30 C
Phnom Penh

មេធាវីការ​ពារ​​ចុងចោទ​នៅ​សាលាក្តី​ខ្មែរក្រហម ដើរ​ចេញ​ពី​សាល​សវនា​ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នីតិវិធី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​​ត្រូវ​បាន​ផ្អាក​កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​មេធាវី​ការ ​ពារក្តី​​​​​របស់ នួន ជា និង​ ខៀវ សំផន ​បាន​ដើរ​ ចេញពី​សាល​សវនាការ​​​ ដោយ​មេធាវី​មួយ​​​រូប​​​បាន​ចាត់​​​ទុក​​​​​សវនាការ​​​លើ​ឯកសារ​​​ដែល​​​កំពុង​ដំណើរការ​នោះ​ថា ​​​”គួរ​ឲ្យ​អស់​សំណើច”​។

សវនាការ​នេះ​បាន​ចាប់​ផ្ដើម​ដោយ​មាន​​ការ​ធ្វើ​បទបង្ហាញ​​​ដោយ​អយ្យការអំពី​ខ្សែ​អាត់​វីដេអូ​ខ្លីៗ​​ ការ​ដក​ស្រង់​ប្រភព​ខ្លីៗ​បន្ទាប់​បន្សំ និង​​ការ​រៀប​រាប់​ពី​សម័យ​កម្ពុជា​ប្រជា ធិបតេយ្យ ។ ប៉ុន្តែ​សវនាការ​នេះ​​ត្រូវ​បាន​រំ​ខាន​ ដោយ​មាន​ការ​ជំទាស់ពី​លោក វីកទ័រ កូប៉េ មេធាវី​ការ​ពារ​ នួន ជា ដែល​​មិន​យល់​ស្រប​នឹង​ការ​ប្រើ​ប្រាស់​​កំណត់​ហេតុ​ស៊ើបអង្កេត​ជា​លាយ​លក្ខណ៍​អក្សរដោយ​មាន​​​ការ​​គ្រោង​ទុក​របស់​អយ្យការរូប​នេះ ដែល​ក្នុង​នោះ​​មាន​​ប្រតិចារឹក​​​នៃ​បទ​​សម្ភាសន៍ជាមួយ​​សាក្សី​ជាដើម។

លោក​ កូប៉េ បាន​ថ្លែង​ថា “​ឯកសារ​ទាំង​នេះ​គួរ​ត្រូវ​យក​មក​ពិភាក្សា​ ទាំង​ឯកសារ​​​កើត​ឡើង​នៅ​ពេល​ដូច​គ្នា​ ​ឯកសារ​​ផ្សេង​ៗ​មាន​ទាំង​សៀវភៅ ឬ​ទិនានុប្បវត្តិ​​ជា​ដើម​ ​លើក​លែង​តែ​​កំណត់​ហេតុ​ស៊ើបអង្កេត​ជា​លាយ​លក្ខណ៍​អក្សរ…​នេះ​មិន​មែន​ជា​អ្វី​ដែល​អង្គ​ជំនុំជម្រះ​ចង់សំដៅ​ដល់​​នោះ​ឡើយ​”។

លោក​បាន​​បន្ថែម​ថា “ ប្រសិន​បើ​​អយ្យការ​​​​រូបនេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​ពី​កំណត់​ហេតុ​ស៊ើបអង្កេត​ជា​លាយ​លក្ខណ៍​អក្សរ​នោះ ការ​ពិត​យើង​ឈាន​​​ដល់​​​ស្ថាន​ភាព​ជាប់​​​គាំង​​​​ពាក់កណ្តាល​ទី​។ ខ្ញុំ​គិត​ថា យើង​មិន​គួរ​ទៅ​ដល់​ចំណុច​នោះ​ឡើយ”។

សវនាការ​​លើ​ឯកសារ​​​ធ្វើ​ឡើង​ក្នុង​គោល​ បំណង​ផ្ដល់​ឱកាស​ដល់​ភាគី​ទាំង​អស់​បង្ហាញ​ពី​ការ​ជ្រើស​រើស​ឯកសារ​ប្រហែល​១០.០០០​ ច្បាប់​នៅ​ក្នុង​សំណុំ​ឯកសារ​។

ក្នុង​ការ​ធ្វើ​បទ​បង្ហាញរបស់ខ្លួន​ ​ អយ្យការ​បាន​អាន​បទសម្ភាស​ន៍​​​ជាមួយ​សាក្សី​ម្នាក់​ដែល​បាន​ធ្វើ​ការ​​នៅ​ការដ្ឋាន​ជីក​ទំនប់​១មករា ក្នុង​ខេត្ត​កំពង់ធំ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ថា តើ​គាត់​​នៅ​រស់​ឬយ៉ាង​ណា​នោះឡើយ​។

កាលពី​ព្រឹក​ថ្ងៃ​នោះ អង្គជំនុំជម្រះ​​បាន ផ្តល់ការ​ចាប់អារម្មណ៍ដល់​​មេធាវី​ការ​ពារ​ថា មាន​តែ​បទ​សម្ភាស​ន៍​ជាលាយ​លក្ខណ៍​អក្សរ​ពី​សាក្សី​​ដែល​បាន​ស្លាប់​ប៉ុណ្ណោះ​ ត្រូវ​បាន​អនុញ្ញាត។

ប៉ុន្តែ​​បន្ទាប់​ពី​លោក កូប៉េ បាន​​តវ៉ា​​អំពី​​ការ​រៀបរាប់​របស់​សាក្សី​​​ដែល​ត្រូវ​បាន​យក​មក​អាន​នោះ ចៅក្រម​ ក្លូឌីយ៉ា ហ្វែន (Claudia Fenz) បាន​បញ្ជាក់​ថា បទ​សម្ភាស​ន៍​របស់​សាក្សី​ អាច​លើក​យក​មកធ្វើ​បទ​​បង្ហាញ​បាន​ បើ​ទោះ​ជាគាត់នៅ​រស់​ក៏ដោយ​។

លោក កូប៉េ បាន​ឆ្លើយ​តប​ថា “​បើ​អ៊ីចឹង​​យើង​នឹង​ដក​ចេញ​ពី​​ការ​ធ្វើ​បទបង្ហាញ​ឯកសារ​ របស់​យើង​ជា​ផ្លូវ​ការ ពីព្រោះ​គួរ​ឲ្យ​អស់​សំណើច​” បន្ទាប់​មក​លោក​បាន​ដើរ​ចេញ​ពី សាល​​សវនាការ​។

ប្រហែល​១នាទី​ក្រោយ​មក លោក អាស៊ើ វើេខន (Arthur Verken) មេធាវី​ការ​ពារ​​ ខៀវ សំផន បាន​លើក​ឡើង​ថា ”សវនាការ​លើ​ឯកសារ​នេះ​​មិន​មាន​ដាក់បញ្ចូល​​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ​ឡើយ មុនពេល​ដើរតាម​លោក កូប៉េ ចេញ​ទៅក្រៅ​ដែរ​។

មេធាវី​អន្តរជាតិ​​​ត្រូវ​បាន​ចូល​រួម​ដោយ​មេធាវី​ជនជាតិ​ខ្មែរ​។ លោក វីល្លៀម ស្មីត សហ​ព្រះរាជអាជ្ញា​រង​បាន​ចាត់​​​ទុក​​​អាកប្បកិ​​​រិ​​​យា​​​​ របស់​​មេធាវី​ការ​ពារ​ថា ”​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ” ហើយ​បានលើក​ឡើង​ថា គួរ​ប្រើ​​ក្រុម​មេធាវី​ជំនួស​​សម្រាប់​ ខៀវ សំផន​។

ចៅក្រម​នៅ​សាលា​ក្ដី​បាន​បង្គាប់​ឲ្យ​ចាត់​តាំង​មេធាវី​បម្រុង​កាលពី​​ខែធ្នូ​ឆ្នាំ​មុន បន្ទាប់ ពី​មាន​ការ​ធ្វើ​ពហិការ​​ជាច្រើន​ខែ​នៃដំណាក់​កាលទី​២​នៃ​សំណុំរឿង​០០២ ដោយ​ក្រុម​មេធាវី​ការ​ពារ​លោក ខៀវ សំផន​ ដែល​កើត​ចេញពី​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​បណ្ដឹង​សាទុក្ខ​នៅ​ក្នុង​​ដំណាក់​កាលទី​១។

បន្ទាប់ពី​​ដើរ​ចេញបាន​​បន្តិច​មក​ លោក និល ណុន ប្រធាន​អង្គជំនុំជម្រះ​​បាន​ផ្អាក​​​សវ នាការ​នៅ​ថ្ងៃ​នោះ។ លោក​បាន​ថ្លែង​ថា”​អង្គ ជំនុំជម្រះ​មិន​អាច​បន្ត​បាន​ទេ ពីព្រោះ​មេធាវី​​ការ​ពារ​ពីរក្រុម​​បាន​ធ្វើ​ពហិការនីតិវិធីនោះ​។ ហើយ​ឥឡូវ​នេះ​ចុង​ចោទ​មិន​មាន​មេធាវីការ​ពារ​តំណាង​ពួកគេ​ឡើយ​”។

លោក ឡាស អូលសេន អ្នក​នាំពាក្យ​កិច្ច ការ​ច្បាប់​នៅ​សាលាក្ដី​បាន​​ថ្លែង​តាម​ទូរស័ព្ទ​ថា មេធាវី​ប្រចាំការ​​គឺ​ជា​ជម្រើស​ ប៉ុន្តែ​ថា មិន​ ទាន់​មាន​ការ​សម្រេចប្រើ​ប្រាស់​ពួកគេ​​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ថា “​អង្គជំនុំជម្រះ​បាន​​ជូន​ដំណឹង​ដល់ភាគីទាំង​អស់​ថា ពួកគេ​នឹង​បន្ត​សវនាការ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ស្អែក​​។ ក្រុម​មេធាវី​ការ​ពារ​នឹង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ពន្យល់​ពី​​មូលដ្ឋាន​ច្បាប់​​សមហេតុផល​​​សម្រាប់​សកម្ម ភាព​របស់​ខ្លួន​”៕ សារុន​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស