បន្ទាប់ពីនិស្សិតម្នាក់នៅសាកលវិទ្យាល័យខេមរៈត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ ជំុវិញការបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឲ្យធ្វើ “បដិវត្តន៍ពណ៌” នៅក្នុងប្រទេសកម្ពុជាមក កាលពីម្សិលមិញ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យនេះបានអះអាងថា នយោបាយ “បានបំពុល” និស្សិតនៅសាកលវិទ្យាល័យរបស់លោក។
នគរបាលបានចាប់ខ្លួន គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំនៅសាកលវិទ្យាល័យនេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីនិស្សិតរូបនេះបានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីដើមខែនេះ ដែលក្នុងនោះនិស្សិតរូបនេះបានប្តេជ្ញា ”ធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបសម្រាប់សង្គមខ្មែរ”។
កាលពីថ្ងៃសៅរ៍ រ៉ាយ៉ា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសដើម្បីរង់ចាំការជំនុំជម្រះ។ បទឧក្រិដ្ឋនេះមានទោសជាប់ពន្ធនាគារអតិបរមាពីរឆ្នាំ។
កាលពីម្សិលមិញ លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគនយោបាយដ៏ឆ្នើមមួយរូបបានមានប្រសាសន៍ថា ខ្លួនលោកផ្ទាល់បានដាស់តឿន រ៉ាយ៉ា អំពីគ្រោះថ្នាក់នៃសកម្មភាពនយោបាយតែពីរបីថ្ងៃប៉ុណ្ណោះមុនពេលនិស្សិតរូបនេះត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការត្អួញត្អែរពីសាស្ត្រាចារ្យជាច្រើន។
លោក សុខ ទូច បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់និស្សិតរូបនេះថា អ្នកកុំចង់ចូលរួមក្នុងនយោបាយអី ពីព្រោះអ្នកនយោបាយមួយចំនួនគ្រាន់តែប្រើប្រាស់យើងឲ្យធ្វើអ្វីដែលពួកគេចង់តែប៉ុណ្ណោះ ប៉ុន្តែ គាត់មិនស្តាប់ខ្ញុំទេ ហើយបានដើរចេញបាត់”។ លោកបានបន្តថា រ៉ាយ៉ា បានលើកឡើងថា សកម្មភាពនយោបាយគឺជាសិទ្ធិរបស់គាត់។
លោកបានថ្លែងថា “ខ្ញុំដឹងថា គង់ រ៉ាយ៉ា មានគំនិតធ្វើបដិវត្តន៍ពណ៌។គាត់តែងតែជំទាស់ជាមួយនិស្សិតដទៃទៀតនៅក្នុងថ្នាក់របស់ខ្លួនអំពីបញ្ហានយោបាយ។ ឥឡូវនេះយុវជននៅតាមសាលារៀន កំពុងតែបំពុលដោយបញ្ហានយោបាយ”។
លោក គិន ភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យខេមរៈ បានមានប្រសាសន៍ថា រដ្ឋបាលសាកលវិទ្យាល័យបានសហការជាមួយនគរបាលក្នុងរយៈពេលប៉ុន្មានម៉ោងដែលឈានដល់ការចាប់ខ្លួននិស្សិតរូបនេះ។
លោក គិន ភា បានថ្លែងថា “ខ្ញុំមិនប្រាកដថា តើនិស្សិតរូបនេះបង្កគ្រោះថ្នាក់ដល់រដ្ឋាភិបាល ឬសង្គមទាំងមូលឡើយ។ ទោះយ៉ាងណា ការលើកឡើង ឬការបញ្ចេញយោបល់របស់និស្សិតរូបនេះ ហួសពីសេរីភាពនៃការបញ្ចេញមតិដូចដែលរដ្ឋាភិបាលបានធ្វើការពិចារណា”។
លោកបានបន្ថែមថា “ជាការពិត នគរបាលបានស្នើសុំឲ្យយើងថតចម្លងជីវប្រវត្តិរបស់និស្សិតរូបនេះ ហើយយើងបានថតចម្លងឲ្យនគរបាល”។
កាលពីដើមខែនេះ ក្រសួងអប់រំបានចេញសារាចរណែនាំមួយហាមឃាត់សកម្មភាពនយោបាយនៅតាមគ្រឹះស្ថានសិក្សា ដោយលើកឡើងថា ក្រសួងនឹងផាកពិន័យ ឬបិទសាលាណាដែលជាប់ពាក់ព័ន្ធ ឬជំរុញឲ្យមានសកម្មភាពនយោបាយ។ នៅពេលនោះអ្នករិះគន់បានលើកឡើងថា សារាចរណែនាំនេះប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំគ្នាតាមរដ្ឋធម្មនុញ្ញ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា ការព្យាយាមរបស់លោក សុខ ទូច ដើម្បីរារាំងគង់ រ៉ាយ៉ា កុំឲ្យចូលរួមក្នុងសកម្មភាពនយោបាយនៅសាកលវិទ្យាល័យខេមរៈ បានរំលោភសិទ្ធិរបស់គាត់។
លោកមានប្រសាសន៍ថា ”បុគ្គលិករដ្ឋបាល និងសាស្ត្រាចារ្យគ្រប់រូបអាចណែនាំនិស្សិតបាន ប្រសិនបើពួកគេធ្វើអ្វីខុសឆ្គង ប៉ុន្តែ ប្រសិនបើពួកគេគ្រាន់តែចូលរួមក្នុងនយោបាយ នោះពួកគាត់មិនអាចណែនាំ ឬហាមឃាត់ពួកគេបានឡើយ”។
លោក អំ សំអាត ក៏បានមានប្រសាសន៍ផងដែរថា សាលារៀនទាំងអស់គួរតែជួយដល់អាជ្ញាធរក្នុងករណីដែលមានបទឧក្រិដ្ឋកើតឡើង។
លោកបានមានប្រសាសន៍ថា “ប្រសិនបើនិស្សិតធ្វើខុសឆ្គងពាក់ព័ន្ធនឹងបទឧក្រិដ្ឋសាស្ត្រាចារ្យ ឬបុគ្គលិករដ្ឋបាលគួរសហការជាមួយអាជ្ញាធរ ប៉ុន្តែប្រសិនបើការសហការនេះគឺដោយសារការបញ្ចេញមតិពីបញ្ហានយោបាយ នោះវាផ្ទុយទៅនឹងច្បាប់”។
បន្ទាប់ពីការចាប់ គង់ រ៉ាយ៉ា ដាក់ពន្ធនាគារ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធរមានការអាណិតអាសូរដល់និស្សិតរូបនេះ ប៉ុន្តែ ត្រូវតែចាប់ខ្លួនគាត់។
ដោយបដិសេធមិននិយាយលម្អិត ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ”យើងខកចិត្តចំពោះយុវជនរូបនេះណាស់ ពីព្រោះគាត់ចង់សិក្សា ប៉ុន្តែគាត់ក៏ជឿលើការឃោសនាបែបញុះញង់ផ្សព្វផ្សាយដោយគណបក្សនយោបាយមួយដែលចង់កាន់កាប់អំណាចដែរ”។
កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវោហារសាស្ត្រប្រឆាំងគណបក្សសង្គ្រោះជាតិ ដោយហៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងថា ជា ”មេចោរ” ហើយបានបញ្ជាឲ្យចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលលោកក៏បានបង្ហោះសារតាមប្រព័ន្ធហ្វេសបុ៊កផងដែរ។
លោក ហុង សុខហួរ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ខែសីហា ក៏ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលពីបទព្យាយាមធ្វើបដិវត្តន៍ពណ៌តាមរយៈការអត្ថាធិប្បាយពីសន្ធិ សញ្ញាព្រំដែនជាមួយវៀតណាមផងដែរ។
មិត្តភក្តិម្នាក់របស់ រ៉ាយ៉ា ដែលជាសកម្មជន ហើយបានស្នើសុំមិនប្រាប់ឈ្មោះដោយខ្លាចការរករឿងពីអាជ្ញាធរ បានលើកឡើងកាលពីម្សិលមិញថា រ៉ាយ៉ា បានចូលរួមក្នុងសកម្មភាពនយោបាយ ប៉ុន្តែ មិនបានបង្កការគំរាមកំហែងដល់រដ្ឋាភិបាលឡើយ។
គាត់បាននិយាយថា កាលពីឆ្នាំ២០១៤រ៉ាយ៉ា គឺជាសមាជិកយុវជនខ្មែរមហានគរប៉ុន្តែ នៅឆ្នាំនេះបានចាប់ផ្តើមបង្កើតក្រុមរបស់ខ្លួនគឺបណ្តាញនិស្សិតកម្ពុជា ដែលមានសមាជិកមួយចំនួនតែប៉ុណ្ណោះ ហើយបានផ្តោតលើបញ្ហាសិទ្ធិមនុស្ស និងដីធ្លី។
មិត្តភក្តិរូបនេះបាននិយាយថា ”អង្គការនេះតែងតែដាក់ពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្សនានា ហើយបានស្នើសុំឲ្យពួកគេជួយប្រជាពលរដ្ឋ ប្រសិនបើពួកគាត់ប្រឈមបញ្ហា”។ មិត្តភក្តិរូបនេះបានបន្ថែមថា រ៉ាយ៉ា ពិតជាគ្មានបំណងចាប់ផ្តើមធ្វើបដិវត្តន៍ឡើយ។ គាត់គ្រាន់តែបញ្ចេញមតិរបស់ខ្លួនតាមហ្វេសប៊ុកប៉ុណ្ណោះ។
លោក កង គង់ ឪពុករបស់ រ៉ាយ៉ា បាននិយាយកាលពីម្សិលមិញថា លោកបានដាស់តឿនកូនប្រុសរបស់លោកកុំឲ្យនិយាយពីបដិវត្តន៍ពណ៌ បន្ទាប់ពីឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្កោលទោសអ្នកដែលស្វះស្វែងផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែថា កូនប្រុសរបស់លោកគ្មានបំណងធ្វើសកម្មភាពទាក់ទងបទឧក្រិដ្ឋឡើយ។
លោក កង គង់ បានបន្ថែមថា “ខ្ញុំសូមស្នើឲ្យសម្តេច ហ៊ុន សែន ដោះលែងកូនប្រុសរបស់ខ្ញុំដើម្បីឲ្យវាបានទៅរៀនវិញ ពីព្រោះវាគ្មានផែនការផ្តួលរំលំរដ្ឋាភិបាលទេ”៕ សារុន