស​មក​ចាប់ខ្ញុំ​”។

សាកសួរ​ដោយ​ព្រះរាជអាជ្ញារង​ លី សុផាន់ណា​ លោក​ អេហ្សិកបូ ហ្គាប្រែ៊ល អាយុ​៤១ឆ្នាំ ក៏បាន​អះអាង​ថា លោក​មិន​បាន​ដឹង​អ្វីទាំងអស់​ ហើយ​និយាយថា លោក​រត់គេច​ពី​ប៉ូលិស​ បន្ទាប់ពី​ឃើញ​ការ​ចាប់​ខ្លួន​របស់​លោក​ សុន ដែល​មាន​ភោជនីយដ្ឋាន​របស់​គាត់​នៅ​ក្បែរ​នោះដែរ​។

អេហ្សិកបូ ហ្គាប្រែ៊ល បាន​និយាយថា “ខ្ញុំឃើញ​ប៉ូលិស​ចូលមក​ ហើយ​ចាប់​បុរស​ស្បែក​ខ្មៅម្នាក់​ ហើយ​ខ្ញុំ​ក៏គ្មាន​ទិដ្ឋាការ​ដែរ​ ហើយគិត​ថា ប៉ូលិស​ចង់​ចាប់​អ្នក​ដែល​គ្មាន​ទិដ្ឋាការ​”។​

ទាក់ទង​តាម​ទូរស័ព្ទ​លោក​ អឹម សុជាតិ​ មេធាវី​របស់​លោក​ សុន បាន​និយាយ​ថា កូនក្តី​របស់​លោក មាន​ជំនួញ​ស្រប​ច្បាប់​ ហើយមិន​ពាក់ព័ន្ធ​នឹង​បទចោទ​ប្រកាន់​នោះ​ទេ​។

លោក សុជាតិ​ បាន​និយាយថា “ក្រុមខុស​ច្បាប់​មិន​ធ្វើ​ជំនួញ​បើក​ចំហ​ក្នុង​ហាង​អ៊ីចឹង​ទេ គេ​ធ្វើ​ដោយ​ស្ងាត់ៗ​”។​

លោក សុជាតិ ក៏បាន​ចោទ​ប៉ូលិស​ដែល​បាន​ចាប់​ខ្លួន​កូនក្តី​របស់​លោក​ថា ប្រកាន់ពូជ​សាសន៍​។

មេធាវីរូបនេះ​បាន​និយាយ​ថា “ខ្ញុំស្អប់​ការ​ជួញដូរ​គ្រឿង​ញៀន​ ប៉ុន្តែ យើង​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ មិន​ត្រូវឃើញ​បុរស​ស្បែកខ្មៅ​ ហើយ​ក៏ចាប់​ខ្លួន​ចោទ​ប្រកាន់​អ៊ីចឹងទេ​”។

ចៅក្រម​ជំនុំ​ជម្រះ​លោក តុប ឈុនហេង​ បាន​និយាយថា សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​៕ រើន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស