32 C
Phnom Penh

តុលាការ​ដាក់​​​ពន្ធនាគារ​​​​ជន​ជាតិកូរ៉េ​​​​១០នាក់​ពីបទ​​​​ហ៊ែក​ចូល​ប្រព័ន្ធ​ឌីជីថល​​​​ក្រសួង​ប្រៃសណីយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​១០​​​នាក់​​​ គឺ​ប្រុស​​​ប្រាំ​​​នាក់ និង​​​ស្ត្រី​​​ប្រាំ​​​នាក់ ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ ជាប់​​​ពន្ធនាគារ​​​​​​រយៈពេល​មួយ​​​ឆ្នាំ​​​កាល​​​ពី ម្សិល មិញ​​​ ពីបទ​​​ហែ៊ក​​​ចូល​​​ប្រព័ន្ធ​​​​​​ឌីជីថល​​​របស់​​​ក្រសួង​​​​ប្រៃសណីយ៍​​​ និង​​​ទូរគមនាគមន៍​​​ និង​​​​ប៉ុន​​​ប៉ុង​​​រៀប​​​ចំ​​​ផែន​​​ការ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​កំហែង​​​ទារ​​​ប្រាក់​​​ពី​​​​ប្រជាជន​​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​។

ពីរ​​​នាក់​​​ក្នុង​​​ចំណោមជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​១០​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​​​​កំហែង​​​ទារ​​​ប្រាក់​​​តាម​​​ប្រព័ន្ធ​​​​​​អីុនធឺណិត ​​​មក​​​ដល់​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ មុន​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
ពីរ​​​នាក់​​​ក្នុង​​​ចំណោមជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​១០​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​​​​កំហែង​​​ទារ​​​ប្រាក់​​​តាម​​​ប្រព័ន្ធ​​​​​​អីុនធឺណិត ​​​មក​​​ដល់​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ មុន​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

លោក ឆែ វីរៈ ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​រាជ ធានីភ្នំពេញ​​​បាន​​​រក​​​ឃើញ​​​ថា អ្នក​​​ទាំង​​​១០​​​គ្មាន​​​ទោសទេ​​​​លើ​​​បទ​​​ចោទ​​​ប្រកាន់​​​ចំនួន​​​ប្រាំ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ព​​ីខែ​​​វិច្ឆិកា​​​ នៅ​​​គេ​​​ហដ្ឋាន​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ដែល​​​មាន​​​ត​ភ្ជាប់​​​​​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ និង​​​ទូរស័ព្ទ ​​​ប៉ុន្តែ បាន​​​សម្រេច​​​ថា ពួក​​​គេ​​​មាន​​​ពិរុទ្ធភាព​​​លើ​​​ បទ​​​ចោទ​​​ប្រកាន់​​​ទី​​​៦​​​។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”អ្នក​​​ទាំង​​​១០​​​ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ “ឲ្យជាប់​​​ពន្ធនា​គារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ក្រុម​​​ ឬ​​​ឃុប​ឃិត​​​ក្នុងការ​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​”។

អំឡុង​​​សវនាការ​​​កាល​​​ពីខែ​​​កក្កដា ចៅ​​​ក្រម ​​​វីរៈ បាន​​​ផ្តោត​​​លើ​​​អង្គ​​​ហេតុ​​​ថា ទូរស័ព្ទ​​​ជិត​​​២០​​​គ្រឿង​​​ត្រូវ​​​បាន​​​រឹបអូស​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​ផ្ទះ​ជួល​​​របស់​​​ជន​ជាតិ​​​កូរ៉េ​​​ទាំង​​​នេះ​​​ក្នុង​​​សង្កាត់​​​បឹង​​​កក់​​​១​​​។

មាន​វត្ត​មាន​សម្រាប់​​​​សាល​​​ក្រម​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​លោក​​​ ហេង​​​ ឯក ប្រធាន​​​អធិការ​​​កិច្ច​​​នៅ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ជន​​​ជាតិ​​​កូរ៉េ​​​ទាំង​​​នេះ​​​​​​បាន​​​ហ៊ែក​​​ចូល​​​ប្រព័ន្ធ​ Database របស់​​​ក្រសួង​​​ ប៉ុន្តែបាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​បន្ថែម​​​ទេ​​​។

លោក អីុ សុខឃី ប្រធាន​​​នាយកដ្ឋាន​​​ប្រឆាំង ​​​ភេរវកម្ម​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​យប់​​​មិញ​​​ថា ការិយាល័យ​​​របស់​​​លោក​​​បាន​​​ធ្វើ​​​ការ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជាមួយ​​​ក្រសួង ​​​ប្រៃសណីយ៍ ​​​និង​​​ទូរគម​​​នា​​​គមន៍​​​​​​ ដើម្បី​​​សើុប​​​អង្កេត​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ទាំង​​​នេះ​​​។

ដោយ​​​បដិសេធមិន​​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ ឧត្តម​​​សេនីយ៍​​​ឯក អីុ សុខឃី បានថ្លែង​​​​​​ថា “ការ​​​ចោទ​​​ប្រកាន់និង​​​ការ​​​ផ្តន្ទា​​​ទោស​​​ទាំង​​​នេះ​​​ទាក់​​​ទង​​​នឹង​​​ការ​​​ហ៊ែក​​​ចូល​​​ប្រព័ន្ធ ​​​របស់​​​ក្រសួង​​​ប្រៃ​​​សណីយ៍ និ​​ង​​​ទូរគម​​​នាគមន៍”។

លោក លឹម អេង​​​រតនៈ មេធាវី​​​ការ​​​ពារ​​​ចុង​​​​​​ចោទ​​​ទាំង​​​១០​​​នាក់​​​ គឺ អីុម យូ​​​ស៊ឹុក (Im Yusoek) ​​​អាយុ​​​៣៥​​​ឆ្នាំ គីម ដូហ្យុន (Kim Do-hyun) អាយុ​​​២៥​​​​​​ឆ្នាំ កាង អីុន​​​វ៉ុន (Kang In-won) អាយុ​​​​​​៣៥​​​ឆ្នាំ កាង ស៊ូអីុន (Kang Su-in) អាយុ​​​២៣​​​ឆ្នាំ ចូ មីន​​​ស៊ុប (Jo Min-sub) អាយុ​​​២២​​​ឆ្នាំ ប៉ាក មីជីន (Park Mi-jin) អាយុ​​​២១​​​ឆ្នាំ ប៉ាក មីយឺន អាយុ​២១ឆ្នាំ ហេ យ៉ុង​​​ប៉ាក​​​ ( Hye Yong- park) អាយុ​​​២៣​​​ឆ្នាំ យូន ហា​​​ជីន (Yoon Ha-jin) អាយុ​​​២៣​​​ឆ្នាំ និង​​​ លី យុន​​​មីន (Lee Yunmin) អាយុ​​​២៤​​​ឆ្នាំ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទេ​​​។

លោក គីម ហ្យុងវ៉ុន (Kim Hyung-won) ​​​មន្ត្រី​​​ទំនាក់​​​ទំនង​​​ការ​​​អនុវត្ត​​​ច្បាប់​​​នៅ​​​ស្ថានទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​ដែល​​​ក៏​​​មាន​​​វត្ត​​​មាន​​​​​​នៅ​​​ក្នុង​​​តុលាការ​​​ផង​​​ដែរ​​​​​​បានមាន​​​ប្រសាសន៍ថា ជន ​​​រួ​​​ម​​​​​​ជាតិ​​​របស់​​​លោក​​​ដែលរង​ការ​ចោទ​​​ប្រកាន់ ​​​នេះ​បាន​​​ប៉ុន​​​ប៉ង​​​រៀបចំផែនការ​ “កំហែង​​​ទារ​​​ប្រាក់​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “ពួក​​​គេ​​​បាន​​​ធ្វើ​​ដូច្នេះ​​​ដើម្បី​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​ប្រជា​​​ជន​​​កូរ៉េ​​​ ប៉ុន្តែ ​​​ពួក​​​គេ​​​បាន​​​បរាជ័យ​​​។ ចំណែកការ​​​ហ៊ែក​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​វិញ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ចំពោះ​រឿងនោះ​​​ ពួក​​​គេ​​​គ្មានទោស​​​ទេ​​​”៕សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស