មេធាវីរបស់លោក ពេជ្រ ព្រហ្មមុន្នី បាននិយាយថា កាលពីម្សិលមិញ លោក ពេជ្រ ព្រហ្មមុនី្ន ជាឧត្តមសេនីយ៍យោធាផ្កាយ១ និងជាអតីតអង្គរក្សរបស់លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញអបយស បានបដិសេធចំពោះការចោទប្រកាន់ពីបទជ្រៀត ជ្រែកក្នុងកិច្ចការមន្ត្រីសាធារណៈនៅពេលត្រូវសាកសួរនៅតុលាការ។
យោងតាមមេធាវី ផេង ស៊ីដេត បានឲ្យដឹង ថា ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយ អង្គភាពប្រឆាំងអំពើពុករលួយហើយ ជាប់ទាក់ទិននឹងការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ [អតីតមន្ត្រីយោធាក្រសួងការពារជាតិដែលជាប់ចោទពីបទរៀបចំផែនការធ្វើឃាតឧកញ៉ា អឹុង ម៉េងជឺ កាលពីខែវិច្ឆិកា] ពីពន្ធនាគារដោយមិនត្រឹមត្រូវ។
លោក សីុដេត បាននិយាយថា កូនក្តីរបស់លោកត្រូវបានសាកសួរកាលពីម្សិលមិញ ជុំវិញការចោទប្រកាន់ដោយព្រះរាជអាជ្ញារងលី សុផាន់ណា នៅតុលាការក្រុងភ្នំពេញ។
ដោយមិនរៀបរាប់ច្រើន លោក ផេង ស៊ីដេត បានមានប្រសាសន៍ថា “គាត់ត្រូវបានសាកសួរលើការ ចោទចំនួនពីរ គឺជំនួញឥទ្ធិពលអកម្ម និងការជ្រៀតជ្រែកក្នុងកិច្ចការមន្ត្រីសាធារណៈ។ ប៉ុន្តែ ព្រះរាជអាជ្ញារងរូបនេះបានផ្តោតច្រើន លើជំនួញឥទ្ធិពលអកម្មតាមមាត្រា៥៩៥។ ទាំងនេះជាការចោទប្រកាន់ថ្មី”។
ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី ជាសមាជិកសំខាន់ម្នាក់នៃក្រុមសន្តិសុខរបស់លោក អាំង មាលតី ហើយត្រូវបានចាប់ខ្លួននៅខែកុម្ភៈ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចៅហ្វាយរបស់គាត់ត្រូវបានបណ្តេញចេញពីមុខតំណែងជាប្រធានតុលាការក្រុងភ្នំពេញ បន្ទាប់ពីសុន្ទរកថាមួយដែលនៅក្នុងសុន្ទរកថានោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មន្ត្រីតុលាការបានទទួលសំណូកជាច្រើនលានដុល្លារ ដើម្បីដោះលែងឪពុកម្តាយរបស់ឧត្តម សេនីយ៍ទោ ថោង សារ៉ាត់ ។
លោក អាំង មាលតី ត្រូវជាប់ពន្ធនាគារនៅខេត្តកណ្តាលពីបទចោទគៃបំបាត់កាលពីថ្ងៃអាទិត្យ។ នៅពេលសួរថា តើការចោទប្រកាន់ថ្មីនេះជាប់ទាក់ទិននឹងករណីឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែរ ឬទេ លោកមេធាវី ផេង ស៊ីដេត បានមានប្រាសាសន៍ថា “បាទ វាអាច”។ នៅពេលសួរថា តើការចោទប្រកាន់ទាំងនោះពាក់ព័ន្ធនឹងលោក អាំង មាលតី ដែរ ឬយ៉ាងណា គាត់បាននិយាយថា “ទេ” ។
នៅក្រៅសវនាការ ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី បានបដិសេធការចោទប្រកាន់ថ្មីទាំងនោះ ព្រោះគាត់រងការចោទប្រកាន់ដែលជាប់ពន្ធនាគាររួចហើយពាក់ព័ន្ធនឹងការរំលោភអំណាចរបស់លោក អាំង មាលតី និងការប្រើរថយន្តពាក់ស្លាកយោធា និងនគរបាលដោយគ្មានការអនុញ្ញាត។
លោក ពេជ្រ ព្រហ្មមុន្នី បាននិយាយថា “ខ្ញុំមិនទទួលយកការចោទប្រកាន់នេះទេ ពីព្រោះខ្ញុំ មិនដឹងអ្វីនោះទេ។ វាជារឿងរបស់គេទេ”។
នៅពេលសួរដោយអ្នកកាសែតនៅឯតុលាការក្រុងភ្នំពេញ លោក លី សុផាន់ណា ដែលជាព្រះរាជអាជ្ញារង បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ៕
និត