32 C
Phnom Penh

សាលាដំបូង​រាជធានី​​​​ភ្នំពេញ​​​សម្រេច​​​ផ្តន្ទា​ទោស​កម្ម​​​ការិនីម្នាក់​​​​ឲ្យ​ជាប់​​​ពន្ធ​​​នាគារមួយ​ជីវិត​​ពីបទ​​​ជះទឹក​អាស៊ីត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ​ កម្មការិនី​​វ័យ​៤០​ឆ្នាំ​ម្នាក់​​​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​​មួយជីវិត​​ពីបទ​សម្លាប់​ស្ត្រី​វ័យ​២០​ឆ្នាំ​ម្នាក់​​ដោយ​ការ​ជះទឹកអាស៊ីត​លើ​នាង​ បន្ទាប់ពី​ដឹង​ថា​ប្ដី​របស់​ខ្លួន​មាន​ស្នេហា​លួច​លាក់​ជាមួយ​ជន​រងគ្រោះ​។

ចៅក្រមជំនុំជម្រះ​ នូ វាសនា ​​បាន​​​​ប្រកាស ​នៅ​ក្នុងសាល​សវនាការ​ថា ស្ត្រី​ឈ្មោះ ស្រឿន នាន់ អាយុ​៤០​ឆ្នាំ មាន​ពិរុទ្ធភាព​​ពីបទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន។”តុលាការ​សម្រេច​​ផ្ដន្ទា​ទោស​​ជន​សង្ស័យ​ឈ្មោះ ស្រឿន នាន់ អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​​​ ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត​”។​លោក​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​ជុំវិញ​សេចក្ដី​សម្រេច​នេះ។

ស្ត្រី​ឈ្មោះ ស្រឿន នាន់ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី៦ ខែ​មីនា ភ្លាមៗ​បន្ទាប់ពី​​ជះទឹក​អាស៊ីត​លើ​ជនរងគ្រោះ​ មាស វ៉ាន់នី ជា​សន្តិ​​​សុខ​ នៅ​​​​​​រោងចក្រ​ស្បែក​ជើង​ ហូ ស៊ិន តាយ ​ដែល​ ស្ថិត​នៅ​តាម​បណ្តោយផ្លូវ​វេង ស្រេង​។

នៅ​ពេល​នោះ នគរ​បាល​បាន​​និយាយ​ថា ស្ត្រី​ម្នាក់​​ដែល​កាន់​ធុង​មួយ​នៅ​ក្នុង​ដៃ​ បាន​ចូល​ទៅ​ជិត​ មាស វ៉ាន់នី ខណៈ​ពេល​នាង​ចេញ​​​ពី​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោមចៅខណ្ឌពោធិ៍​​​សែន​​​​ជ័យ​នៅ​វេលា​ម៉ោង​ប្រហែល​៥និង​៣០​​​​នាទី​ព្រឹក។ ស្ត្រី​រូប​នេះ​បាន​ជះទឹក​​អាស៊ីត​នៅ​ក្នុង​ធុង​ទៅ​លើ​ មាស វ៉ាន់នី បណ្ដាល​ឲ្យ​រលាក​ធ្ងន់ធ្ងរ​លើ​មុខ​ និង​រាងកាយ​របស់​នាង​។

ជន​រងគ្រោះ​ត្រូវ​បាន​​បញ្ជូន​ទៅ​​​​​​មន្ទីរ​ពេទ្យ​​​​កាល់ម៉ែត​​ ប៉ុន្តែ​ នាង​បានបាត់​បង់​ជីវិត​​​ប្រហែល​​​​ពីរសប្តាហ៍​ក្រោយមក​​ដោយ​សារ​របួស​​​​។​

ភ្លាមៗ​បន្ទាប់ពី​​ការ​ផ្តន្ទា​ទោស​​ នគរ​បាល​បាន​សាកសួរ​​​ឈ្មោះ ជុន ខឿន អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​ដូច​គ្នា​នឹង​ មាស វ៉ាន់នី ដែល​​បាន​ក្បត់​ចិត្ត​​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ស្រឿន នាន់ ​ទៅ​មាន​ស្នេហា​លួច​លាក់​ជាមួយ​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​មក​ ស្ត្រីឈ្មោះ ស្រឿន នាន់ ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ ហើយ​​បាន​សារភាព​ថា ខ្លួន​​​​ពិត​ជា​បាន​ជះទឹក​អាស៊ីត​មែន។

​បន្ទាប់ពី​​ការ​ផ្ដន្ទាទោស​កាលពី​ម្សិលមិញ ​ស្ត្រី​ឈ្មោះ ស្រឿន នាន់ ​​នៅ​តែ​មិន​រំជួល​ចិត្ត​ នៅ​ពេល​​គាត់​ត្រូវបាន​​ក្រៀក​​​ចេញ​ក្រៅ​សាល​​​សវនាការ​ ​ដោយ​​​បដិសេធ​មិន​ធ្វើ​អត្ថាធិ​​​ប្បាយ​​​​​ជាមួយ​អ្នក​យក​ព័ត៌មាន​ឡើយ។

លោកស្រី សន សូដាឡែន មេធាវី​មក​ពី​អង្គការ​​​​សិទ្ធិមនុស្ស​លីកាដូ ​ដែល​តំណាង​ឲ្យ​ជន​រងគ្រោះ ​​បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​ស្ត្រី​ឈ្មោះ ស្រឿន នាន់ បាន​សារភាព​ប្រាប់ ​តុលាការ​អំឡុង​សវនាការ​ជំនុំជម្រះ​​ទោស​​​គាត់​ថា អ្វី​ដែល​គាត់​បាន​​ប្រព្រឹត្ត​គឺ​មិន​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​ភាព​សាហាវ​ព្រៃ​ផ្សៃ​នៃ​បទ​ល្មើស​នេះ​គឺ​សម​នឹង​ទទួល​​ការ​ផ្តន្ទា​​ទោស​នេះ​។ លោកស្រី​បាន​​លើក​ឡើង​ទៀត​ថា “​វា​អាច​ទទួល​យក​បាន​ និង​ស័ក្ដិសម​​ទៅ​តាម​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​។ អាស៊ីត​បង្ក​ការ​ឈឺ​​​ចុក​ចាប់​យ៉ាង​ខ្លាំង​​ទម្រាំ​នឹង​ស្លាប់​”។

និយាយ​តាម​ទូរស័ព្ទ​ពី​ខេត្តពោធិ៍សាត់ លោក ស៊ិន ស៊ីនឿន ឪពុក​របស់​ មាស វ៉ាន់នី និយាយ​ថា ការ​ស្លាប់​របស់​កូនស្រី​​គាត់​ធ្វើ​ឲ្យ​គាត់ ​និង​កូន​ប្រាំនាក់​ទៀត​របស់​គាត់​តក់​ស្លុត​​​។

គាត់​និយាយ​ទៀត​ថា “​ខ្ញុំ​មាន​ការ​សោក​​​ស្ដាយ​រាល់​ថ្ងៃ​។ បើ​កូនស្រី​ខ្ញុំ​នៅ​​​​រស់​ នាង​នឹង​​​អាច​រក​ប្រាក់​ជួយ​ទំនុក​បម្រុង ​ ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​។ពីមុន​​យើង​អាច​ឃើញ​មុខគ្នា ប៉ុន្តែ​ពេល​នេះ​ខ្ញុំមើលឃើញ​តែ​រូប​​ថត​ប៉ុណ្ណោះ​​​”។

បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​​​​ជះ​​​​​​ទឹក​​​អាស៊ីត​​​នៅ​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១២​​​ អម​​​ដោយ​​​អនុក្រឹត្យ​​​មួយ​​​នៅ​​​​​​មួយឆ្នាំ​​​ក្រោយ  ​​​​​​មក​​​ ដើម្បី​​​គ្រប់​​​គ្រងការ​​​លក់​​​​​​ និងការ​​​​​​ប្រើ​​​ប្រាស់អាសីុត​​​ ចំនួន​​​ករណី​​​ជះទឹក​​​អាស៊ីត​​​​​​នៅ​​​កម្ពុជា​​​បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​គត់​​​សម្គាល់​​​។

លោកស្រី​​ អេរីន បចវ័រ (Erin Bourgois)​ អតីត​ប្រធាន​គម្រោង​​នៅ​អង្គការ​​ជួយ​ជន​រងគ្រោះ​នៅ​កម្ពុជា​ ដោយសារ​អាស៊ីត​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​ជួយ​ជន​រងគ្រោះ​ដោយសារ​​​ការ​វាយ​​ប្រហារ​ដោយ​ទឹក​អាស៊ីត​​ ដែល​បាន​​ចាប់​ផ្ដើម​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន ​បាន​​​ថ្លែង​​​ថា   ទោះបី​​​ជា​​​ការ​​​ជះ​​​ទឹក​អាស៊ីត​មាន​ការ​ធ្លាក់​ចុះ​ក្ដី​ ក៏​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​​នូវ​​អនុ​​​ក្រឹត្យ​នោះ​នៅ​តែ​ធូររលង់​​។

លោកស្រី​បាន​លើក​ឡើង​តាម​អុីម៉េល​ថា “​ដោយសារ​តែ​ភាព​ធ្ងន់ធ្ងរ​​នៃ​ករណី​នេះ​ និង​ការ​រលាក​​ខ្លាំងរបស់​ជនរងគ្រោះ ​វា​​​បង្ហាញ​ថា ​ជន​ល្មើស​ឈ្មោះ​ ស្រឿន នាន់ ​អាច​ទទួល​បាន​អាស៊ីត​មិន​សូវ​ខ្លាំង​ក្នុង​បរិមាណ​យ៉ាង​ច្រើន។ ខ្ញុំ​យល់​ថា ​កត្តា​នេះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ហើយ​វា​​​​ផ្ដល់​សញ្ញា​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​​ក្នុង​ការ​​​អនុវត្ត​អនុក្រឹត្យ​នេះដើម្បី​ទប់​ស្កាត់​ការ​វា​យ​ប្រហារ​បន្ថែម​ទៀត​”៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ Chris Mueller)​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស