30 C
Phnom Penh

ដោយ​មាន​ផែនទី​ក្នុង​ដៃ រាជ​រដ្ឋា​ភិបាល​​​​​​​​​​​អាច​សម្រាល​ភាព​តាន​តឹង​​​​ព្រំដែន​​​បាន​មួយ​រយៈ​​ខ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព័ត៌មាន​វិភាគ

នៅ​ពេល​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​​​ កំពុង​ផុស​ផុល​ខ្លាំង​បំផុត​នៅ​​​ក្នុង​ការ​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​លើ​ការ​ឈ្លាន​ពាន​របស់​​​វៀតណាម​​ ចូល​ក្នុង​ទឹក​ដី​កម្ពុជា គណបក្ស​​ប្រឆាំង​​បាន​​ប្ដូរ​ការ​​វាយ​ប្រហារ​​​​​របស់​ខ្លួន​​​កាលពី​ខែ​មិថុនា ដើម្បី​ងាក​ទៅ​រក​​ការ​អះអាង​ចាស់​​​ថា រដ្ឋាភិបាល​ជាប់​ពាក់​ព័ន្ធ​​​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​​​​ចូល​ក្នុង​ទឹកដី​​កម្ពុជា​ខ្លួនឯង។

ដោយ​រដ្ឋាភិបាល​ជាន់​កែង​ខ្លួន​ឯង​ ហើយ​​​​បង្ខំចិត្ត​​ផ្ញើ​កំណត់​ទូត​មិន​ធ្លាប់​មាន​ទៅ​វៀត​ណាម​ ដែល​ជា​អ្នក​មាន​ឧបការគុណ​​ចាស់​របស់​ខ្លួន​ដើម្បី​តវ៉ា​​រាល់​ការ​ឈ្លាន​ពាន​​ដែល​ត្រូវ​បាន​លាត​ត្រដាង​នោះ គណបក្ស​សង្គ្រោ​ះ​​ជាតិ​​បាន​ទាមទារ​សុំ​​​ពិនិត្យ​មើល​ផែនទី​ព្រំដែន​​​​ផ្លូវ​ការ​របស់​រដ្ឋាភិបាលដើម្បី​​ផ្ទៀងផ្ទាត់​ថា តើ​​​បង្គោល​ព្រំដែន​ត្រូវ​បាន​បោះ​ត្រឹម​ត្រូវ​ដែរ​​​ឬ​ទេ។ ទោះ​ជា​​យ៉ាង​ណា រដ្ឋាភិបាល​​បដិ​សេធ​សំណើ​នេះ។

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះជាតិ​​ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹកនាំ​​យុទ្ធនាការ​ព្រំដែន ​បាន​ចំអក​ឡក​ឡាយ​ដាក់​លោក វ៉ា គឹមហុង រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​​ព្រំដែន​ ដោយ​លើក​ឡើង​ថា លោក​ប្រហែល​ជា​​កំពុង​​លាក់​បាំង​ការ​ពិត​​ដែល​រដ្ឋាភិបាល​​កំពុង​ប្រើ​​ប្រាស់​ផែនទី​​ខុស​ច្បាប់​គូស​ដោយ​វៀតណាម​​ ជំនួស​ឲ្យ​ផែនទី​​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក​បាន​មាន​ប្រសាសន៍​​នៅ​ថ្ងៃទី​១៨ ខែ​​​មិថុនា​ថា ”​ប្រសិន​បើ​គាត់​មិន​​​បង្ហាញ​ [ផែនទី​ព្រំដែន​ផ្លូវ​ការ​] ទេ​ វា​មាន​ន័យ​ថា អ្វីដែល​ពួក​​​គេ​បាន​ធ្វើ​ពាក់​ព័ន្ធ​ការ​បោះ​បង្គោល​ព្រំដែន​​ គឺ​ស្ថិត​ក្នុង​ភាព​​អាថ៌​កំបាំង​។ អ្នក​ខ្លះ​យល់​ឃើញ​​​ថា គាត់​បាន​បោះ​បង្គោល​ព្រំដែន​​​ដោយ​មិន​ប្រើ​ផែនទី​ខ្នាត​១/១០០.០០០​​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ​”។

​នៅ​​ថ្ងៃទី​២ ខែ​កក្កដា លោក សម រង្ស៊ី ​ប្រធាន​​​គណ​បក្ស​​ប្រឆាំង បាន​មាន​ប្រសាសន៍​ថា មាន​តែ​បញ្ចេញ​​ផែនទី​​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​​​​​ទេ ទើប​អាចឲ្យ​​សាធារណជន​​ “​ផ្ទៀង​ផ្ទាត់​​​​បាន​​​ថា តើ​ផែនទី​​របស់​ពួកគេ​ក្លែង​ក្លាយ ​ឬអត់​”។ ​

បួន​ថ្ងៃ​ក្រោយមក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​សរ​សេរ​​​កំណត់​ទូត​​ទៅ​​លោក បាន គីមូន អគ្គ​លេខា​ធិការ​​អង្គការ​សហ​ប្រជា​ជាតិ​​​​ ដើម្បី​ស្នើ​សុំ​ផែនទី​​​ដែល​មាន​ចែង​នៅ​ក្នុង​​​​រដ្ឋធម្មនុញ្ញ​​ថា​ដាក់​​តម្កល់​​នៅទីនោះ ”​ដើម្បី​​ផ្ទៀង​ផ្ទាត់​ភាព​ស្រប​ច្បាប់​នៃ​ផែនទី​​​ដែល​​រដ្ឋា​ភិបាល​​​បាន​ប្រើ​​ប្រាស់​”។

នៅ​ពេល​លោក​ បាន គីមូន ឆ្លើយ​តប​ថា អង្គការ​សហប្រជាជាតិ​​គ្មាន​ផែនទី​ទាំង​នោះ ​ប៉ុន្តែ​នឹង​បញ្ជូន​ផែនទី​ផ្សេង​មក​ឲ្យ​ ហើយ​លោក ហ៊ុន សែន បាន​សរសេរ​​កំណត់​ទូត​​ទៅ​​​​​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង​ ដើម្បី​​​ស្នើ​សុំ​​ផែនទី​បន្ថែម​​នោះ យុទ្ធនាការ​របស់​គណ​​​បក្ស​​​សង្គ្រោះ​ជាតិ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​​​ព្រំដែន ក៏​ត្រូវ​បាន​រៀបចំ​ជា​ថ្មី​​ឡើង​វិញ។ ​

លោក ​គឹមសួ ភីរិទ្ធ ​តំណាង​​រាស្ត្រ​គណ​បក្ស​​​សង្គ្រោះជាតិ ​​ដែល​​​បាន​​ចូល​រួម​ពាក់​ព័ន្ធ​​ក្នុង​​កិច្ច​ប្រឹងប្រែង​ព្រំដែន​របស់​គណបក្ស​ប្រឆាំង ​​បាន​មាន​ប្រសាសន៍​ថា សំណើ​សុំ​ផែនទី​របស់​លោក ហ៊ុន សែន ​បាន​​ធ្វើ​ឲ្យ​ខូច​យុទ្ធនាការ​​ដ៏​មាន​ប្រសិទ្ធភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​​ប្រឆាំង​​​ការ​ឈ្លាន​ពាន​ដ៏​រសើប ហើយ​​​​បាន​​ប្រែក្លាយ​វា​ទៅ​ជា​ការ​​ពិភាក្សា​ដេញ​ដោល​​​ដោយ​​សម្ងាត់​​លើ​បញ្ហា​ផែនទី​។

លោក​លើក​ឡើង​​បន្ថែម​ទៀត​​ថា ”​បញ្ហា​ផែនទី​ យើង​មិន​បារម្ភ​ទេ។ យើង​មិន​ដែល​និយាយ​ថា វា​​ជា​ផែនទី​ក្លែង​ក្លាយ​​ទេ។ ​យើង​​បារម្ភ​អំពី​ការ​​កំណត់​​ព្រំ​ប្រទល់​​​​​​តាម​​បណ្ដោយ​ព្រំដែន ​ពីព្រោះ​យើង​​កំពុង​ព្យាយាម​​ពិនិត្យ​​មើល​ថា តើ​​ [បង្គោល​ព្រំដែន​] ស្ថិត​នៅ​ចំណុច​​​​ត្រឹម​ត្រូវ​​ឬ​ក៏​អត់​នៅ​លើ​ផែនទី។ គណបក្ស​សង្គ្រោះ​ជាតិ ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ ព្រោះ​​​​​​​​ប្រជា​ពលរដ្ឋ​ភាគច្រើន​​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​​កម្ពុជា​-វៀតណាម បាន​​ប្ដឹង​​មក​​តំណាង​រាស្ត្រ​អំពី​ការ​បាត់​បង់​ដីធ្លី​ដែល​ពួកគាត់​ប្រើ​ប្រាស់​​ដើម្បី​បង្ក​បង្កើន​ផល តាម​រយៈ​ការ​កំណត់​ព្រំដែន។ ខ្ញុំ​នៅ​តែ​​​សុំ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​​ទម្លាយ​អាថ៌កំបាំង​លើ​ការ​កំណត់​ព្រំ​ប្រ​ទល់​​​​តាម​បណ្ដោយ​ព្រំដែន​វៀតណាម​។ ​អ្វី​ដែល​យើង​ព្រួយ​​បារម្ភ​​នោះ​គឺ​ដី​ មិនមែន​ផែនទី​ទេ”។

រហូត​មក​ទល់​ពេល​នេះ​ ​ដោយ​ការ​ពិភាក្សា​​​ដេញ​ដោល​អំពី​បញ្ហា​​ផែនទី​នៅ​តែ​បន្ត​​កើត​មាន​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​មិន​បាន​​ដឹកនាំ​​​​ការ​​ធ្វើ​ដំណើរ​​​​ដើម្បី​លាត​ត្រដាង​ការ​ឈ្លាន​ពាន​របស់​វៀតណាម​ នោះ​ទេ​ក្នុង​រយៈ​​​​​ពេល​ជាង​១​ខែ​មក​នេះ​ ចំណែក​ឯ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​​ក៏​​បាន​ឈប់​​ផ្ញើ​កំណត់​ទូត​​ទៅ​​តាម​នោះ​ដែរ​។

ដោយ​លោក​ សម រង្ស៊ី ​បាន​សន្យា​កាលពី​ដើម​ខែ​នេះ​​ថា​ឈប់​​​ “ចាក់​ក្រឡេក​” ​រដ្ឋាភិបាល​​​​​​​ជុំវិញ​បញ្ហា​​ព្រំដែន​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​គំរាម​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ចំពោះ​​អ្នក​ដែល​អះអាង​ថា រដ្ឋាភិបាល​​កំពុង​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ​នោះ ការ​​ផ្ដោត​ការ​​​យក​ចិត្ត​ទុកដាក់​​លើ​​​ការ​​ឈ្លាន​ពាន​​ព្រំដែន​​ ក៏​បាន​សាប​រលាប​។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​បុគ្គល​ដ៏សំខាន់​មួយ​រូប​ទៀត​​​ដែលបាន​ដឹកនាំ​​ដំណើរ​ចុះ​​ពិនិត្យ​មើល​ព្រំដែន​ ​​បាន​មាន​ប្រសាសន៍ថា ការ​ផ្ទៀង​ផ្ទាត់​ថា​ តើ​ផែនទី​របស់​រដ្ឋាភិបាល​​ជា​ផែនទី​ដែល​មាន​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​​ឬអត់​​​​ នៅ​តែ​ជា​​កិច្ច​​​ការ​បន្ទាន់​​បំផុត។

លោក​មាន​ប្រសាសន៍​ទៀត​ថា ”​យើង​ក៏​ចង់​ទៅ​បណ្ណាល័យ​​របស់​អង្គការ​សហ​ប្រជា​​ជាតិ​ដែរ​​ ដើម្បី​ស្វែង​រក​​​មូលហេតុ​​ដែល​​ផែន​ទី​​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​​បាត់​ ឬ​​រក​មិន​​​ឃើញ​។ ជា​ការ​ពិត​​ យើង​នៅ​តែ​មាន​គម្រោង​​​​​ចុះទៅ​ពិនិត្យ​មើល​ព្រំដែន​”។

លោក អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ និង​ជា​​​ស្ថាបនិក​វេទិកា​អនាគត ​​​​បាន​ថ្លែង​ថា ចំណាត់​​​ការ​របស់​រដ្ឋាភិបាល​​​ក្នុង​ការ​បង្វែរ​ការ​​​ចាប់​អារម្មណ៍​​​លើ​​​បញ្ហា​ឈ្លាន​ពាន​ព្រំដែន​ពី​សំណាក់​​​​វៀត​ណាម​​ ដោយ​មិនព្យា​យាម​​​បញ្ចប់​​វា មិន​មែន​​ជា​​ភាព​ឆ្លាត​វ័យ​​ឡើយ​។

លោក​បាន​លើក​ឡើង​បន្ត​ថា ​”គណបក្ស​សង្គ្រោះ​ជាតិ ​​នឹង​មិន​បោះ​បង់​ចោល​​ទេ។ ពួកគេ​​​គ្រាន់​តែ​ផ្អាក​ប៉ុណ្ណោះ ​ពួកគេ​នឹង​​​ត្រឡប់​​​មក​និយាយ​អំពី​ការ​កំណត់​​ព្រំដែនវិញ​ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នឹង​នៅ​តែ​រិះគន់​​ការ​សម្រេច​របស់​​រដ្ឋាភិបាល​។ ប្រសិន​បើ​មិន​អនុញ្ញាត​​​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ វា​នឹង​​ធ្វើ​ឲ្យ​មាន​អ្នក​ខ្សឹប​ ​និង​​ទ្រឹស្ដី​សម​គំនិត​​ជា​ច្រើន​​។ ខ្ញុំ​ប្រាកដ​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ នឹង​ត្រឡប់​មក​ [ស្វែង​រក​ការ​ឈ្លាន​ពាន​] វិញ​ ហើយ​​ទទួល​ប្រយោជន៍​ពី​វា​”៕ សុខុម​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស