40.3 C
Phnom Penh

ឈ្មួញ​​​ត្រី​​​​​​ឆ្តោ​​​ខុស​​​ច្បាប់​​​រត់​​​គេច​​​ខ្លួន​​​ បន្ទាប់​​​ពីបើក​​​រថយន្ត​​​តួរីស​​​​​​បុក​​​រថយន្ត​​​នគរ​​​បាល​​​ដែល​​​ដេញ​​​តាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​និយាយ​​​ថា នគរ​​​បាល​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​​​​ឈ្មួញ​​​ត្រី​​​ឆ្តោ​​​ដែល​​​បាន​​​​​​រត់​​​គេច​​​ខ្លួន​​​ពី​​​ក្រុង​​​ពោធិ៍សាត់​​​កា​​​លពី​​​ព្រឹក​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​បាន​​​បើក​​​រថយន្ត​​​​​​​​​​​​របស់​​​គាត់​​​បុក​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ដែល​​​បើក​​​បរ​​​ដោយ​​​ក្រុម​​​មន្ត្រី​​​មក​​​ពី​​​​​​ការ​​​ិយាល័យ​​​បង្ក្រាប​​​បទ​​​ល្មើស​​​សេដ្ឋ​​​កិច្ច​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​វា​​​ខូច​​​ខាត​​​។

លោក​​​ ទូច យុទ្ធា នាយ​​​ការិយាល័យ​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​ពីរ​​​នាក់​​​របស់​​​លោក​​​បាន​​​បើក​​​ដេញ​​​តាម​​​រថយន្ត​​​តួរីស​​​សាំង​​​យ៉ុង តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​ សង្កាត់​​​រលាប​​​ ក្នុង​​​ក្រុង​​​នេះ​​​ក្រោយ​​​ពីបាន​​​ទទួល​​​ព័ត៌​​​មាន​​​ថា រថយន្ត​​​នេះ​​​កំពុង​​​ដឹក​​​ត្រី​​​ដោយ​​​ខុស​​​ច្បាប់​​​។ នៅ​​​ពេល​​​ពួក​​​គេ​​​​​​បើក​​​ដេញ តាម​​​ទាន់​​​រថយន្ត​​​នោះ​​​ក្នុង​​​បំណង​​​​​​ បង្ខំ​​​ឲ្យ​​​ឈប់​​​ អ្នក​​​បើក​​​រថយន្ត​​​តួរីស​​​នេះ​​​​​​បាន​​​ឆ្លើយ​​​តប​​​ដោយ​​​​​​ហិង្សា​​​។

លោក​​​បាន​​​ថ្លែង​​​​​​ថា “រថយន្ត​​​តួរីស​​​នោះ​​​​​​បាន​​​បិទ​​​ភ្លើង​​​ ហើយ​​​បាន​​​បុក​​​រថយន្ត​​​អាជ្ញាធរ​​​របស់​​​យើង​​​ បន្ទាប់​​​មក​​​វា​​​ (រថយន្ត​​​នគ​​​របាល​​​)  បាន​​​ក្រឡាប់​​​​​​ពីរ​​​បី​​​ត្រឡប់​​​ ក្រោយ​​​ពេល​​​ធ្លាក់​​​ផ្លូវ​​​”។ លោក យុទ្ធា បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​​​​ថា ក្រោយ​​​ពី​​​បុក​​​រថយន្ត​​​នគ​​​របាល​​​រួច​​​ ពួក​​​ឈ្មួញ​​​បាន​​​ទុក​​​​​​រថយន្ត​​​តួរីស​​​​​​របស់​​​ពួក​​​គេ​​​ចោល​​​ ហើយ​​​បាន​​​ភៀស​​​ខ្លួន​​​តាម​​​រថយន្ត​​​លុច​​​សីស​​​មួយ​​​គ្រឿង​​​ដែល​​​បាន​​​បើក​​​តាម​​​ពី​​​ក្រោយ​​​ អំឡុង​​​ពេល​​​នគរ​​​បាល​​​ដេញ​​​តាម​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មន្ត្រីរបស់​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា រថយន្ត​​​បី​​​គ្រឿង​​​បាន​​​ជួយ​​​ការពារ​​​រថយន្ត​​​តួរីស​​​នោះ​​​ ពីព្រោះ​​​​​​ពួក​​​គេ​​​ចង់​​​ឲ្យ​​​រថយន្ត​​​​​​អាជ្ញាធរ​​​នៅ​​​ឆ្ងាយ​​​ពី​​​រថយន្ត​​​តួរីស​​​នោះ​​​។ យើង​​​មិន​​​ដឹង​​​ថា​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​​​​ជិះ​​​ក្នុង​​​រថយន្ត​​​នោះ​​​ទេ​​​ ពីព្រោះ​​​មេឃ​​​ងងឹត​​​”។

លោក​​​ យុទ្ធា បាន​​​មាន​​​ប្រាសាសន៍​​​បន្ត​​​ថា ​​​មន្ត្រី​​​របស់​​​លោក​​​​​​បាន​​​រង​​​របួស​​​ស្រាល​​​ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​ក្រុង​​​ភ្នំពេញ​​​ដើម្បី​​​ព្យាបាល​​​។​​​លោក​​​បាន​​​និយាយ​​​ថា “នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​រឹប​​​អូស​​​បាន​​​កូន​​​ត្រី​​​ឆ្តោ​​​ទើប​​​ញាស់​​​ចំនួន​​​២០០.០០០ក្បាល​​​​​​ ពីឃ្លុប​​​​​​ក្រោយ​​​រថយន្ត​​​តួរីស​​​នោះ​​​ ហើយ​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​កូន​​​ត្រី​​​ងាប់​​​ប្រហែល​​​ ៨០០.០០០​​​ក្បាល​​​ នៅ​​​ក្នុង​​​រថយន្ត​​​នេះ”។

ក្រសួង​​​កសិកម្ម​​​បាន​​​ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​ចិញ្ចឹម​​​ត្រីឆ្តោ​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០០៥​​​ ពីព្រោះ​​​អ្នក​​​ចិញ្ចឹម​​​ត្រី​​​ទាំង​​​នោះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​ត្រី​​​​​​ទឹក​​​សាប​​​​​​​​​វិនាស​​​ហិន​​​ហោច​​​ ដោយ​​​សារ​​​តែ​​​យក​​​វា​​​ទៅ​​​ឲ្យ​​​ចំណី​​​ត្រី​​​ឆ្តោ​​​ ដែល​​​ឃ្លាន​​​ចំណី​​​ខ្លាំង​​​ ហើយ​​​​​​ឆាប់​​​ធំ​​​។

លោក​​​ យុទ្ធា បាន​​​និយាយ​​​ថា កូន​​​ត្រី​​​ឆ្តោ​​​ ដែល​​​ចាប់​​​បាន​​​​​​កាល​​ពី​​​​​​ម្សិលមិញ​​​ ទំនង​​​ជា​​​បាន​​​ទិញ​​​នៅ​​​តាម​​​ព្រំដែន​​​វៀតណាម​​​ ហើយ​​​ពួក​​​ឈ្មួញ​​​បម្រុង​​​លក់​​​វា​​​នៅ​​​​​​តាម​​​តំបន់​​​បណ្តោយ​​​ទន្លេ​​​សាប​​​។ ហើយ​​​ថា ការិយាល័យ​​​របស់​​​លោក​​​បាន​​​ស្គាស់​​​ភិនភាគ​​​អ្នក​​​បើក​​​រថយន្ត​​​តួរីស​​​នោះ​​​ហើយ​​​ ហើយ​​​កំពុង​​​កសាង​​​សំណុំ​​​រឿង​​​ចោទ​​​ប្រកាន់​​​គាត់​​​ ប៉ុន្តែ លោក​​​បាន​​​បដិ​​​សេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ជន​​​នេះ​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​ចោទ​​​ប្រកាន់​​​អ្នក​​​បើក​​​រថយន្ត​​​តួរីស​​​នោះ​​​ពីបទ​​​បំផ្លិចបំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ​​​ និង​​​ប៉ុន​​​ប៉ង​​​បុក​​​សម្លាប់​​​មន្ត្រី​​​របស់​​​យើង​​​”៕និត​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស