អង្គការសហប្រជាជាតិបានប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ឲ្យរដ្ឋាភិបាលខ្ចីកាលពីម្សិលមិញ ដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានសាទរចំពោះភាពដូចគ្នានៃផែនទីទាំងនេះទៅនឹងផែនទីរបស់រដ្ឋាភិបាល ហើយចាត់ទុកវាជាភ័ស្តុតាងបង្ហាញថា ខ្លួនមិនបានបោះបង្គោលព្រំដែនដោយប្រើប្រាស់ផែនទីខុសច្បាប់ដែលគូសដោយវៀតណាម ឡើយ។

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ដើមយុទ្ធនាការមួយកាលពីបីខែមុនដើម្បីចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់វៀតណាម ចូលមកក្នុងទឹកដីកម្ពុជា ដោយទាមទារឲ្យរដ្ឋាភិបាលបញ្ចេញផែនទីព្រំដែនផ្លូវការ ដើម្បីឲ្យខ្លួនផ្ទៀងផ្ទាត់មើលថា តើបង្គោលព្រំដែនបោះនៅកន្លែងត្រឹមត្រូវដែរឬទេ។
ការបដិសេធរបស់រដ្ឋាភិបាលមិនព្រមបញ្ចេញផែនទី បានញ៉ាំងឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនចោទប្រកាន់គណបក្សកាន់អំណាចថាកំពុងលាក់បាំងការប្រើប្រាស់របស់ខ្លួននូវផែនទីគូសដោយវៀតណាម ជំនួសឲ្យការប្រើប្រាស់ផែនទីគូសដោយអាណានិគមនិយមបារាំង ដែលត្រូវបានចែងទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញ និងដែត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិ។
ក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិកាលពីខែមុន។ខណៈអង្គការសហប្រជាជាតិលើកឡើងថា ខ្លួនរកមិនឃើញផែនទីដែលមានចែងទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ និងដែលគូសដោយបារាំង ចន្លោះពីឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៥៣នោះ លោកស្រី មេរៀនី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា (Mereani Keleti Vakasisikakala) នាយកស្ដីទីនៃបណ្ណាល័យ ឌែក ហ៊ែម៉ាស្កូល (Dag Hammarskjold) របស់អង្គការសហប្រជាជាតិ បានធ្វើដំណើរទៅដល់ការិយាល័យរបស់លោក ហ៊ុន សែន ក្នុងរាជធានីភ្នំេពញ កាលពីម្សិលមិញ ដើម្បីប្រគល់ផែនទីព្រំដែនដែលខ្លួនបានរកឃើញ។
លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា ”យោងតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា យើងមកទីនេះក្នុងឋានៈជាមន្ត្រីចាត់តាំងរបស់អង្គការសហប្រជាជាតិ ដើម្បីប្រគល់ផែនទីជូនរដ្ឋាភិបាល។ យើងសូមគូសបញ្ជាក់ថា សូមកុំយល់ថា ការដែលយើងប្រគល់ផែនទីទាំងនេះជូនរដ្ឋាភិបាល បញ្ជាក់ពីការគាំទ្រ ឬការទទួលស្គាល់ផ្លូវការណាមួយដោយអង្គការសហប្រជាជាតិ នូវព្រំដែន ឬឈ្មោះដែលមានបង្ហាញនៅលើផែនទីទាំងនេះឲ្យសោះ”។

ផែនទីដែលអង្គការសហប្រជាជាតិឲ្យខ្ចី មិនមែនជាផែនទីបូន (Bonne) គូសដោយបារាំង និងដែលត្រូវបានព្រះអង្គម្ចាស់ នរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិឡើយ។ ផ្ទុយទៅវិញ វាដូចគ្នានឹងផែនទីយូធីអឹម (UTM) ដែលលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ត្រូវបានប្រគល់ជូនអង្គការសហប្រជាជាតិអំឡុងសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។
ទោះបីជាបែបនេះក្ដី ក៏លោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានប្រើប្រាស់ផែនទីដែលអង្គការសហប្រជាជាតិបានយកមកប្រគល់ឲ្យកាលពីម្សិលមិញ ដើម្បីបង្ខូចការអះអាងរបស់មន្ត្រីមួយចំនួននៅក្នុងជួរគណបក្សសង្គ្រោះជាតិដែលលើកឡើងថា រដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់ផែនទីមិនត្រឹមត្រូវ។
លោក វ៉ា គឹមហុង បានលាត្រដាងច្បាប់ចម្លងនៃផែនទីបូនឆ្នាំ១៩៣៣-១៩៥៣របស់រដ្ឋាភិបាលដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីយូធីអឹមរបស់អង្គការសហប្រជាជាតិដែលបានបង្ហាញថា បន្ទាត់ព្រំដែននៅលើផែនទីទាំងពីរ គឺស្ទើរតែដូចគ្នាគ្រប់ផ្នែក។
ចំណែកឯលោក ហោ ណាំហុង បានមានប្រសាសន៍ថា ការធ្វើបទបង្ហាញរបស់លោក វ៉ា គឹមហុង បានបង្ហាញពីភាពឆ្កួតលេលារបស់គណបក្សសង្គ្រោះជាតិ។ លោកបានលើកឡើងថា ”ផែនទីរបស់យើងសរុបមាន២៦ផ្ទាំង ប៉ុន្តែយើងយកមកតែ១៨ផ្ទាំងទេដើម្បីឲ្យដូចគ្នានឹងផែនទី១៨ផ្ទាំងដែលបានពីអង្គការសហប្រជាជាតិ ដូច្នេះយើងអាចឃើញថា វាមិនខុសគ្នាទេ”។
យុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិដើម្បីបង្ខូចកិច្ចការព្រំដែនរបស់រដ្ឋាភិបាលបានឈានដល់ទ្រង់ទ្រាយធំបំផុតកាលពីថ្ងៃទី១៩ខែកក្កដា នៅពេលលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះបានដឹកនាំអ្នកគាំទ្រប្រហែល២.៥០០នាក់ចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តស្វាយរៀង ប៉ុន្តែទាហាន នគរបាលនិងក្រុមស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបង បានរារាំងក្រុមនេះមិនឲ្យទៅត្រួតពិនិត្យបង្គោលព្រំដែនឡើយ។
ពីរថ្ងៃក្រោយមក សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប ដែលជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿង”កុបកម្ម”ដ៏អូសបន្លាយត្រូវបានកាត់ទោសភ្លាមៗឲ្យជាប់ពន្ធនាគារចន្លោះពី៧ឆ្នាំដល់២០ឆ្នាំ។ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានលើកឡើងថា លោកចាត់ទុកសេចក្តីសម្រេចនេះជាសារមួយប្រាប់ឲ្យបញ្ចប់យុទ្ធនាការព្រំដែន។
ទីបំផុត លោក សម រង្ស៊ី បានផ្អាកយុទ្ធនាការព្រំដែននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងដែលស្ថិតក្នុងចំណោមក្រុមបញ្ញវន្តនៅពីក្រោយយុទ្ធនាការនេះ ត្រូវបានចាប់ខ្លួនតាមបទបញ្ជារបស់លោក ហ៊ុន សែន ពីបទបង្ហាញច្បាប់ចម្លងសន្ធិសញ្ញាព្រំដែនក្លែងក្លាយជាមួយប្រទេសវៀតណាម នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះតាមហ្វេសប៊ុក។
លោក គឹមសួរ ភិរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលដឹកនាំគណៈប្រតិភូគណបក្សប្រឆាំងទៅចូលរួមពិធីប្រគល់ទទួលផែនទីកាលពីម្សិលមិញ បានលើកឡើងបន្ទាប់ពីពិធីនេះថា គណបក្សប្រឆាំងនឹងមិនបញ្ចេញយោបល់អ្វីឡើយរហូតទាល់តែអង្គការសហប្រជាជាតិបង្ហាញផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោកបានមានប្រសាសន៍ថា “ផែនទីរបស់អង្គការសហប្រជាជាតិ គឺជាផែនទី UTM ហើយមានតែ១៨ផ្ទាំងប៉ុណ្ណោះ ហើយផែនទីនេះមិនមែនជាផែនទីដែលកម្ពុជាប្រគល់ឲ្យអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣នោះទេ។ ផែនទីទាំងនេះដូចគ្នា ប៉ុន្តែយើងមិនទាន់អាចនិយាយបានថា តើផែនទី [របស់គណបក្សប្រជាជនកម្ពុជា] ជាផែនទីពិតឬក្លែងក្លាយនោះទេ។ បើយើងមានផែនទីពីបារាំង [ផែនទីបូន] និងពីក្រុមអ្នកជំនាញ យើងអាចបញ្ជាក់បានថាវាជាផែនទីពិតឬក៏អត់”។
គណបក្សប្រឆាំងបានចាប់ផ្ដើមបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យបញ្ចេញផែនទីព្រំដែនរបស់ខ្លួន ដើម្បីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិយកទៅផ្ទៀងផ្ទាត់ថា តើបង្គោលព្រំដែនត្រូវបានបោះដោយខុសច្បាប់នៅក្នុងទឹកដីកម្ពុជាឬយ៉ាងណា។
លោក គឹមសួរ ភិរិទ្ធ បានមានប្រសាសន៍បន្ថែមទៀតថា នោះនៅតែជាក្ដីព្រួយបារម្ភដ៏ធំរបស់គណបក្សសង្គ្រោះជាតិ មិនថា ផែនទីរបស់រដ្ឋាភិបាលដូចគ្នាបេះបិទនឹងផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឬយ៉ាងណាឡើយ។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ភាពដូចគ្នានៃផែនទីរបស់រដ្ឋាភិបាល និងផែនទីរបស់អង្គការសហប្រជាជាតិបង្ហាញថា គណបក្សប្រឆាំងបាននិងកំពុងដឹកនាំយុទ្ធនាការទុច្ចរិត។
លោកបានមានប្រសាសន៍ថា ”ការផ្ទៀងផ្ទាត់ផែនទីនៅថ្ងៃនេះបង្ហាញថា ផែនទីរបស់រដ្ឋាភិបាលដែលប្រើប្រាស់សម្រាប់ព្រំដែនរវាងកម្ពុជា និងវៀតណាម គឺជាផែនទីត្រឹមត្រូវ ហើយវាជាភ័ស្តុតាងបង្ហាញថា អ្នកនយោបាយអគតិមួយចំនួនដែលតែងតែមូលបង្កាច់រដ្ឋាភិបាលពាក់ព័ន្ធផែនទីក្លែងក្លាយ អស់ផ្លូវបោកប្រាស់ពលរដ្ឋទៀតហើយ”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Willemyns)