29 C
Phnom Penh

អ្នក​តវ៉ា​រាប់​សិប​នាក់​​ទាម​ទារ​ឲ្យ​​តុលាការ​ដោះលែង​សកម្មជន​​​​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​​ខេត្ត​​​កោះកុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​សកម្មជន​​ការ​ពារ​សិទ្ធិ​មនុស្ស និង​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​មនុស្ស​រាប់​សិប​នាក់​បាន​នាំគ្នា​តវ៉ា​​នៅ​ខាង​ក្រៅ​ពន្ធនា​គារ​​ខេត្ត​កោះ​កុង ដោយ​ទាមទារ​​ឲ្យ​ដោះលែង​​សកម្មជន​បី​នាក់​​[មកពី​អង្គការ​មាតាធម្មជាតិ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​បរិស្ថាន]​ ​​ដែល​​​ត្រូវ​បាន​ចោទ​ប្រកាន់​​កាលពី​ថ្ងៃ​ច័ន្ទ ពី​បទ​គំរាម​បង្ក​ការ​ខូច​ខាត។

លោក អុិន គង់ចិត្រ អ្នក​សម្រប​សម្រួល​នៅ​​អង្គការសិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​នេះ​បាន​លើក​ឡើង​ថា មនុស្ស​ប្រហែល​៤៥​នាក់​បាន​នាំ​គ្នា​ប្រមូល​​ផ្ដុំ​នៅ​ខាង​ក្រៅ​​ពន្ធនា​គារ​ក្នុង​ក្រុង​​ខេមរភូមិន្ទ ​អំឡុង​ពេល​ព្រឹក​​ដើម្បី​ទាម​ទារ​​ឲ្យ​មានការ​ដោះលែង​លោក​ ស៊ឹម សំណាង លោក ទ្រី សុវិជ្ជា និង លោក ស៊ុន ម៉ាឡា។ អ្នក​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ចាប់​​ខ្លួន និង​ចោទ​ប្រកាន់​​បន្ទាប់ពី​​ធ្វើ​ការ​តវ៉ា​​ជា​​ច្រើន​ខែ​ប្រឆាំង​ក្រុម​ហ៊ុន Direct Access​ ជា​ក្រុម​ហ៊ុន​ដែល​ពួកគាត់​ចោទ​ប្រកាន់​ថា បាន​​​បូម​​​ខ្សាច់​​​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រែក​អណ្ដូង​​​ទឹក ក្នុង​ស្រុក​បទុម​សាគរ​។

លោក​ អុិន គង់​ចិត្រ ​ដែល​អង្គការ​របស់​លោក​​បាន​ផ្ដល់​​មេធាវី​ដល់​សកម្មជន​ទាំង​នេះ​​​បាន​លើក​ឡើង​បន្ត​ថា នគរ​បាល​បាន​ប្រើ​ប្រាស់​​ម៉ូតូ​ធ្វើជា​របាំង​​ដើម្បី​រារាំង​​មនុស្ស​​ប្រហែល​៤៥​នាក់​ផ្សេង​ទៀត​មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​​​ការ​តវ៉ា​នៅ​ឯ​ពន្ធនាគារ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ប៉ុន្តែ​ពួក​គាត់​​​​បាន​​​​ទម្លុះ​របាំង​ ហើយ​ទៅ​ចូល​រួម​ជាមួយ​មនុស្ស​​​ចំនួន​៤៥​​”។ លោក​បាន​បន្ថែម​ថា មក​ដល់​ពេល​​​រសៀល​​ចំនួន​អ្នក​តវ៉ា​បាន​កើន​ឡើង​ដល់​ជាង​២០០​នាក់​។

​លោក​​បាន​លើក​ឡើងបន្ត​​ទៀត​ថា ដោយ​​ចាប់​ផ្ដើម​នៅ​​ម៉ោង​ប្រហែល​២​រសៀល​ ​​​ក្រុម​​​អ្នក​តវ៉ា​បាន​នាំគ្នា​ហែក្បួន​​ប្រហែល​៧​គីឡូ​ម៉ែត្រ​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​កោះកុង ដោយ​​​មាន​​​នគរ​បាល​ដើរ​តាម​​។

លោក សម ឃិតវៀន ស្នង​ការ​​នគរ​បាល​​​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​មន្ត្រី​នគរ​បាល​មិន​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​តវ៉ា​នេះ​ទេ ហើយ​លោក​បាន​ប៉ាន់​ប្រមាណ​ថា មាន​អ្នក​តវ៉ា​​សរុប​ប្រហែល​៨០​នាក់​។

លោក សន ចាន់តារា សកម្មជន​មកពី​អង្គការ​​​មាតា​ធម្មជាតិ​ម្នាក់​​ទៀត​​ដែល​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ានេះ​បាន​លើក​ឡើង​​​នៅ​រសៀល​នោះ​​​ថា ​អ្នក​តវ៉ា​​ចំនួន​៦០​នាក់​​ និង​បោះ​ទីតាំង​នៅ​ខាង​ក្រៅ​តុលាការ​​​​មួយ​យប់ ហើយ​បន្ត​​ទាម​ទារ​ឲ្យ​មាន​ការ​​ដោះលែង​សកម្មជន​​​បន្ត​ទៀត​នៅ​​ថ្ងៃ​នេះ​។

កាលពី​ថ្ងៃ​ច័ន្ទ នគរ​បាល​បាន​លើក​ឡើង​ថា ​អ្នក​ទាំង​បី​នាក់​នេះ​​ត្រូវ​បាន​​​ចាប់​ខ្លួន​ពីបទ​មិន​បាន​​​ធ្វើ​តាម​ការ​កោះ​​ហៅ​​​ឲ្យ​បង្ហាញ​ខ្លួន​នៅ​​តុលាការ​​ដើម្បី​សាកសួរ​កាលពី​ថ្ងៃ​សុក្រ។ ​​មន្ត្រី​តុលាការ​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ។

​ក្រសួង​រ៉ែ និង​ថាមពល​ ​បាន​លើក​ឡើង​ថា​ អ្នក​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​​​​គំរាម​បំផ្លិច​បំផ្លាញ​​សម្ភារ​​របស់​ក្រុម​ហ៊ុន Direct Access។

ក្រសួង​​នេះ​​លើក​ឡើង​​តាម​រយៈ​អុីម៉េល​មួយ​ថា ”​តុលាការ​​ទទួល​​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន ព្រោះ​អ្នក​ទាំង​នោះ​​បាន​​​​សម្រុក​ឡើង​លើ​សាឡង់​ដើម្បី​​​ប៉ុន​ប៉ង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន”។

ក្រសួង​​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុន​ Direct Access ​ដើម្បី​បូម​ខ្សាច់​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​អាជ្ញាប័ណ្ណ​នេះ​បាន​ផុត​​​​សុពលភាព​​​កាល ​ពី​​​ម្សិលមិញ។ ក្រសួង​​​បាន​លើក​ឡើង​ថា ខ្លួន​នៅ​​​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា តើ​​នឹង​ត្រូវ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​ក្រុមហ៊ុន​ឬ​យ៉ាង​ណា​​​ ប៉ុន្តែ​​​ថា ក្រុម​ហ៊ុន​​​ត្រូវ​តម្រូវ​ឲ្យ​​ឈប់​បូម​ខ្សាច់ ​​រហូត​​​ទាល់​តែ​មាន​ការ​​សម្រេច​សិន៕ ស៊ុយឈាង​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស