សាលាក្តីខ្មែរក្រហមបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា លោក ម៉ៃឃើល បូឡែនឌ័រ (Michael Bohlander) មេធាវីជនជាតិអាល្លឺម៉ង់ត្រូវបានតែង តាំងជាសហចៅក្រមសើុបសួរអន្តរជាតិថ្មីនៅសាលាក្តីខ្មែរក្រហម ដោយព្រះមហាក្សត្រនរោត្តម សីហមុនី ។
លោកបានជំនួសតំណែងរបស់លោក ម៉ាក ហាម៉ុន (Mark Harmon) មេធាវីជនជាតិអាមេរិក ដែលលាលែងពីតំណែងកាលពីខែមុន បន្ទាប់ពីការខិតខំប្រឹងប្រែងមិនទទួល បានផ្លែផ្កាអ្វីសោះនៅក្នុងការព្យាយាមធ្វើយ៉ាងណាឲ្យមានការចាប់ខ្លួនជនសង្ស័យនៅសំណុំរឿងចំនួនពីរដែលរដ្ឋាភិបាលបានជំទាស់។
ការតែងតាំងចៅក្រម ម៉ៃ ឃើល បូឡែនឌ័រ ដែលជាសហចៅក្រមសើុបសួរបម្រុងរបស់សាលាក្តីខ្មែរក្រហមធ្វើឡើង បន្ទាប់ពីមានការតែងតាំងដោយលោក បាន គីមូន អគ្គ លេខាធិការអង្គការសហប្រជាជាតិ និងការអនុម័តយល់ព្រមដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកកំពុងឈានជើងចូលក្នុងតំណែងដ៏រសើបផ្នែកនយោបាយ ចំពេលនគរបាលយុត្តិ ធម៌មានការស្ទាក់ស្ទើរនៅក្នុងការអនុវត្តដីកាចាប់ខ្លួនដែលចៅក្រម ម៉ាក ហាម៉ុន បានចេញដើម្បីចាប់ខ្លួនលោក មាស មុត អតីតនាយទាហានជើងទឹករបបខ្មែរក្រហម និងអ្នកស្រី អឹុម ចែម អតីតចៅហ្វាយស្រុកនៅក្នុងសំណុំរឿង០០៣ និង០០៤។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាម្តងហើយម្តងទៀតមិនឲ្យសំណុំរឿងទាំងនោះឈានដល់ការបើកសវនាការជំនុំជម្រះឡើយ ដោយធ្វើឲ្យមានការរិះគន់ថា មានការជ្រៀតជ្រែកផ្នែកនយោបាយ។
របាយការណ៍សាលាក្តីដែលត្រូវបានប្រកាសជាផ្លូវការកាលពីថ្មីៗនេះបង្ហាញឲ្យឃើញថា ចៅក្រម ម៉ាក ហាមុន បានព្យាយាមឲ្យមានការចាប់ខ្លួនអ្នកទាំងពីរកាលពីឆ្នាំមុនប៉ុន្តែ មិនទទួលបានផលឡើយ។ នៅក្នុងសំណុំរឿងរបស់លោក មាស មុត នគរបាលយុត្តិធម៌បានលើកឡើងថា ខ្លួនបាននិងកំពុងសិក្សាពីផលប៉ះពាល់សង្គម និងការបញ្ចេញមតិយោបល់របស់ពលរដ្ឋមូលដ្ឋាន មុនពេលធ្វើការចាប់ខ្លួន។
ទោះបីជាមានភាពចម្រូងចម្រាសនៅក្នុងអាណត្តិរបស់លោកក្តី តែចៅក្រម ម៉ាក ហាម៉ុន មិនបានបញ្ជាក់ឲ្យបានច្បាស់ពី “ហេតុផលផ្ទាល់ខ្លួន” ចំពោះការលាលែងពីតំណែងរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែមុនឡើយ។
ចៅក្រម ម៉ាក ហាម៉ុន ត្រូវបានតែងតាំងនៅក្នុងឆ្នាំ២០១២ឲ្យជំនួសលោក ឡូរ៉ង់កាស្ពឺ អានសឺម៉េត (Laurent Kasper-Ansermet) ដែលលាលែងពីតំណែងដោយសារ ”មានការប្រឆាំងយ៉ាងសកម្ម” ចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការបន្តសំណុំរឿង០០៣ និង០០៤ពីសមភាគីកម្ពុជារបស់លោកគឺចៅក្រម យូ ប៊ុនឡេង ។
លោក ឡុង បញ្ញាវុធ មន្ត្រីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជាដែលឃ្លាំមើលសាលាក្តីខ្មែរក្រហមបានលើកឡើងថា ចៅក្រមថ្មីនឹងមិនធ្វើឲ្យមានដំណើរការឆ្ពោះទៅមុខនៅក្នុងសំណុំរឿងដែលមានការប្រឆាំងនេះឡើយ លុះត្រាតែអង្គការ សហប្រជាជាតិដែលជាសហអ្នកគ្រប់គ្រងសាលាក្តីនេះជម្រះបញ្ហានយោបាយដែលរារាំងដល់ដំណើរនេះជាមុនសិន។
លោកបានមានប្រសាសន៍ថា ”បញ្ហានៃសំណុំរឿង០០៣ និង០០៤ មិនអាចទម្លាក់លើអម្រែកនៃសហចៅក្រមសើុបសួរអន្តរជាតិបានឡើយ វាអាស្រ័យលើការពិភាក្សានយោបាយរវាងរដ្ឋាភិបាល និងអង្គការសហ ប្រជាជាតិ។ អង្គការសហប្រជាជាតិចាំបាច់ ត្រូវដោះស្រាយបញ្ហានេះ”។
លោក ហ៊ុន សែន បានលើកឡើងថា លោកប្រឆាំងនឹងសំណុំរឿងទាំងនោះព្រោះខ្លាចក្រែងវានឹងធ្វើប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលឡើងវិញ។ ក្រុមអ្នកអង្កេតការណ៍បានលើកឡើងថា លោកចង់បញ្ចប់សាលាក្តីខ្មែរក្រហមមុនពេលសំណុំរឿងទាំងនោះឈានកៀកទៅនឹងអតីតមន្ត្រីខ្មែរក្រហមថ្នាក់ទាបដែលបច្ចុប្បន្នកំពុងបម្រើការនៅក្នុងជួររដ្ឋាភិបាល។
យោងតាមសេចក្តីថ្លែងការណ៍កាលពីម្សិលមិញរបស់សាលាក្តីខ្មែរក្រហម ចៅក្រម ម៉ៃឃើល បូឡែនឌ័រ គឺជាសាស្ត្រាចារ្យមួយរូបនៅសាលាច្បាប់ Durham Law School របស់អង់គ្លេសតាំងពីឆ្នាំ២០០៤មកម្លេ៉ះ។
លោកបម្រើការជាមន្ត្រីផ្នែកច្បាប់ជាន់ខ្ពស់ឲ្យអង្គជំនុំជម្រះនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អតីតយូហ្គូស្លាវី ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០១៕ស៊ុយឈាង