លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍កាលពីម្សិលមិញថា សមាជិកសភាគណបក្សសង្គ្រោះជាតិ ប្រាំពីររូបដែលត្រូវបានតុលាការចោទប្រកាន់កាលពីឆ្នាំមុនពីបទ ”ដឹកនាំកុបកម្ម” អាចនឹងត្រូវចាប់ខ្លួន ហើយដាក់ពន្ធនាគារដូចករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធភាគណបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីចុងសប្ដាហ៍កន្លងទៅដែរ។
ដោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ទុះកំហឹងចំពោះសន្ធិសញ្ញាការទូតក្លែងក្លាយមួយដែលសមាជិកព្រឹទ្ធសភារូបនេះបង្ហោះតាមហ្វេសប៊ុក លោក ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃអាទិត្យពីបទក្លែងឯកសារសាធារណៈ និងបទញុះញង់ ហើយត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស ទោះបីជាលោកមានអភ័យឯកសិទ្ធិជាសមាជិកព្រឹទ្ធសភាក្តី។
ទោះបីជាគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច មានសំឡេង២ភាគ៣នៅក្នុងព្រឹទ្ធសភាដែលអាចដកអភ័យឯកសិទ្ធិរបស់លោក ហុង សុខហួរ បានយ៉ាងងាយស្រួល និងធ្វើឲ្យដំណើរការផ្លូវច្បាប់មានលក្ខណៈស្របច្បាប់យ៉ាងណាក្ដី ក៏ក្រុមសមាជិកព្រឹទ្ធសភាបានកោះប្រជុំកាលពីល្ងាចថ្ងៃច័ន្ទ ហើយបានសម្រេចថា មិនចាំបាច់ធ្វើដូច្នេះឡើយ ដោយលើកឡើងពីករណីលើកលែងមួយនៅក្នុងរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យមានការចាប់ខ្លួននៅពេលបទល្មើសដែលចាប់បាន “ជាក់ស្ដែង” ឬពេលកំពុងប្រព្រឹត្តបទល្មើស។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ថាហេតុផលផ្លូវច្បាប់តែមួយនេះអាចអនុវត្តបានទៅលើសមាជិកសភាគណបក្សសង្គ្រោះជាតិទាំងប្រាំពីររូបដែលការចោទប្រកាន់ពីបទ “កុបកម្ម” ទាក់ទិនការតវ៉ាហិង្សាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំមុននៅតែធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។
លោកបានលើកឡើងទៀតថា ”ពួកគាត់មានភាពស្រដៀងគ្នាត្រង់ចំណុចនោះ ដូច្នេះមិនចាំបាច់ស្វែងរកការអនុម័តដើម្បីដកអភ័យឯកសិទ្ធិទេ។ ប៉ុន្តែប្រសិនបើពួកគាត់ចង់ដកការចោទប្រកាន់ទាំងនេះ ពួកគាត់ចាំបាច់ត្រូវស្វែងរកការអនុម័តពីរដ្ឋសភាដោយសំឡេង៣ភាគ៤”។
ក្រៅពីការត្រូវការសំឡេង២ភាគ៣នៃរដ្ឋសភា ឬព្រឹទ្ធសភា ដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យស្ថាប័ននីតិប្បញ្ញត្តិទាំងពីរស្វែងរកសំឡេង៣ភាគ៤ដើម្បីកែប្រែសេចក្ដីសម្រេចរបស់តុលាការ និងដកបទចោទប្រកាន់លើតំណាងរាស្ត្រ។
នៅពេលសួរបញ្ជាក់ថា តើសមត្ថកិច្ចអាចនឹងចាប់ខ្លួនសមាជិកសភាគណបក្សសង្គ្រោះជាតិដែលជាប់ចោទទាំងប្រាំពីររូប ទោះបីជាអភ័យឯកសិទ្ធិរបស់ពួកគាត់ត្រូវបានការពារដោយសារតែគណបក្សប្រជាជនកម្ពុជា ខ្វះសំឡេង២ភាគ៣នៅក្នុងរដ្ឋសភា ឬយ៉ាងណានោះ លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា សមត្ថកិច្ចអាច។
លោកបានថ្លែងថា “ជាការពិត វាត្រូវបានអនុញ្ញាត។ វាដូចគ្នាសម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា។ សម្រាប់ករណីមិនជាក់ស្ដែង ចាំបាច់ត្រូវដកអភ័យឯកសិទ្ធិចេញ។ សម្រាប់ករណីជាក់ស្ដែង មិនចាំបាច់ឡើយ។ វាមិនមែនជាដំណើរការ២ភាគ៣ទេ។ ប្រសិនបើពួកគាត់ចង់បញ្ឈប់ការផ្ដន្ទាទោស ពួកគាត់ត្រូវទទួលបានសំឡេង៣ភាគ៤ដើម្បីដកការចោទប្រកាន់”។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលមានលក្ខណៈដូចគ្នានឹងមាត្រា១០៤ដែលព្រឹទ្ធសភាប្រើប្រាស់ដើម្បីចេញសេចក្ដីសម្រេចរបស់ខ្លួនទៅលើលោក ហុង សុខហួរ ដែរនោះ ចែងថា វាជាករណីលើកលែងចំពោះអភ័យឯកសិទ្ធិរបស់សមាជិករដ្ឋសភា នៅពេលនគរបាលចាប់ខ្លួនពួកគាត់បានពេលកំពុងប្រព្រឹត្តបទល្មើស។
មាត្រានេះចែងថា “ការចោទប្រកាន់ ការចាប់ខ្លួន ឬឃុំខ្លួនសមាជិកព្រឹទ្ធសភាអាចធ្វើឡើងបានលុះត្រាតែមានការអនុញ្ញាតពីរដ្ឋសភា លើកលែងតែក្នុងករណីបទល្មើសជាក់ស្ដែង។ ក្នុងករណីនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវរាយការណ៍ជូនរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍ភ្លាមៗដើម្បីសុំការសម្រេច”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (ខុមហ្វ្រែល) បានមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក្នុងការមិនប្រើអំណាចរបស់ខ្លួនដើម្បីដកអភ័យឯកសិទ្ធិរបស់លោក ហុង សុខហួរ កាលពីល្ងាចថ្ងៃច័ន្ទ ហើយបែរជាបណ្ដោយឲ្យគេដាក់ពន្ធនាគារលោកនោះ គឺជាការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែតដើម្បីបង្កើតករណីយុទ្ធសាស្ត្រថ្មីមួយ។
លោកបានថ្លែងថា ”នេះជាការប្រព្រឹត្តផ្ទុយពីរដ្ឋធម្មនុញ្ញដែលបង្កើតឲ្យមានករណីយុទ្ធសាស្ត្រថា សមាជិកព្រឹទ្ធសភាគ្មានអភ័យឯកសិទ្ធិទាល់តែសោះ ពីព្រោះពេលនេះគេអាចចាប់ខ្លួនអ្នកណាក៏បានដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិរបស់ពួកគាត់។ បើគ្មានអភ័យឯកសិទ្ធិទេ គឺពួកគាត់គ្មានអ្វីទាំងអស់។ វានឹងអនុញ្ញាតឲ្យអង្គនីតិប្រតិបត្តិដាក់ពន្ធនាគារសមាជិករដ្ឋសភា ហើយមិនចាំបាច់មានហេតុផលដើម្បីដកអភ័យឯកសិទ្ធិរបស់ពួកគាត់។ មិនត្រឹមតែសមាជិកសភាទាំងប្រាំពីររូបប៉ុណ្ណោះទេ [ដែលប្រឈមការចាប់ខ្លួន] ប៉ុន្តែអាចនឹងមានច្រើនទៀត”។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកជឿថា ការបកស្រាយរបស់ក្រសួងយុត្តិធម៌អំពីករណីលើកលែងពាក់ព័ន្ធ “បទល្មើសជាក់ស្ដែង” គឺជាការបំភ្លៃមាត្រាមួយដែលត្រឹមតែអនុញ្ញាតឲ្យនគរបាលអន្តរាគមន៍ប៉ុណ្ណោះ នៅពេលតំណាងរាស្ត្រកំពុងប្រព្រឹត្តបទល្មើស។
លោកបានមានប្រសាសន៍ថា ”វាមិនពិតទាល់តែសោះ។ វាមិនត្រឹមត្រូវទេ វាជាការបកស្រាយខុសអំពីស្មារតីនៃអភ័យឯកសិទ្ធិ” មុនពេលលោកជិះយន្តហោះទៅកាន់ទីក្រុងមែលប៊ន ជាមួយលោក កឹម សុខា អនុប្រធានរបស់លោកដើម្បីជួបជាមួយក្រុមអ្នកគាំទ្រនៅក្នុងប្រទេសអូស្ត្រាលី ។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលឡើយប្រសិនបើរដ្ឋាភិបាលប្រើប្រាស់ការស្រាយបែបនេះជុំវិញអភ័យឯកសិទ្ធិ ហើយបានលើកឡើងថា មានតែតាមរយៈការរក្សាទំនាក់ទំនងល្អរបស់លោកជាមួយលោក ហ៊ុន សែន ប៉ុណ្ណោះដែលធ្វើឲ្យលោកអាចទប់ស្កាត់ការវាយប្រហារមកលើគណបក្សរបស់លោក។
លោកបានបន្ថែមថា ”អ្វីក៏អាចកើតឡើងបានដែរនៅកម្ពុជា ហើយនោះជាមូលហេតុដែលយើងត្រូវដោះស្រាយប្រភពបញ្ហា ហើយខ្ញុំកំពុងព្យាយាមសម្រាលប្រភពនៃភាពតានតឹង។ យើងមិនចង់ឲ្យនរណាម្នាក់មានលេសដើម្បីបង្ក្រាបយើងនោះទេ”។
លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប បានមានប្រសាសន៍ថា គ្មានករណីយុត្តិសាស្ត្រណាមួយត្រូវបានកំណត់ឡើយចាប់តាំងពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ត្រូវបានប្រកាសឲ្យប្រើប្រាស់ដើម្បីបកស្រាយថា អ្វីទៅដែលអាចចាត់ទុកបានថាជាបទល្មើស “ជាក់ស្ដែង”។
លោកបានគូសបញ្ជាក់ថា ”នៅក្នុងច្បាប់របស់យើង វាមិនសូវច្បាស់លាស់ទេ។ វាស្រេចទៅលើព្រឹទ្ធសភាបកស្រាយតាមចិត្តចង់។ ប្រសិនបើពួកគាត់ប្រព្រឹត្តបទល្មើសហិង្សាដូចជាឃាតកម្មជាដើម អាចអនុវត្តវាបាន។ គេអាចបកស្រាយថា វាជាករណីជាក់ស្ដែង ទោះបីជាការចាប់ខ្លួនមិនធ្វើឡើងនៅនឹងកន្លែងក៏ដោយ ប៉ុន្តែនឹងត្រូវធ្វើតាមក្រោយក្នុងពេលឆាប់ៗ។ ក្នុងករណីនេះ វាមិនមែនជាបទល្មើសហិង្សាទេ វាគ្រាន់តែជាឯកសារប៉ុណ្ណោះ ដូច្នេះខ្ញុំយល់ថា វាមិនមែនជាករណីជាក់ស្ដែងទេ ហើយគេត្រូវតែស្នើសុំដកអភ័យឯកសិទ្ធិ”។
លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ បានគំរាមម្ដងហើយម្ដងទៀតថានឹងចាប់ខ្លួនសមាជិកសភាគណបក្សសង្គ្រោះជាតិទាំងប្រាំពីររូប ដោយលើកឡើងជាសាធារណៈថា អភ័យឯកសិទ្ធិរបស់សមាជិកសភាទាំងនេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា ”តំណាងរាស្ត្រទាំងប្រាំពីរនឹងនៅតែត្រូវជាប់ពន្ធនាគារ ពីព្រោះអស់លោកទទួលបានអភ័យឯកសិទ្ធិក្រោយពីអស់លោកត្រូវបានចោទប្រកាន់។ សូមសិក្សាពីច្បាប់ផងទៅ។ ខាងលោកឯងចេះច្បាប់ ខាងយើងក៏ចេះច្បាប់ដែរ។ អ្នកដែលនៅក្រៅឃុំ គ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ដូច្នេះការកាត់ទោសត្រូវតែបន្ត”៕ សុខុម