យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ចោរប្លន់ម៉ូតូម្នាក់ត្រូវបាននគរបាលបាញ់ស្លាប់ពេលកំពុងដេញតាម ហើយបាញ់តដៃជា មួយនគរបាលនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃច័ន្ទ ប៉ុន្តែ មន្ត្រីអង្គការសិទ្ធិមនុស្សដែលបាននិយាយជាមួយសាក្សីបានច្រានចោលការលើកឡើងរបស់ពួកគេ។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលក្រុងប៉ោយប៉ែតបានដេញតាមចោរពីរនាក់ជិះម៉ូតូដែលពួកគេទើបប្លន់បាន ស្រាប់តែមានការបាញ់បានកើតឡើង។
លោកបានមានប្រសាសន៍ថា ចោរម្នាក់ក្នុងចំណោមចោរពីរនាក់ត្រូវបានបាញ់ស្លាប់ដោយត្រូវមួយគ្រាប់ចំបេះដូង ហើយថា ចោរម្នាក់ទៀតដែលមានកំាភ្លើងបានរត់ចោលម៉ូតូ។
លោក អាត់ ខែម បានថ្លែងថា “ចោរដែលមានកាំភ្លើងមានដីកាចាប់ខ្លួនចំនួនពីរជាប់ពាក់ព័ន្ធអំពើប្លន់ប្រដាប់អាវុធនៅក្នុងខេត្តកំពង់ចាម ប៉ុន្តែ កាលពីយប់មិញនេះ ពួកគេត្រូវនគរបាលយើងដេញតាម ហើយបានបាញ់មកលើកម្លាំងរបស់យើង”។
លោកបានថ្លែងថា លោកមិនស្គាល់ឈ្មោះ ចោរទាំងនោះទេ ប៉ុន្តែថា មន្ត្រីរបស់យើងកំពុងស្វែងរកចោរម្នាក់ដែលបានរត់គេចខ្លួន។ លោកបានមានប្រសាសន៍ថា ម៉ូតូពីរគ្រឿងដែលពួកគេប្លន់បាននោះត្រូវបានប្រគល់ជូនម្ចាស់វិញ។ លោក អំុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា សាក្សីដែលលោកបានសាកសួរ បានផ្តល់ហេតុផលខុសៗគ្នា។
លោក ចាន់គា បានមានប្រសាសន៍ទៀតថា អ្នករត់ម៉ូតូឌុបដែលអះអាងថា បានឃើញការដេញតាមនោះ បានប្រាប់លោកថា បុរស ដែលបានដេញតាមចោរទាំងនោះ ស្លៀកពាក់ស៊ីវិល ហើយថា ក្រោយមកបានឃើញបុរស ដដែលគេចខ្លួនពីតំបន់នោះ។អ្នករត់ម៉ូតូឌុបទាំងនោះបានប្រាប់លោកថា នគរបាលស្លៀកពាក់ឯកសណ្ឋានបានមកដល់តាមក្រោយ។
លោកបានមានប្រសាសន៍ថា ស្ត្រីម្នាក់ដែលបានអះអាងថា បានឮស្នូរកាំភ្លើងនៅខាងក្រៅវត្តមួយ បានប្រាប់លោកថា អ្នកស្រីបានឮស្នូរកាំភ្លើងមួយគ្រាប់ប៉ុណ្ណោះ ហើយថា មិនមានការបាញ់តទល់គ្នាទេ។
លោក ស៊ុម ចាន់គា បានមានប្រសាសន៍បន្ថែមទៀតថា ”នគរបាលដែលបាញ់ចោរនោះមិនមែនបាញ់ចោរប្លន់ដែលមានអាវុធឡើយ ពីព្រោះ ចោរនោះគ្មានកាំភ្លើងទេ”៕ សារុន