27 C
Phnom Penh

អតីត​ព្រះសង្ឃ​ត្រូវ​​តុលាការ​​សាកសួរ​​​​ពាក់​ព័ន្ធ​​វត្ថុ​តាង​​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​ដែល​ត្រូវ​បាន​ផ្សឹក​​មួយ​អង្គ​​​ និង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​​រាជធានី​ភ្នំពេញ ​កាលពី​ដើម​ខែ​នេះ​ពី​បទ​មាន​អាវុធ​ ឯកសារ​ក្លែង​ក្លាយ និង​ថ្នាំញៀន​មេតំហ្វេតាមីន ​បាន​ប្រាប់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ​ខ្លួន​​និង​ចុង​ចោទ​​ម្នាក់​ទៀត​​មិន​ដែល​​មាន​វត្ថុ​ខុស​ច្បាប់​ណាមួយ​ឡើយ។

​ព្រះសង្ឃ​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ ខណៈ​​អតីត​​​ព្រះ​សង្ឃ​​​ព្រះនាម​  ជា វណ្ណដា ​ដែល​មក​ពី​កម្ពុជា​ក្រោម​ កំពុង​ត្រូវ​បាន​តុលាការ​​​សាកសួរ​​​នៅ​​ខាង​ក្នុង​។​ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
​ព្រះសង្ឃ​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ ខណៈ​​អតីត​​​ព្រះ​សង្ឃ​​​ព្រះនាម​ 
ជា វណ្ណដា ​ដែល​មក​ពី​កម្ពុជា​ក្រោម​ កំពុង​ត្រូវ​បាន​តុលាការ​​​សាកសួរ​​​នៅ​​ខាង​ក្នុង​។​ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

​​លោក​ ជា វណ្ណដា ​អាយុ​៣០​ និង​លោក ដាវ ទេព ​អាយុ​២៨​ឆ្នាំ ដែល​បាន​ចូល​រួម​​នៅ​​​ក្នុង​ការ​តវ៉ា​​​​របស់​គណបក្ស​ប្រឆាំង​​ចាប់​តាំងពី​​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​មក ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វត្ត​អង្គតាមិញ ​ក្នុង​សង្កាត់​​​ចោម​ចៅ ​​ខណ្ឌពោធិ៍សែន​ជ័យ ​កាល​ពី​ថ្ងៃទី១​​ ខែ​សីហា បន្ទាប់ពី​នគរ​បាល​មូលដ្ឋាន​​​បាន​លើក​​​​​​ឡើង​ថា ​ខ្លួន​ទទួល​​បាន​​​សេចក្ដី​​រាយ​ការណ៍​មក​​​ថា ​​អ្នក​​ទាំង​ពីរ​នាក់​នេះ​គឺ​ជា​អ្នក​ប្រើ​​ថ្នាំ​ញៀន​។​មាន​តែ​លោក ជា វណ្ណដា ទេ​ដែល​ត្រូវ​បាន​សាកសួរ​កាលពី​ម្សិលមិញ ហើយ​​ពេល​ចាក​ចេញ​ពី​តុលាការ ​​លោក​បាន​បដិសេធ​​រាល់​ការ​ចោទ​ប្រកាន់​​មក​លើ​រូប​លោក។

លោក​បាន​​និយាយ​ថា ”​អាត្មា​បដិសេធ​រាល់​​ការ​ចោទ​ប្រកាន់​ទាំង​អស់​ ព្រោះ​អាត្មា​មិន​បាន​​​ប្រព្រឹត្ត​អំពើ​ណាមួយ​ទេ​។ ការ​ចោទ​ប្រកាន់​​មិន​​យុត្តិធម៌​​ទេ​ចំពោះ​អាត្មា​។​ ​មិន​គួរណា​​​ចាប់​​​ដាក់​គុក​ឲ្យរង​ទុក្ខ​ ព្រោះ​​​អាត្មា​មិន​បាន​ប្រព្រឹត្ត​​​​ដូច​​អ្វី​ដែល​គេ​បាន​ចោទ​​ប្រកាន់​នោះទេ​”។

យោង​តាម​​នគរ​បាល​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​សារ​​មាន​​​​​ខោ​ស្លីប​របស់​ស្ត្រី​​​ អាវ​ទ្រនាប់​​ ដាវ កាំបិត​ និង​ថ្នាំ​​ញៀន​​មេតំហ្វេតាមីន​មួយ​ចំនួន​តូច។ ប៉ុន្តែ​លោក​ ជា វណ្ណដា ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​លោក​​មិន​ដឹង​អ្វី​ទេ​ចំពោះ​​​​វត្ថុតាង​ទាំង​អស់​នេះ​។ ​

លោក​បាន​និយាយ​បន្ត​​ដោយ​រំឭក​ពី​ថ្ងៃ​​​​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ថា ”​​អាត្មា​គឺ​ជា​មនុស្ស​ស្អាត​ស្អំ ហើយ​អាត្មា​ទើប​តែ​​ត្រឡប់​មកពី​សូត្រ​មន្ត​ឲ្យ​គេ ហើយ​អាត្មា​មិន​ព្យាយាម​​គេច​ខ្លួន​ទេ ពីព្រោះ​អាត្មា​មិន​បាន​ប្រព្រឹត្ត​​ [បទ​​​ល្មើស​ណា​មួយ​] ឡើយ។ អាត្មា​គិត​ថា គេ​ចង់​ធ្វើ​បាប​អាត្មា”។

អំឡុង​ការ​សាកសួរ​​លោក ជា វណ្ណដា ព្រះ​​សង្ឃ​​ជាង​៣០​អង្គ​​ និង​អ្នក​គាំទ្រ​​ប្រហែល​​២០​​​នាក់​​ផ្សេង​​ទៀត​​បាន​ប្រមូល​ផ្ដុំគ្នា​​​​​នៅ​ផ្លូវ​ម្ខាង​ទៀត​ទល់​មុខ​សាលា​ដំបូង​រាជធានី​ ដោយ​ស្រែក​ឡើង​​​ថា ​”​ដោះលែង! ដោះលែង!​ ដោះលែង​!”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​​​ស៊ើបអង្កេត​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​​ក៏​មាន​វត្តមាន​​នៅ​កន្លែង​តវ៉ា​ដែរ​នោះ ​បាន​ចោទ​ប្រកាន់​​​តុលាការ​​ថា បាន​ចូលរួម​សម​គំនិត​​​​ដើម្បី​​ដាក់​ទោស​ព្រះសង្ឃ​​ព្រោះ​តែ​ការ​​​ចូល​រួម​នៅ​ក្នុង​​ការ​​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ថ្មីៗ​នេះ។

​លោក​មាន​ប្រសាសន៍​​ថា ”​ខ្ញុំ​គិត​ថា ករណី​នេះ​​មិន​ប្រក្រតី​ទេ ហើយ​ថា ការ​ចាប់​ខ្លួន​ព្រះ​​​សង្ឃ​ទាំង​ពីរ​អង្គ​នេះ​ ​​មានការ​រៀប​ផែន​ការ​រួច​ជាស្រេច​”។ លោក​បាន​គូស​បញ្ជាក់​ថា ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នេះ​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ចុះ​​ត្រួត​ពិនិត្យ​ព្រំដែន​​កម្ពុជា-​វៀតណាម​នៅ​​ក្នុង​ខេត្ត​ស្វាយ​​រៀង​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ”​យើង​ដឹង​ថា ​បច្ចុប្បន្ន​​ បញ្ហា​ក្ដៅ​គឺ​បញ្ហា​​ព្រំដែន ហេតុ​​ដូច្នេះ​ហើយ​​ទើប​មាន​ការ​ចាប់​ខ្លួន និង​ការ​​ឃុំ​ខ្លួន​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នេះ​”។

​ចៅក្រម​ស៊ើបសួរ អុី ថាវរៈ មិន​អាច​ទាក់​ទង​បាន​ទេ​៕ ស៊ុយឈាង​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស