យោងតាមសេចក្តីប្រកាសព័ត៌មានពីទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ឬអង្គការណាដែលចោទរដ្ឋាភិបាលថា ប្រើផែនទីខុសក្នុងការបោះបង្គោលព្រំដែនកម្ពុជា។
បទបញ្ជាេនះមានឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានទទួលផែនទីពីអង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលនិយាយថា វាបញ្ជាក់ថា ផែនទីរបស់ខ្លួនត្រឹមត្រូវ និងមួយសប្តាហ៍ក្រោយពីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនតាមបញ្ជារបស់លោក ហ៊ុន សែន ចំពោះការបង្ហាញច្បាប់ចម្លងក្លែងក្លាយនៃសន្ធិសញ្ញាព្រំដែនជាមួយវៀតណាមក្នុងវីដេអូឃ្លីបដែលបង្ហោះលើហ្វេសប៊ុក។
សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា “សម្តេចនាយករដ្ឋមន្ត្រីបានដាក់ចេញនូវបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានវិធានការផ្លូវច្បាប់ភ្លាមៗចំពោះក្រុម ឬបុគ្គលណាដែលចោទរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការងារបោះបង្គោលព្រំដែន និងចំពោះការប្រមាថស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នជាតិ”។
យោងតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា លោក ហ៊ុន សែន ក៏បានសរសេរទៅលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងកាលពីព្រឹកថ្ងៃសុក្រ ដោយព្រមានថា អ្នកដែលបន្តរិះគន់កិច្ចការព្រំដែនរបស់រដ្ឋាភិបាលនឹងប្រឈមមុខនឹងតុលាការ។
សារមានខ្លឹមសារថា “តាមរយៈការពន្យល់ដ៏ខ្លីនេះ ឯកឧត្តម [លោក សម រង្ស៊ី] គួរយល់ហេតុអ្វីលោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន ហើយវិធានការច្បាប់នឹងត្រូវធ្វើលើនរណាដែលនិយាយថា រដ្ឋាភិបាលកំពុងប្រើផែនទីក្លែងក្លាយ ធ្វើសកម្មភាពញុះញង់ និងបោកបញ្ឆោតប្រជាពលរដ្ឋ បង្កអស្ថិរភាពដើម្បីកេងចំណេញសន្លឹកឆ្នោត ដោយមិនគិតពីផលប្រយោជន៍ស្របច្បាប់របស់ជាតិ និងប្រជាជននោះឡើយ”។
“ខ្ញុំសង្ឃឹមថា ពីឥឡូវនេះទៅ បញ្ហាព្រំដែន ជាពិសេសព្រំដែនកម្ពុជា-វៀតណាម នឹងលែងជាល្បែងនយោបាយបោកប្រាស់ប្រជាជនពីសំណាក់ឯកឧត្តមផ្ទាល់ និងមនុស្សក្នុងគណបក្សឯកឧត្តមតទៀតហើយ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ភាពពិតនៃសារនោះ ហើយថា វាត្រូវបានបញ្ជូនទៅលោក សម រង្ស៊ី។
នៅពេលសួរថា តើរដ្ឋាភិបាលនឹងចាត់វិធានការលើអ្នកទាំងឡាយដែលអះអាងថា បង្គោលព្រំដែនត្រូវបានបោះមិនត្រឹមត្រូវ ឬយ៉ាងណា លោកបាននិយាយថា “បាទ ពីព្រោះពួកគេមិនមែនជាអ្នកជំនាញទេ”។
លោក សុខ ឥសាន បាននិយាយថា “នៅពេលមានភ័ស្តុតាងបញ្ជាក់ថា ផែនទីត្រឹមត្រូវ ដែលកំពុងត្រូវប្រើប្រាស់នោះ មិនមានមូលហេតុ [ ថាបង្គោលព្រំដែនបោះ] នៅក្នុង ឬនៅក្រៅទីតាំង [ត្រឹមត្រូវ] នោះទេ។
រយៈពេលបីខែកន្លងមកនេះ គណបក្សប្រឆាំងបានធ្វើយុទ្ធនាការដើម្បីបង្ហាញឲ្យឃើញការទន្ទ្រានដោយវៀតណាមចូលទឹកដីប្រទេសកម្ពុជា ដោយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចេញជាសាធារណៈនូវផែនទីដែលខ្លួនប្រើដើម្បីកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ដូច្នេះទីតាំងជាក់ស្តែងនៃបង្គោលព្រំដែនអាចត្រូវពិនិត្យ។
យុទ្ធនាការនេះបានឈានដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី១៩ ខែកក្កដា នៅពេលដែលលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំអ្នកគាំទ្រប្រហែល២.៥០០នាក់ទៅតំបន់មានជម្លោះតាមបណ្តោយព្រំដែនជាប់ប្រទេសវៀតណាមក្នុងខេត្តស្វាយរៀង។ ពីរថ្ងៃបន្ទាប់មក សកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ដែលកំពុងត្រូវជំនុំជម្រះដ៏យូរពីបទ “កុបកម្ម” ត្រូវបានផ្តន្ទាទោសភ្លាមៗឲ្យជាប់ពន្ធនាគាពីរ៧ទៅ២០ឆ្នាំ។
កាលពីថ្ងៃច័ន្ទ លោក សម រង្ស៊ី បានប្រាប់អ្នកយកព័ត៌មានថា គណបក្សប្រឆាំងនឹងឈប់ “ចាក់ក្រឡេក” រដ្ឋាភិបាលលើបញ្ហាព្រំដែន បន្ទាប់ពីទៅពន្ធនាគារព្រៃសដើម្បីជួបសួរសុខទុក្ខសកម្មជន ដែលការជាប់ពន្ធនាគាររបស់អ្នកទាំងនោះ លោកបានបកស្រាយថាជាសារមួយឲ្យគណបក្សសង្គ្រោះជាតិបញ្ចប់យុទ្ធនាការព្រំដែនរបស់ខ្លួន។
លោក សម រង្ស៊ី បាននិយាយនៅពេលនោះថា “យើងឈប់ចាក់ក្រឡេកគ្នា រឿងអ្វីៗទាំងអស់ ពីព្រោះជួនណា មិនត្រូវមកនិយាយជាសាធារណៈ ជួនណាវាខូចការណ៍វិញទេ មិនទាន់បានការផង ការងារកំពុងតែធ្វើ មិនទាន់បានសម្រេច បើយើងនិយាយជាសាធារណៈមកលាតត្រដាង ជួនណាមានខុស ជួនណាមានត្រូវ វាបែកភក់បែកម៉ាំ វាអត់មានចំណេញទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយកាលពីថ្ងៃសុក្រថា គណបក្សប្រឆាំងនឹងបន្តឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួនក្នុងការកំណត់ព្រំដែន។
លោកបាននិយាយថា “នៅពេលពួកគេធ្វើត្រូវ យើងគាំទ្រ យើងសរសើរពួកគេ”។ លោកបានបន្ថែមថា “នៅពេលពួកគេធ្វើខុស យើងនឹងបន្តរិះគន់។យើងនឹងផ្តល់អនុសាសន៍ស្ថាបនា បើយើងឈប់រិះគន់ ខ្ញុំចង់សួរពួកគេថា តើជាសង្គមប្រជាធិបតេយ្យឬ?”។
លោក យឹម សុវណ្ណ បាននិយាយថា លោកមិនយល់ថា ហេតុអ្វីរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ចំពោះការនិយាយអំពីកង្វល់ដែលថាទឹកដីកម្ពុជាមិនត្រូវបានការពារនោះទេ។
“យើងមិនមែនជាសត្រូវទេ យើងជាខ្មែរ យើងមានឈាមជ័រខ្មែរតែមួយ ដូច្នេះយើងត្រូវតែគិតអំពីបញ្ហាព្រំដែនរបស់យើង អំពីប្រយោជន៍ជាតិ អំពីទឹកដីរបស់ជាតិយើង”៕និត (រាយការណ៍បន្ថែមដោយ Colin Meyn)