31 C
Phnom Penh

ទាហាន​ម្នាក់​​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​កែ​ច្នៃ​គ្រាប់​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទាហាន​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​ បន្ទាប់ពី​​គ្រាប់​បែក​ដែល​​​ទាហាន​រូបនេះ​បាន​កែច្នៃ​​​​ដើម្បី​​ដាក់​អន្ទាក់​អ្នក​លួច​ចូល​ផ្ទះ​ម្នាក់​​ ​បាន​​​ផ្ទុះ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ​ដោយ​បណ្ដាល​​​​​​​ឲ្យ​​​ចៅ​ស្រី​​ម្នាក់​ដាច់​ជើង​ម្ខាង និង​កូនស្រី​ម្នាក់​ទៀត​​​​​រង​របួស​។

​យោង​តាម​លោក ម៉ែន រីម អធិការ​រង​​​នគរ​​​បាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​​ចាក​ចេញ​​ពីផ្ទះ​ជាមួយ​សមាជិក​គ្រួសារ​ទៅ​មើល​​​​​ស្រែ​របស់​ខ្លួន​​​ក្នុង​ឃុំសំឡូត ស្រុក​សំឡូត កាល​​​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ លោក យី ធី អាយុ​៤៧​​ឆ្នាំ​បាន​កប់​គ្រាប់​​​បែក​កែច្នៃ​នេះ​នៅ​​ជើង​ជណ្ដើរ​​​មុខ​ផ្ទះ​ឈើ​របស់​ខ្លួន​។ ​​ហើយ​បំណង​របស់​ទាហាន​រូប​នេះ​គឺ​ចង់​ដាក់​អន្ទាក់​មនុស្ស​ម្នាក់​​ដែល​គាត់​​​សង្ស័យ​ថា បាន​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​ពាង​​​​​​​ទឹក​របស់​គាត់​កាលពី​១៥​ថ្ងៃ​មុន ប៉ុន្តែ​កូនស្រី​ និង​ចៅស្រី​របស់​គាត់​​បាន​​​​ត្រឡប់​​​ពី​​ស្រែ​មក​ផ្ទះ​មុន ហើយ​​ធ្វើ​ឲ្យ​គ្រាប់​កែ​ច្នៃ​នេះ​ផ្ទុះ​ដោយ​​​​មិន​ដឹង​ខ្លួន​។ ទាហាន​រូប​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ។

​​យោង​តាម​លោក ម៉ែន រីម អធិការ​រង​​​     នគរ​​​បាល​ស្រុក​សំឡូតរូប​​​នេះ​​​បាន​​​មាន​​​​ប្រសាសន៍​ ថា ​​”​​ចៅស្រី​របស់​គាត់​អាយុ​៤​ឆ្នាំ​​បាន​រង​របួស​ធ្ងន់។ នាង​ដាច់​ជើង​​ស្ដាំ​ម្ខាង​​ នៅ​ពេល​នាង​ជាន់​​គ្រាប់​បែក​កែច្នៃ​នេះ ហើយ​​កូនស្រី​​របស់​គាត់​អាយុ​​​៤​ឆ្នាំ​រង​របួស​ស្រាល”។

លោក​បាន​មាន​​​ប្រសាសន៍​​​បន្ថែម​ថា អំបែង​​​​​​​គ្រាប់​បាន​​ខ្ទាត​ទៅ​ត្រូវ​ដង​ខ្លួន​របស់​កូនស្រី​ទាហាន​រូប​នេះ​នៅ​ពេល​នាង​ដើរ​ឡើង​កាំជណ្ដើរ​​មុន​។

​លោក ម៉ែន រីម ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​​​ថា ”​គាត់​​សារភាព​ថា បាន​​យក [​រំសេវ]​ ចេញពី​ផាវ​​​៣០​​​គ្រាប់​ដើម្បី​​កែ​ច្នៃ​ជា​​​គ្រាប់​​​បែក​ ហើយ​បង្កប់​វា​នៅ​ក្រោម​កាំជណ្ដើរ ព្រោះ​គាត់​សង្ស័យ​ថា មាន​មនុស្ស​ម្នាក់​បាន​​ដាក់​ថ្នាំបំពុល​ក្នុង​ពាង​ទឹក​របស់​គាត់​ដើម្បី​សម្លាប់​គាត់​”។

អធិការ​​រង​នគរ​បាល​ស្រុក​រូប​េនះ​បាន​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា លោក យី ធី ​បាន​សង្ស័យ​ថា ​​មាន​នរណា​ម្នាក់​ព្យាយាម​សម្លាប់​គាត់​ប្រហែល​​​​២សប្ដាហ៍​មុន ​​​នៅ​ពេល​​ត្រី​​មួយ​ក្បាល​​បាន​ងាប់​​​ក្រោយ​ពេល​​​គាត់​ដាក់វា​​ចូល​ក្នុង​ពាង​ទឹក​​​​​​​ដែល​​​​​គាត់​ប្រើ​ប្រាស់​សម្រាប់​ងូត​ និង​ផឹក​។

លោក​បាន​ពន្យល់​ទៀត​ថា ទាហាន​រូប​នេះ​យក​​ត្រី​ទៅ​ដាក់​ក្នុង​ពាង​ទឹក​ ដើម្បី​​​ប្រោស​​​​វា។

​លោក ជេត​ វណ្ណនី​ ស្នង​ការ​រង​​ខេត្ត​នេះ​បាន​លើក​ឡើង​​ថា សាលា​ដំបូង​ខេត្ត​បាត់ដំបង ​​បាន​ចោទ​ប្រកាន់​លោក យី ធី ពីបទ​កែច្នៃ​​គ្រាប់​បែក​ខុស​ច្បាប់ ហើយ​បាន​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​​ដើម្បី​រង់ចាំ​ការ​បើក​សវនាការ​។ ​​លោក នួន សាន ​ព្រះ​​​​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​នេះ​មិន​អាច​ទាក់​ទង​បាន​ទេ​។

លោក អុិន សៅរិទ្ធ ដែលជា​អភិបាល​ស្រុក​​​​​បាន​​លើក​ឡើង​ថា ជន​រងគ្រោះ​​​ស្ថិត​ក្នុង​ស្ថាន​ភាព​នឹងន​កាលពី​ម្សិលមិញ ​ក្រោយ​ពេល​ព្យាបាល​នៅមន្ទីរ​​​ពេទ្យ​បង្អែក​ខេត្ត​។

លោក​ក៏​បាន​ថ្កោល​ទោស​សកម្មភាព​​របស់​​​​លោក យី ធី ដែល​​​​លោក​លើក​ឡើង​ថា ជា​អ្នក​បញ្ជូន​សារ​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ​នៅ​ក្នុង​ស្រុក​នេះ​ដែរ​។

លោក អុិន សៅរិទ្ធ បាន​មាន​ប្រសាសន៍​ថា ”ការ​​កែច្នៃ​គ្រាប់​គឺ​វា​ខុស​ច្បាប់ ទោះ​បី​ជា​គាត់​មាន​បំណង​​​​ការ​ពារ​ផ្ទះ​របស់​ខ្លួន​ក៏ដោយ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស