សមាជិកបីនាក់នៃក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ និងកញ្ឆាទម្ងន់ជាង១តោនដែលគេចោទប្រកាន់ថា អ្នកទាំងនេះបាននាំចូលពីប្រទេសឡាវនោះត្រូវបានបង្ហាញកាលពីម្សិលមិញ នៅចំពោះមុខអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតមួយនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ។
លោក ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដែលដឹកនាំការសើុបអង្កេតមួួយ[ដែលឈានទៅដល់ការចុះបង្ក្រាបទីតាំងដាច់ដោយឡែកពីគ្នាចំនួនបី និងចាប់ខ្លួនបានមនុស្សចំនួនបីនាក់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍] បានលើកឡើងថា កញ្ឆាទម្ងន់១,៤តោនដែលត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការចុះបង្ក្រាបមានតម្លៃជាង៧លានដុល្លារហើយមានគោលដៅនាំចេញ។
លោកបានមានប្រសាសន៍ថា ”កញ្ឆានោះត្រូវបានវេចខ្ចប់ប្រកបដោយបច្ចេកទេសខ្ពស់សម្រាប់លក់ទៅប្រទេសទី៣ ដែលមានតម្លៃខ្ពស់ និងទីផ្សារធំទូលាយ។ ប្រសិនបើយើងវាយតម្លៃវាតាមស្តង់ដារអន្តរជាតិដែលជាវិធីវាយតម្លៃត្រូវបានប្រើប្រាស់ដោយនគរបាលនៅក្នុងប្រទេសអូស្ត្រាលី អាមេរិក និងអឺរ៉ុបនោះ កញ្ឆាដែលរឹបអូសបានទាំងនេះមានតម្លៃជាង៧លានដុល្លារ”។
ឧត្តមសេនីយ៍ឯករូបនេះបានពន្យល់ពីរបៀបដែល សំ តារា អាយុ៣៦ឆ្នាំ [ហៅថា បារាំង] វិត សាំង អាយុ៤៨ឆ្នាំ និង សួន ភក្តី អាយុ៣៣ឆ្នាំ បាននាំកញ្ឆាចេញពីប្រទេសឡាវ។
លោកមានប្រសាសន៍ថា “បារាំង ដែលជាអ្នកបកប្រែ ទទួលបានប្រាក់ពីបរទេសដើម្បីទិញ និងដឹកជញ្ជូនកញ្ឆា”។

នៅក្នុងប្រទេសឡាវ កញ្ឆាត្រូវបានវេចខ្ចប់ជាកញ្ចប់ៗដោយមានបិទស្លាកថា Dao Coffee ហើយបន្ទាប់មកត្រូវបាន វិត សាំង ជាអ្នកដឹកជញ្ជូន មកកាន់រាជធានីភ្នំពេញ ជាទីដែល សួន ភក្តី បានវេចខ្ចប់សាជាថ្មីនៅក្នុងកញ្ចប់ប្លាស្ទិកដែលបិទយា៉ងជិត។
ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានលើកឡើងទៀតថា បុរសទី៤ត្រូវបានចាប់ខ្លួនក្នុងរាជធានីកាលពីថ្ងៃសុក្រ ប៉ុន្តែ ត្រូវបានដោះលែងវិញ ព្រោះគាត់ពុំមានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀននេះឡើយ។ ហើយនគរបាលក៏កំពុងតែសើុបអង្កេតហើយរកឃើញថាជនជាតិអឺរ៉ុបម្នាក់មានជាប់ពាក់ព័ន្ធក្នុងក្រុមគ្រឿងញៀននេះផងដែរ ប៉ុន្តែ លោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតឡើយ។
ជនសង្ស័យទាំងបីនាក់នេះត្រូវបានសាកសួរនៅសាលាដំបូងរាជធានីកាលពីម្សិលមិញនេះបើយើងតាមលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី។ លោកបានលើកឡើងថា ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី១០ឆ្នាំ ដល់មួយជីវិតប្រសិនបើរកឃើញថា ពិតជាបានជួញដូរកញ្ឆាទាំងនេះមែននោះ ។
នៅឯសន្និសីទកាសែត ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានលើកឡើងថា អំឡុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ នគរបាលជាតិចាប់ខ្លួនជនសង្ស័យបានជាង២.០០០នាក់នៅក្នុងករណីដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១.៣០០ករណី ហើយរឹបអូសបានថ្នាំញៀនប្រភេទណាកូទិក៩០គីឡូក្រាមដោយមិនរាប់បញ្ចូលកញ្ឆាទម្ងន់១,៤តោនដែលទើបតែរឹបអូសបាននេះ៕ ស៊ុយឈាង