38 C
Phnom Penh

លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន ហៅ​លោក សម រង្ស៊ី​​ ថាជា​ “មេចោរ”​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ចាត់​ទុក​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​ថា​ជា “មេចោរ​” នៅ​​ក្នុង​កិច្ច​សម្ភាស​តាម​វិទ្យុ​​កាលពី​​​រសៀល​ម្សិលមិញ មុន​ពេល​គំរាម​បញ្ចប់​ភាព​ល្អូក​ល្អិន​​​ផ្នែក​នយោបាយ​​ក្នុង​ពេល​បច្ចុប្បន្ន​​ ប្រសិន​បើ​លោក សម រង្ស៊ី មិន​​កែ​កំហុស​ដែល​លោក​បាន​ធ្វើ​ចំពោះ​រដ្ឋាភិបាល​ទេ​នោះ។

នៅ​ក្នុង​ការ​ផ្សាយ​តាម​​វិទ្យុ​​​ដើម​អម្ពិល​​​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​​ដែល​ថា គណបក្ស​សង្គ្រោះជាតិ​​នឹង​ឈប់​ “ចាក់​ក្រឡេក” ​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​​ព្រំដែន​​​ប្រទេស​​​វៀតណាម​ គឺ​ស្មើ​​​នឹង​​​​ការ​ទទួល​ស្គាល់​ថា លោក​​បាន​និង​កំពុង​ព្យាយាម​​​​ធ្វើ​ឲ្យ​​រដ្ឋាភិ​​​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ កម្ពុជា​អស្ថិរភាព​។

​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​​​​ក្នុង​កិច្ច​សម្ភាស​​ដែល​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​​មួយ​ផ្នែក​តាម​គេហទំព័រ​ Fresh News ជា​គេហទំព័រ​គ្រប់​គ្រង​ដោយ​លោក សយ សុភាព ​​ដែល​ក៏​គ្រប់គ្រង​គេហទំព័រ​ដើម​អម្ពិល​​​​ដែរ​នោះ​ថា “​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​គឺ​ជា​មេចោរ​ និង​កូនចៅ​ បាន​ចេញ​មក​​សារ​​​ភាព​នៅ​​ថ្ងៃ​នេះហើយ​​”។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​​​បន្ត​​​​​ថា “​ក្រុម​ចោរ​ដែល​បំផ្លាញ​ស្ថិរភាព​កន្លង​ទៅ​ គឺ​បាន​ចេញ​មុខ​​សារភាព​ហើយ​ ​​ហើយ​អ្នក​ដែល​បង្ក​​អស្ថិរភាព​គឺ​លោក សម រង្ស៊ី និង​គណបក្ស​របស់​គាត់​ ដែល​តែង​តែ​ចាក់​ពី​ក្រោយខ្នង​ចំពោះ​រដ្ឋាភិបាល។ លោក សម​ រង្ស៊ី ចាប់​ដៃ​ជាន់​ជើង​​ដោយ​ប្រើ​វប្បធម៌​សន្ទនា​ ដើម្បី​នឹង​បំផ្លាញ​រាជរដ្ឋាភិបាល​”។

​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា”​អ៊ីចឹង​​ដើម្បី​ជម្រះ​មន្ទិល​​​​សម្រាប់​​សម្ដេច​​តេជោ [ហ៊ុន​ សែន] សម្រាប់​រាជរដ្ឋាភិបាល គណបក្ស​ សម រង្ស៊ី ក៏​ដូច​ជា​ សម រង្ស៊ី ខ្លួន​ឯង​ផ្ទាល់​ត្រូវ​កែ​គ្រប់​ចំណុច​ដែល​ខ្លួន​បាន​ធ្វើ​អំពើ​ទុច្ចរិត​​មក​​​ដល់​សម្ដេច​នាយក​​ មក​លើ​រាជរដ្ឋាភិបាល និង​មក​លើ​គណបក្ស​ប្រជាជន​ អាហ្នឹង​​ទើប​វប្បធម៌​សន្ទនា​អាច​ដើរ​ទៅ​មុខ​បាន​”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​​​​​យល់​ច្រឡំ​​​ចំពោះ​ការ​លើក​ឡើង​​​របស់​លោក​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​​​​ចុះទៅ​សួរ​សុខទុក្ខ​​សកម្មជន​ដែលជាប់​ពន្ធនាគារ​នៅ​ទីនោះ។ លោក​បាន​លើក​ឡើង​ថា លោក​បាន​ទាក់​ទង​លោក​នាយក​​​​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ដើម្បី​ពន្យល់​។

លោក​បាន​មាន​ប្រសាសន៍​ថា ​​”​វា​ជា​ការ​យល់​ច្រឡំ​​ ហើយ​ខ្ញុំ​បាន​ពន្យល់​​ពី​អ្វី​ដែល​ខ្ញុំ​​​ចង់​និយាយ​​​នៅ​ក្នុង​កិច្ច​សម្ភាស​ ហើយ​ថា វា​គឺ​ជា​ការ​រាយការណ៍ខុស​​។ អ្វី​ៗ​​គឺ​វា​​លែង​មាន​បញ្ហា​ហើយ​ឥឡូវ​នេះ ព្រោះ​​​ខ្ញុំ​បាន​ពន្យល់​​ដល់​​លោក​ ហ៊ុន សែន ហើយ​គាត់​ហាក់​បី​ដូច​ជា​​ទទួល​យក​ការ​ពន្យល់​របស់​ខ្ញុំ”។

តែ​ទោះ​យ៉ាង​ណា លោក សម រង្ស៊ី មិន​បាន​ពន្យល់​​ឲ្យ​បាន​ច្បាស់​​​ថា​តើ​លោក ហ៊ុន សែន​​ បាន​យល់​ច្រឡំ​​​ចំពោះ​ការ​សន្យា​​​​​ឈប់​ចាក់​ក្រឡេក​រដ្ឋាភិបាល​​តាម​របៀប​ណា​នោះ​​​ឡើយ​​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​វា​លំបាក​សម្រាប់​ខ្ញុំ​​ក្នុង​ការ​ប្រាប់​ពី​អ្វីៗ​​​​ដែល​ខ្ញុំ​​​បាន​និយាយ​​ទៅ​កាន់​លោក​ ហ៊ុន​​​ សែន ប៉ុន្តែ​​ចំណុច​ សំខាន់​​​គឺ​ លទ្ធផល​​​វិជ្ជមាន​”។

ពេល​​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​ពន្ធនាគារ​​​​​ ព្រៃស លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នឹង​​បញ្ឈប់​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​​សម​គំនិត​នៅ​ក្នុង​ការ​​​ឈ្លាន​ពាន​ព្រំដែន​​​ ​​ពី​សំណាក់​វៀតណាម និង​​ការ​បោះ​បង្គោល​ព្រំដែន​មិន​ត្រឹម​​ត្រូវ​។

​​​​​​​​​​​​​លោក សម​ រង្ស៊ី បាន​ប្រាប់​អ្នក​យក​ព័ត៌​​​មាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា “​​ប្រសិន​បើ​​យើង​ដឹង​ថា ​រសើប យើង​មិន​ចាក់​ក្រឡេកទេ​ យើង​នឹង​រក​​​​វិធី​សាស្ត្រ​ [ថ្មី]។ នៅ​ពេល​យើង​ដឹង​ថា វាជា​​​រឿង​​​​​រសើប ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ហើយ​​​​​​រិះរកមធ្យោបាយ​ធ្វើយ៉ាងណា​​ស្វែង​រក​លទ្ធ​​​ផល​ជូន​ជាតិ​”។

ការ​លើក​ឡើង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណ​​​បក្ស​ប្រឆាំង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប​ផ្សេងទៀត​​ ដែល​លោក សម​ រង្ស៊ី​​​ ចាត់​ទុក​ថា ​ជា​ការ​ផ្ញើ​សារ​ពីលោក​ ហ៊ុន​សែន ដើម្បី​​ឲ្យ​មាន​ការ​បោះ​បង់​ចោល​​បញ្ហា​ព្រំដែន​។

ទោះ​បី​ជា​​លោក សម រង្ស៊ី លើក​ឡើង​ថា ​ឥឡូវ​នេះ​លោក ហ៊ុន​ សែន ​​ជឿថា ការ​លើក​ឡើង​របស់លោក​គ្មាន​កំហុស​​​ក៏ដោយ តែ​លោក សុខ ឥសាន ​អ្នក​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​កម្ពុជា​​បាន​លើក​ឡើង​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ប្រហែល​ជា​យល់​ច្រឡំ​ដោយ​ខ្លួន​ឯង​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​គណបក្ស​​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​​មិន​យល់ច្រ​ឡំ​​ទេ។ វា​ប្រហែល​ជា​ភាគី​របស់​គាត់​ទេ​ដែល​យល់​ច្រឡំ​​”។ លោក​បាន​បន្ថែម​ថា លោក​មិន​​​ជឿ​​​ថា លោក សម រង្ស៊ី គឺ​ជា​មនុស្ស​ដែលខ្វះ​​​​ចំណេះ​​ដឹងនោះឡើយ​​​​។

​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​គាត់​មិន​មែន​ជា​កូនក្មេង​ទេ ហើយគាត់​គឺ​ជា​មនុស្ស​​​ មានចំណេះ​ដឹង​ ហើយ​និយាយរឿង​នយោ​​​បាយ​ គាត់​គឺ​ជា​​​​មេអ្នក​​​​នយោបាយ និង​​ជា​ប្រធាន​​​​គណបក្ស​។ មុន​ពេល​ធ្វើ​អ្វីៗ ​ គាត់​មាន​​វិធី​សាស្ត្រ​ និង​យុទ្ធសាស្ត្រ​​យ៉ាង​ត្រឹម​ត្រូវ”៕ ស៊ុយឈាង​ ​​​(រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​         

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស