នៅពេលកូនប្រុសរបស់អ្នកស្រី សម សំណាង បានសម្រេចចិត្តចូលរួមក្នុងជួរអង្គការក្រៅរដ្ឋាភិបាល ជាអង្គការបរិស្ថានឈ្មោះថា មាតាធម្មជាតិ អ្នកស្រីដឹងរួចហើយថា កូនប្រុសនឹងមានបញ្ហាជាមិនខាន។
អ្នកស្រីសំណាង បាននិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំតែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនប្រុសរបស់ខ្ញុំ នៅពេលវាធ្វើការឲ្យអង្គការមាតាធម្មជាតិ ពីព្រោះខ្ញុំគិតថា វាអាចត្រូវគេចាប់ខ្លួននៅថ្ងៃណាមួយជាមិនខាន”។
“អាជ្ញាធរមិនសប្បាយចិត្តនឹងអង្គការនេះទេ ពីព្រោះពួកគេកំពុងព្យាយាមរារាំងពលរដ្ឋពីការរកប្រាក់ចំណូលពីធនធានធម្មជាតិ”។
ការព្រួយបារម្ភរបស់អ្នកស្រីសំណាង បង្ហាញឲ្យឃើញថា មានហេតុផលច្បាស់លាស់។
កូនប្រុសរបស់អ្នកស្រីឈ្មោះ ទ្រី សុវិគា អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនរួមជាមួយនឹងសកម្មជនមាតា ធម្មជាតិពីរនាក់ផ្សេងទៀត គឺ ស៊ុន ម៉ាឡា អាយុ២២ឆ្នាំ និង ស៊ឹម សំណាង អាយុ២៩ឆ្នាំ ដោយសារតែការខិតខំរបស់ពួកគេដើម្បីបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់ពីរ ក្រុមហ៊ុន មិនឲ្យបូមខ្សាច់នៅពាមអណ្តូងទឹកក្នុងខេត្តកោះកុង។
សកម្មជន និងប្រជានេសាទមូលដ្ឋានចោទប្រកាន់ក្រុមហ៊ុនទាំងនេះថាបានបូម ខ្សាច់ជ្រៅៗ និងក្នុងតំបន់ធំជាងដែលអាជ្ញាប័ណ្ណរបស់ខ្លួនអនុញ្ញាត ដោយបានបំផ្លាញបរិស្ថាននិងការប្រកបរបរចិញ្ចឹមជីវិតរបស់ ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ទាប់ពីការចាប់ខ្លួនពួកគេនៅថ្ងៃទី១៧ ខែសីហា តុលាការខេត្តបានចោទសកម្មជនទាំងបីនាក់ពីបទគំរាមបំផ្លាញទ្រព្យសម្បត្តិ ក្រោយពីពួកគេបានឡើងលើសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ដាយរិក អែកសេស (Direct Access) ជា ក្រុមហ៊ុនមួយកំពុងដំណើរការបូមខ្សាច់នៅពាមក្នុងស្រុកបទុមសាគរ ហើយត្រូវគេចោទថា បានប្រាប់កម្មករថា ពួកគេនឹងដុតសាឡង់នេះចោល ប្រសិនបើមិនឈប់បូមខ្សាច់ទេនោះ។
ប្រសិនបើរកឃើញកំហុស ពួកគេប្រឈមនឹងទោសជាប់ពន្ធនាគារពីរឆ្នាំ។
ការចាប់ខ្លួនសកម្មជនគឺជាហេតុការណ៍ថ្មីបំផុតក្នុងយុទ្ធនាការខិតខំជា ខ្លាំងជាបន្តបន្ទាប់របស់អង្គការមាតាធម្មជាតិ ដើម្បីការពារបរិស្ថាន។ ចាប់តាំងពីការបង្កើតអង្គការនេះនៅឆ្នាំ២០១២មក អង្គការបានផ្តោតជាសំខាន់លើការបញ្ឈប់គម្រោងទំនប់វារីអគ្គិសនីនៅ តំបន់អារ៉ែង ខេត្តកោះកុង។
កាលពីខែកុម្ភៈ រដ្ឋាភិបាលបានចាប់ខ្លួននិងនិរទេសលោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន ជនជាតិអេស្ប៉ាញ ជាសហស្ថាបនិករបស់អង្គការមាតាធម្មជាតិ បន្ទាប់ពីមិនទទួលបានការបន្តទិដ្ឋាការ ពីព្រោះគាត់និងសកម្មជនបានរាំងផ្លូវក្បួនរថយន្តរដ្ឋាភិបាលមួយ រយៈពេលខ្លីមិនឲ្យចូលទៅដល់ការដ្ឋានទំនប់វារីអគ្គិសនីកាលពីឆ្នាំ មុន។
ក្នុងបទសម្ភាសមួយកាលពីសប្តាហ៍មុន លោក ហ្គន់ហ្សាឡេស ដាវីដសុន ដែលសុំមិនប្រាប់ទីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់លោក បានទទួលស្គាល់ថា វិធីសាស្ត្ររបស់អង្គការមាតាធម្មជាតិគឺត្រង់ផ្ទាល់ជាងអ្នកដែលធ្វើ ការឲ្យអង្គការក្រៅរដ្ឋាភិបាលភាគច្រើនបំផុតក្នុងប្រទេសកម្ពុជា។
លោកបាននិយាយថា “ប្រសិនបើ អ្នកមើលអ្វីដែលកំពុងធ្វើ ដូចជារបាយការណ៍សិក្ខាសាលា ការធ្វើការជាមួយរដ្ឋាភិបាល អ្វីដែលអង្គការក្រៅរដ្ឋាភិបាលជាច្រើនបាននិងកំពុងធ្វើ ហើយប្រសិនបើអ្នកក្រឡេកមើលអ្វីដែលពួកគេទទួលបានពិតប្រាកដនោះ អ្នកត្រូវសួរថាតើកិច្ចការទាំងនោះបានផលពិតទេ។ កិច្ចការទាំងនោះមិនបានផលទេ”។
លោកបាននិយាយថា សកម្មជនជាប់ពន្ធនាគារទាំងនោះ បានដឹងច្បាស់ថា យុទ្ធនាការរបស់ពួកគេប្រឆាំងក្រុមហ៊ុនពីរនេះនឹងនាំឲ្យរដ្ឋាភិបាល ខឹង ហើយអាចឈានដល់ការចាប់ខ្លួនពួកគេ។
លោកបាននិយាយថា “យើងបានសម្រេចចិត្តហើយថា យើងនឹងមិនដកថយទេ។ មានប្រយោជន៍ពីការចាប់ខ្លួន ប៉ុន្តែ គ្មានប្រយោជន៍សោះពីការដកថយ”។
ពិតមែនហើយ ការចាប់ខ្លួននេះបានបណ្តាលឲ្យមានការគាំទ្រច្រើនសម្បើមចំពោះ អង្គការក្រៅរដ្ឋាភិបាលនេះតាមបណ្តាញព័ត៌មានសង្គម និងទទួលបានការផ្សព្វផ្សាយទូលំទូលាយក្នុងបណ្តាញព័ត៌មានក្នុងស្រុក។
ហើយវិធីសាស្ត្ររបស់អង្គការមាតាធម្មជាតិក្នុងខេត្តកោះកុង ហាក់ដូចជាបានឲ្យផល។ ក្រុមហ៊ុន ដាយរិក អែកសេស និងក្រុមហ៊ុនរេនបូ អុីនធើណេសូណល ជាក្រុមហ៊ុនបូមខ្សាច់នៅពាមអណ្តូងទឹក បានបញ្ឈប់ការយកខ្សាច់នៅទីនោះប្រហែលពីរសប្តាហ៍មកហើយ។
អាជ្ញាប័ណ្ណ ដាយរិក អែកសេស ឥឡូវបានផុតកំណត់ ហើយក្រសួងរ៉ែនិងថាមពល បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិកកាលពីថ្ងៃអង្គារថា មិនទាន់បន្តអាជ្ញាប័ណ្ណឲ្យនៅឡើយទេ។
លោក ទិត គុណ អាយុ៤១ឆ្នាំជាអ្នកនេសាទម្នាក់នៅឃុំអណ្តូងទឹក ស្រុកបទុមសាគរ បាននិយាយកាលពីថ្ងៃអង្គារថា សាឡង់បូមខ្សាច់ឥឡូវនេះបានបើកចេញពីពាមអណ្តូងទឹក ទៅពាមព្រែកកន្ទួតក្បែរនោះ ជាកន្លែងដែលក្រុមហ៊ុនរេនបូ អុិនធើណេសូណល មានអាជ្ញាប័ណ្ណបូមខ្សាច់នៅទីនោះ។
ទោះជាមានជោគជ័យតិចតួចក៏ដោយ អ្នកស្រីថា សុជា អាយុ២៣ឆ្នាំ ភរិយារបស់លោក សំណាង សកម្មជនជាប់ពន្ធនាគារម្នាក់បាននិយាយថា អ្នកស្រីនឹងបន្តចូលរួមការធ្វើបាតុកម្មទៀតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីអំពាវនាវឲ្យមានការដោះលែងប្តីរបស់អ្នកស្រីនិងសហការីរបស់ គាត់។
អ្នកស្រីបាននិយាយនៅពេលសម្រាកក្នុងការតវ៉ាកាលពីថ្ងៃអង្គារថា “ខ្ញុំ សូមអំពាវនាវដល់អ្នកដែលស្រឡាញ់ធម្មជាតិងើបឈរឡើង និងចូលរួមជាមួយយើង ដើម្បីទាមទារឲ្យមានការដោះលែងប្តីខ្ញុំនិងសកម្មជនពីរនាក់ពី ពន្ធនាគារ”។
លោក ស៊ុន ដារ៉ា អភិបាលរងខេត្តបាននិយាយថា លោកនៅតែគិតថា ការចាប់ខ្លួននេះមានហេតុផលត្រឹមត្រូវ។
លោកបាននិយាយថា “ខ្ញុំគិតថា ការចាប់ខ្លួនអ្នកទាំងបីគឺត្រឹមត្រូវ ពីព្រោះពួកគេបានបង្កើតបញ្ហាច្រើនក្នុងខេត្តកោះកុង”។
លោក ហ្គន់ហ្សាឡេស ដាវីដសុន បាននិយាយតាមរយៈអុីម៉េលកាលពីថ្ងៃអង្គារថា មិនចំពោះថា សកម្មជនត្រូវកាត់ឲ្យជាប់ទោស ឬយ៉ាងណានោះទេ ការតាំងចិត្តរបស់ពួកគេមិនរង្គោះរង្គើឡើយ។
“សកម្មជនជាប់ក្នុងពន្ធនាគារពីព្រោះពួកគេបានសម្រេចចិត្តថា ដើរតួនាទីជា ‘អ្នកទោសមនសិការ’ ជា អ្វីដែលចាំបាច់នៅពេលឥឡូវនេះ ប្រាកដណាស់ សង្គមកម្ពុជានឹងផ្តល់រង្វាន់ឲ្យពួកគេចំពោះការលះបង់របស់ពួកគេដល់ អនាគតដ៏ខ្លីខាងមុខនេះ”៕ និត