34 C
Phnom Penh

ជន​​​សង្ស័យ​​​បី​​​នាក់​​​ក្នុង​​​ករណី​​​រំលោភ​​បូកលើ​​​ក្មេង​​​ស្រី​​​អាយុ​​​១៦ឆ​​្នាំ​​​នៅ​​​ស្រុក​​​មុខ​​​កំពូល​​​​​​ កំពុង​​​រត់​​​គេច​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មានសមត្ថ​កិច្ច​បាន​​​​ឲ្យ​​​ដឹង​​​ថា ពេល​​​នេះ​​​នគរ​​​បាល​​​កំពុង​​​តាម​​​ប្រមាញ់​​​យុវជន​​​បី​​​នាក់​​​ដែល​​​បាន​​​រំលោភបូក​​ទៅ​លើ​​​ក្មេង​​​ស្រី​​​អាយុ​​​១៦​​​ឆ្នាំ​​​ម្នាក់​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពីថ្ងៃ​​​អង្គារ។

លោក ជា នី អធិការ​​​រង​​​ស្រុក​​​មុខ​​​កំពូល​​​ខេត្ត​​​កណ្តាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា យុវជន​ឈ្មោះ សុង ផាន់ណា អាយុ​​​២២​​​​​​ឆ្នាំ ចាប ឡៃ​​​ហៀង​​​ អាយុ១៨ឆ្នាំ​​​ និងយុវជនម្នាក់​ទៀត​​អាយុ​​​​១៧​​​ឆ្នាំ​​​​​​​​ដែល​​​​​​ជាអ្នក​​​ជិត​​​ខាង​​​គ្នា​​​ បាន​​​បបួល​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ទៅ​​​ផឹក​​​ស៊ី​​​ជាមួយ​​​ពួក​​​​​​គេ​​​នៅ​​​ចំណុច​​ដី​​​ឡូតិ៍​​​​ទំនេរ​​​មួយ​​​​កន្លែង​ក្បែរ​​​ផ្ទះ​​​របស់​​​ពួកគេ​នៅម៉ោង​​​ប្រហែល​​​៣និង​​​៣០​​​នាទី​​​រសៀល​​​ថ្ងៃ​​​អង្គារ​​​។

លោក​​​បាន​​​លើក​​​ឡើ​​​ងថា ជន​​​សង្ស័យ​​​បាន​​​បង្ខំ​ឲ្យក្មេង​​ស្រី​​​រង​​​គ្រោះ​​ផឹក​​​ស្រា​​​យ៉ាង​​​ច្រើន​​ រួច​ធ្វើ​សកម្ម​ភាព​​​​រំលោភ​​​នាង​​​ នៅ​​​ពេល​​​នាង​​​ស្រវឹង​​​។ “ជន​សង្ស័យ​បាន​​​​​ចាប់​​​​​​ផ្តើម​​​រំលោភ​​​ជន​​​រង​​​គ្រោះ​​​​​​ក្នុង​​​គុម្ពោត​​​​​​ព្រៃ​​​ក្បែរ​​​កន្លែង​​​ពួក គេ​ផឹក​​​ស៊ី ហើយ​​​ពួក​​​គេ​​​បាន​​​​​​រំលោភ​​​​​ម្តង​​​ម្នាក់”។ លោក​​​បាន​​​បន្ថែម​​​ថា ក្មេង​​​មួយ​​​ក្រុម​​​ដែល​​​កំពុង​​​ឃ្វាល​​​គោ​​​ក្បែរ​​​នោះ​​​ បាន​​​ប្រទះ​ឃើញ​​​ហេតុ​​​ការណ៍​​​ចាប់​​​រំលោភ​​​នេះ​​​ ហើយ​​​ក៏រត់​​​​​​ទៅ​​​ប្រាប់​​​ឪពុក​​​មា​​​​របស់ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​​​​។

លោក​​​​មាន​ប្រសាសន៍​​ទៀត​​​ថា ពេល​​​នោះ​​​​​​ ឪពុក​​​មា​​​បាន​​​ជិះ​​​ម៉ូតូ​​​សំដៅ​​​ទៅ​​​កន្លែង​​​កើត​​​ហេតុ​​​ ធ្វើ​​​ឲ្យ​​​ជន​​​សង្ស័យ​​​រត់​​​គេច​​​ខ្លួន​​​ នៅពេល​​​ពួកគេ​​​ឮសំឡេង​​​ម៉ូតូ​​​របស់​​​គាត់​​​ចូល​​​ទៅ​កាន់​តែ​​​​ជិត។ ​បុរស​ជា​ឪពុក​​​មា​​​បាន​​​​​​ឃើញ​​​ក្មួយ​​​ស្រី​​​របស់​​​ខ្លួន​​​សន្លប់​​​ស្ដូកស្ដឹង​​​ ហើយ​​​ក៏​​​ប្រញាប់​​​បញ្ជូន​​​​​​​នាង​ទៅ​​​មន្ទីរ​​​ពេទ្យ​​​​​នៅ​​ក្នុង​​​មូល​​​ដ្ឋាន​​​​​​។ ​​​”យើង​​​​​​នឹង​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​បាន​​​ក្នុង​ពេល​ឆាប់​​​ៗ​​​។ ទោ​​ះជា​​​​ពួកគេ​​​​​​រត់​​​គេច​​​ខ្លួន​​​ក៏ដោយ ​​​យើង​​​ ស្គាល់​​​អាសយដ្ឋាន និង​​​ក្រុម​​​គ្រួសារ​​​ពួក​​​គេ​ហើយ​​​”។

លោក​​​ស្រី រុង ស្រីមុជ ​ជា​មន្ត្រី​​​កម្មវិធី​​​ស្ត្រី​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​កណ្តាលមាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​​ទៅ​​​​សង្គ្រោះ​​នៅ​មន្ទីរ​​​ពេទ្យ​​​ មួយ​កន្លែង​​​​ក្នុង​​ក្រុង​​​តាខ្មៅ​​​ ខេត្ត​​​កណ្តាល​​​ ហើយ​​​ រំពឹង ​​​ថា​​ នាង​នឹង​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​វិញ​​​នៅថ្ងៃ​​​នេះ​​​។

លោកស្រី​​​បាន​​​គូស​​​បញ្ជាក់​​​ថា ​នៅ​ក្នុង​ខេត្ត​ កណ្តាល ​ករណី​​​​ចាប់​រំលោភ​​​កុមារ​​​​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​រាយការណ៍​​​ មាន​​​ចំនួន​​​១០​​​ករណី​​​ចាប់​​​តាំង​​​ពីខែ​​​មករា​​​មក​​​ ពោល​​គឺ​កើន​ឡើង​ធៀប​នឹង​​​​រយៈ​​​ពេលដូច​​​គ្នា​​​​កាល​ពី​ឆ្នាំ​​​មុន​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស