លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​​មាន​បង្ហាញ​ផែនទី​ទៅ​លោកស្រី មេរៀនី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា ​​នាយក​ស្ដីទី​​នៃ​បណ្ណាល័យ​​​របស់​អង្គការ​សហប្រជាជាតិ​​​ នៅ​ការិយាល័យ​របស់​លោក ហ៊ុន សែន​ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ប័ណ្ណសារ

​រាជ​រដ្ឋាភិបាល​​​ថា ផែនទី​របស់​អង្គការ​​​​សហប្រជាជាតិ​ បង្ហាញ​​​ថា ​ផែនទី​របស់​ខ្លួន​​ស្រប​ច្បាប់​

By

August 21, 2015

អង្គការ​សហប្រជាជាតិ​​បាន​​ប្រគល់​ផែន​ទី​​ព្រំដែន​កម្ពុជា-​វៀតណាម ឲ្យ​រដ្ឋាភិបាល​ខ្ចី​កាល​​ពី​ម្សិលមិញ ដោយ​លោក​​ ហោ ណាំហុង ​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​បាន​សាទរចំពោះ​​​​ភាព​​ដូច​​គ្នា​នៃ​ផែនទី​​ទាំង​នេះ​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល ហើយ​ចាត់​ទុក​វា​​ជា​ភ័ស្តុ​តាង​​​បង្ហាញ​ថា ខ្លួន​មិន​បាន​បោះ​បង្គោល​ព្រំដែន​​ដោយ​​ប្រើ​ប្រាស់​ផែនទី​​ខុស​ច្បាប់​​ដែល​គូស​​ដោយ​វៀតណាម ឡើយ​​។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​​មាន​បង្ហាញ​ផែនទី​ទៅ​លោកស្រី មេរៀនី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា ​​នាយក​ស្ដីទី​​នៃ​បណ្ណាល័យ​​​របស់​អង្គការ​សហប្រជាជាតិ​​​ នៅ​ការិយាល័យ​របស់​លោក ហ៊ុន សែន​ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ផ្ដើម​យុទ្ធនាការ​​មួយ​កាលពី​​បី​ខែ​មុន​ដើម្បី​ចោទ​ប្រកាន់​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​​ថា​ពាក់ព័ន្ធ​​នឹង​សកម្ម​ភាព​ឈ្លាន​ពាន​របស់​វៀតណាម ​ចូល​មក​​​ក្នុង​​ទឹក​ដី​កម្ពុជា ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​​បញ្ចេញ​ផែនទី​ព្រំដែន​ផ្លូវ​ការ​​ ដើម្បី​ឲ្យ​ខ្លួន​​ផ្ទៀង​ផ្ទាត់​មើល​ថា តើ​បង្គោល​ព្រំដែន​បោះ​នៅ​កន្លែង​ត្រឹម​ត្រូវ​​​ដែរ​ឬទេ។

ការ​បដិសេធ​​របស់​រដ្ឋាភិបាល​មិន​ព្រម​បញ្ចេញ​ផែនទី​ បាន​​ញ៉ាំង​ឲ្យ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​​មួយ​ចំនួន​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​​ថា​កំពុង​លាក់​បាំង​ការ​ប្រើ​ប្រាស់​របស់​ខ្លួន​នូវ​ផែនទី​គូស​ដោយ​វៀតណាម​ ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ផែនទី​គូសដោយ​អាណា​និគមនិយម​បារាំង​ ដែល​ត្រូវ​បាន​ចែង​ទទួល​ស្គាល់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និងដែ​ត្រូវ​បាន​​ដាក់​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​។

ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ស្នើ​សុំ​ខ្ចី​ផែនទី​​ពី​អង្គការ​សហ​ប្រជា​​ជាតិ​កាលពី​ខែ​មុន។ខណៈ​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា ខ្លួន​រក​មិន​ឃើញ​ផែនទី​​​ដែល​មាន​ចែង​ទទួល​ស្គាល់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដែល​គូស​ដោយ​បារាំង ​ចន្លោះ​ពី​ឆ្នាំ​១៩៣៣​ដល់​ឆ្នាំ​១៩៥៣​នោះ លោកស្រី មេរៀនី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា (Mereani Keleti Vakasisi​kakala) នាយក​ស្ដីទី​នៃ​បណ្ណាល័យ​​ ឌែក ហ៊ែម៉ា​ស្កូល (Dag Hammarskjold) របស់​អង្គការ​សហ​ប្រជាជាតិ ​​បាន​​ធ្វើ​​ដំណើរ​ទៅដល់​​ការិយា​ល័យ​​​​​​​របស់​លោក ហ៊ុន សែន ក្នុង​រាជធានី​ភ្នំេពញ​ កាលពី​ម្សិលមិញ ដើម្បី​ប្រគល់​ផែនទី​ព្រំដែន​ដែល​ខ្លួន​បាន​រក​ឃើញ​។

លោកស្រី​​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​​​ថា ”​យោង​តាម​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា​​ យើង​មក​ទី​នេះ​​ក្នុង​ឋានៈ​ជា​មន្ត្រី​ចាត់​តាំង​របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ប្រគល់​ផែនទី​ជូន​រដ្ឋាភិបាល​។ យើង​សូម​គូស​បញ្ជាក់​ថា សូម​​​កុំ​យល់​ថា ការដែល​យើង​​ប្រគល់​​ផែន​ទី​ទាំង​​នេះ​ជូន​រដ្ឋាភិបាល​​​ បញ្ជាក់​ពី​ការ​គាំទ្រ​ ឬ​ការ​​ទទួល​ស្គាល់​​ផ្លូវ​ការ​ណា​មួយ​ដោយ​អង្គការ​សហប្រជាជាតិ​ នូវ​ព្រំដែន​ ឬ​ឈ្មោះ​ដែល​មាន​​​​បង្ហាញ​នៅ​លើ​ផែន​ទី​ទាំង​នេះ​ឲ្យ​សោះ”។

​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​​មាន​ប្រសាសន៍​ជាមួយ​លោកស្រី មេរៀនី កេឡេទី វ៉ាកាស៊ីស៊ីកាកាឡា ​​នាយក​ស្ដីទី​​នៃ​បណ្ណាល័យ​​​របស់​អង្គការ​សហប្រជាជាតិ​​​ នៅ​ការិយាល័យ​របស់​លោក ហ៊ុន សែន​ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ផែនទី​ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​ខ្ចី​ មិន​​មែន​ជា​ផែនទី​បូន (Bonne) ​គូស​ដោយ​បារាំង​ និង​ដែល​ត្រូវ​បាន​ព្រះអង្គម្ចាស់​ នរោត្តម សីហនុ ​​យក​ទៅ​តម្កល់​​​នៅ​អង្គការ​សហប្រជា​​​ជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​វា​​ដូច​គ្នា​​នឹង​ផែន​ទី​យូធីអឹម (UTM) ដែល​លោក ផៃ ស៊ីផាន ​​អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​​​​ថា ត្រូវ​បាន​ប្រគល់​ជូន​អង្គការ​សហ​ប្រជា​​ជាតិ​​​អំឡុង​សហរដ្ឋ​អាមេរិក ​ទម្លាក់​គ្រាប់​បែក​លើ​​ប្រទេស​កម្ពុជា​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។

ទោះបី​ជា​បែប​នេះ​ក្ដី​​ ក៏​លោក វ៉ា គឹម​ហុង រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ​បាន​ប្រើ​ប្រាស់​ផែនទី​ដែល​អង្គការ​សហប្រជាជាតិ​បាន​យក​មក​ប្រគល់​​ឲ្យ​កាលពី​​ម្សិលមិញ ដើម្បី​បង្ខូច​​ការ​អះអាង​​​របស់​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​លើក​​​​​ឡើង​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ប្រើ​ប្រាស់​ផែនទី​​មិន​ត្រឹម​ត្រូវ​។

លោក វ៉ា គឹមហុង ​បាន​​លាត្រដាង​ច្បាប់​ចម្លង​នៃ​ផែនទី​បូន​​ឆ្នាំ​១៩៣៣​-១៩៥៣​របស់​រដ្ឋាភិបាល​​​​​ដើម្បី​ផ្ទៀង​ផ្ទាត់​ជា​​មួយ​ផែនទី​យូធីអឹម​របស់​អង្គការ​សហប្រជាជាតិ​ដែល​​បាន​បង្ហាញ​ថា បន្ទាត់​ព្រំដែន​នៅ​លើ​ផែនទី​ទាំងពីរ ​គឺ​ស្ទើរ​តែ​ដូច​គ្នា​គ្រប់​ផ្នែក។

ចំណែក​ឯ​លោក ហោ ណាំហុង ​​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក វ៉ា គឹមហុង បាន​បង្ហាញ​ពី​​ភាព​​ឆ្កួត​លេលា​​របស់​​​គណបក្ស​សង្គ្រោះជាតិ​​។ លោក​បាន​លើក​ឡើង​ថា ”​ផែនទី​​របស់​យើង​​សរុប​មាន​២៦​ផ្ទាំង​ ប៉ុន្តែ​យើង​យក​មក​តែ​១៨​ផ្ទាំង​ទេដើម្បី​ឲ្យ​ដូច​គ្នា​នឹង​ផែនទី​​១៨​ផ្ទាំង​ដែល​បាន​ពី​អង្គការ​សហប្រជាជាតិ ដូច្នេះ​យើង​អាច​ឃើញ​​​ថា វា​មិន​ខុស​គ្នា​ទេ​”។​​​​​​​​​

យុទ្ធនាការ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​​បង្ខូច​កិច្ច​ការ​ព្រំដែន​​របស់​រដ្ឋាភិបាល​​បាន​ឈានដល់​ទ្រង់ទ្រាយ​ធំបំផុត​កាល​ពី​ថ្ងៃ​ទី​​១៩​ខែ​កក្កដា​ នៅ​ពេល​​លោក​ រៀល ​​ខេមរិន្ទ្រ​​ ​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​បាន​ដឹកនាំ​អ្នក​គាំទ្រ​ប្រហែល​​២.៥០០នាក់​ចុះ​ទៅកាន់​ព្រំដែន​កម្ពុជា​-វៀតណាម​ក្នុង​ខេត្ត​​ស្វាយ​រៀង​ ​ប៉ុន្តែ​​​ទាហាន​ នគរបាល​និង​ក្រុម​ស្លៀក​ពាក​់​ស៊ីវិល​ប្រដាប់ដោយ​ដំបង​​​ បានរារាំង​​ក្រុម​នេះ​​​​មិន​​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​ឡើយ​។​

ពីរថ្ងៃ​ក្រោយមក​ សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ​ចំនួន​១១រូប​ ដែលជាប់ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​​”កុបកម្ម”​ដ៏អូស​បន្លាយ​ត្រូវបាន​កាត់​ទោស​ភ្លាម​ៗ​ឲ្យជាប់​ពន្ធនាគារ​ចន្លោះពី​៧​ឆ្នាំ​ដល់​២០ឆ្នាំ​។​ លោក​ សម ​រង្ស៊ី​ ​ប្រធាន​គណ​បក្ស​ប្រឆាំង​ បានលើកឡើងថា​ លោក​ចាត់ទុក​សេចក្តីសម្រេចនេះជា​សារ​មួយ​​​​​​​ប្រាប់​ឲ្យ​​បញ្ចប់​យុទ្ធនាការ​ព្រំដែន។​

ទីបំផុត​ លោក​ សម​ រង្ស៊ី​ បាន​ផ្អាកយុទ្ធនា​ការ​ព្រំដែន​នៅក្នុង​សប្តាហ៍​នេះ​ បន្ទាប់ពី​លោក​​ ​​​ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ប្រឆាំង​ និង​​ដែល​ស្ថិត​​ក្នុង​ចំណោម​ក្រុម​បញ្ញវន្ត​​​នៅ​ពីក្រោយ​យុទ្ធនាការ​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​​​​តាម​បទ​​បញ្ជា​របស់លោក​ ហ៊ុន សែន​ ពីបទ​បង្ហាញ​​ច្បាប់ចម្លង​សន្ធិសញ្ញាព្រំដែន​ក្លែង​ក្លាយ​​​​ជាមួយ​ប្រទេស​វៀតណាម​ នៅក្នុង​វីដេអូ​ឃ្លីប​​​មួយ​ដែលត្រូវបានបង្ហោះ​តាម​ហ្វេសប៊ុក។

លោក គឹមសួរ ភិរិទ្ធ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ប្រឆាំង​​​​ទៅ​ចូល​រួម​ពិធី​​ប្រគល់​ទទួល​ផែនទី​កាលពី​ម្សិលមិញ បាន​លើក​ឡើង​​​បន្ទាប់​​​ពី​ពិធី​នេះ​ថា គណបក្ស​​ប្រឆាំង​​នឹង​​មិន​បញ្ចេញ​​​យោបល់​​​អ្វី​ឡើយ​​​រហូត​ទាល់​តែ​អង្គការ​សហ​ប្រជា​ជាតិ​​​​បង្ហាញ​ផែនទី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​​។

លោក​បាន​មាន​ប្រសាសន៍​​ថា “​ផែនទី​របស់​​​អង្គការ​សហប្រជាជាតិ គឺ​​ជា​ផែនទី UTM ហើយ​​​​មាន​តែ​១៨​ផ្ទាំង​ប៉ុណ្ណោះ ​ហើយ​ផែនទី​នេះ​មិន​​​​​មែន​ជាផែនទី​ដែល​កម្ពុជា​​ប្រគល់​ឲ្យ​​អង្គការ​​​សហប្រជាជាតិ​​​ក្នុង​ឆ្នាំ​១៩៩៣​​នោះ​ទេ​​។ ផែន​ទី​​​​​​​​​​​ទាំង​នេះ​​ដូច​​គ្នា​​ ប៉ុន្តែ​យើង​មិន​ទាន​់​អាច​​​​និយាយ​បាន​ថា តើ​ផែនទី​​​ [របស់​គណបក្ស​ប្រជា​​​​​ជន​កម្ពុជា​] ជា​ផែនទី​ពិត​​ឬក្លែង​ក្លាយ​នោះទេ​។ ​​បើ​យើង​មាន​ផែនទី​​ពី​បារាំង [ផែនទីបូន] និង​​​ពី​ក្រុម​អ្នក​​ជំនាញ យើង​អាច​បញ្ជាក់​បាន​ថា​វា​ជា​ផែនទី​ពិត​ឬក៏​អត់​​​​”។

គណបក្ស​ប្រឆាំង​បាន​ចាប់​ផ្ដើម​បញ្ចុះ​បញ្ចូល​​​​រដ្ឋាភិបាល​ឲ្យ​​បញ្ចេញ​ផែនទី​​​ព្រំដែន​របស់​ខ្លួន ដើម្បី​ឲ្យ​សកម្មជន​​គណបក្ស​សង្គ្រោះ​​ជាតិ​យក​ទៅ​​ផ្ទៀង​ផ្ទាត់​ថា​ តើ​បង្គោល​ព្រំដែន​​​​​​​ត្រូវ​​​បាន​បោះ​ដោយ​ខុស​​ច្បាប់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ឬ​យ៉ាង​ណា។

លោក គឹមសួរ ភិរិទ្ធ បាន​​មាន​ប្រសាសន៍​​​​​បន្ថែម​ទៀត​ថា ​នោះ​នៅ​តែ​ជា​ក្ដី​ព្រួយ​បារម្ភ​​​​ដ៏ធំ​របស់​​គណ​បក្ស​សង្គ្រោះជាតិ​ មិន​ថា​ ផែនទី​របស់​រដ្ឋា​​ភិបាល​​​​ដូច​គ្នា​បេះ​បិទ​​​នឹង​ផែនទី​​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​​ឬយ៉ាង​ណាឡើយ​។ ​​

ទោះ​ជាយ៉ាង​​ណា លោក សុខ ឥសាន អ្នក​​​​​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​លើក​ឡើង​ថា ភាព​​ដូច​គ្នា​នៃ​ផែនទី​របស់​រដ្ឋាភិបាល ​​​និង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​​​ថា គណបក្ស​ប្រឆាំង​​បាន​និង​កំពុង​ដឹកនាំ​យុទ្ធនា​​ការ​​​ទុច្ចរិត​​។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ការ​​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​​​​ថ្ងៃ​នេះ​បង្ហាញ​ថា ផែនទី​របស់​រដ្ឋាភិបាល​​​ដែល​​ប្រើ​​​​ប្រាស់​សម្រាប់​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ គឺ​ជា​ផែនទី​ត្រឹម​ត្រូវ ហើយ​វា​ជា​ភ័ស្តុតាង​បង្ហាញ​ថា អ្នក​នយោ​បាយ​​​អគតិ​​​មួយ​ចំនួន​ដែល​តែង​តែ​​​មូល​បង្កាច់​​​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផែនទី​ក្លែង​ក្លាយ​​ អស់​ផ្លូវ​បោក​ប្រាស់​ពល​រដ្ឋ​ទៀត​ហើយ”៕ សុខុម និង ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)