27 C
Phnom Penh

រដ្ឋាភិបាល​ព្រមាន​ប្តឹង​ទាក់ទិន​នឹង​របាយការណ៍​កាប់​ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ មន្ត្រី​ក្រសួង​បរិស្ថាន​និង​កសិកម្ម​បាន​ព្រមាន​អ្នក​និពន្ធ​របាយការណ៍​ថ្មី ដែល​ចោទ​រដ្ឋាភិបាល​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ ទ្រី ភាព កាប់​ខុស​ច្បាប់​នូវ​ព្រៃ​ការពារ​នៅ​ទិស​ឦសាន​ប្រទេស​កម្ពុជា ថា​ពួកគេ​អាច​ត្រូវ​ប្តឹង បើ​ពួកគេ​មិន​កែ​អត្ថបទ​ទេ​នោះ។

ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដោយ​អង្គការ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ការ​កាប់​ឈើ​និង​បរិបាល​កិច្ច​ក្នុង​ខេត្ត​រតនគិរី​និង​ស្ទឹងត្រែង” ពិនិត្យ​ហ្មត់ចត់​ឡើង​វិញ​នូវ​ការ​អះអាង​និង​ភ័ស្តុតាង ដែល​ក្រុម​សិទ្ធិ​បរិស្ថាន គ្លូបល វិតណេស មាន​មូលដ្ឋាន​នៅ​ក្រុងឡុង បាន​បញ្ចូល​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​កាលពី​ខែ​កុម្ភៈ។

ផ្អែក​លើ​ភ័ស្តុតាង​ដែល​ប្រមូល​បាន​ក្នុង​រយៈ​ពេល​ស៊ើបអង្កេត​ជា​សម្ងាត់​ប្រាំបី​ខែ​កន្លង​មក អង្គការ​គ្លូបល វិតណេស បាន​ចោទ លោក ទ្រី ភាព ថា​បាន​សហការ​ជាមួយ​ក្រសួង​និង​មន្ត្រី​យោធា​ក្នុង​ការ​ប្រើ​សិទ្ធិ​ផ្តាច់​មុខ​លើ​ឈើ​ទាំង​អស់​ដែល​កាប់​រំលំ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី ដើម្បី​លួច​ព្រៃ​ការពារ​របស់​ខេត្ត​នេះ។

លោក សុទ្ធ ពិសិដ្ឋ អ្នក​ស្រាវជ្រាវ​សំខាន់​នៅ​ពីក្រោយ​របាយការណ៍​របស់ NGO Forum បាន​និយាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​នា​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​ជា​សម្ងាត់​រយៈ​ពេល​បួន​ខែ ដោយ​កត់ត្រា​និយាមកា GPS ​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់ ដែល​ពួកគេ​បាន​ឃើញ​ផ្ទាល់​ភ្នែក។ ប៉ុន្តែ​របាយការណ៍​នេះ​ក៏​បាន​ប្រើ​ឯកសារ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ដូច​គ្នា ដែល​ក្នុង​នោះ​មាន​ក្រឹត្យ​និង​អាជ្ញាប័ណ្ណ​នាំចេញ ដូច​ដែល​គ្លូបល​វិតណេស​បាន​ប្រើ​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​ដែរ។

ផ្អែក​លើ​ការ​សង្កេត​រយៈ​ពេល​ខ្លី​របស់​ខ្លួន​អំពី​កន្លែង​ស្តុក​របស់​លោក ទ្រី ភាព ក្នុង​ស្រុក​ចំនួន​បី របាយការណ៍ NGO Forum អះអាង​ថា មេ​ឈ្មួញ​ឈើ​រូប​នេះ​បាន​កាប់​ឈើ​យ៉ាង​ហោច​ណាស់​២៤៣.០០០​ម៉ែត្រ​គូប​ក្នុង​តំបន់​ទាំង​នោះ​នៅ​ឆ្នាំ​២០១៤។ ដោយ​ប្រើ​ការ​ប៉ាន់​ស្មាន​ត្រួសៗ​អំពី​តម្លៃ​ឈើ របាយការណ៍​នេះ​អះអាង​ថា លោក ភាព រក​បាន​ប្រាក់​ចំណេញ​២៩២​លាន​ដុល្លារ​ពី​ឈើ​នោះ។ ហើយ​ដូច​គ្លូបល​វិតណេស​ដែរ របាយការណ៍ NGO Forum អះអាង​ថា ប៉ូលិស កម្លាំង​រាជ​អាវុធហត្ថ និង​ទាហាន សហការ​ជាមួយ ឬ​ធ្វើការ​ឲ្យ​លោក ទ្រី ភាព ក្នុង​របរ​ទុច្ចរិត​កាប់​ឈើ​ខុស​ច្បាប់​របស់​គាត់។

លោក ស៊្រុន ដារិទ្ធ នាយរង​ខុទ្ទកាល័យ ដែល​បាន​ចូលរួម​ក្នុង​ការ​ចេញ​របាយការណ៍​នេះ បាន​និយាយ​ថា “ខ្ញុំ​គិត​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដោយ​គ្មាន​ភ័ស្តុតាង។ ខ្ញុំ​សូម​ប្រាប់​ថា សៀវភៅ​នេះ​អាច​ក្លាយ​ជា​ភ័ស្តុតាង ប្រសិនបើ​ភាគី​ម្ខាង​ទៀត​ប្តឹង​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ”។

លោក ដារិទ្ធ បាន​និយាយ​ថា លោក​បារម្ភ​ថា​អ្នក​ស្រាវជ្រាវ “អាច​ក្លាយ​ជា​ជន​រងគ្រោះ ពីព្រោះ​ពួកគេ​ចោទ​ប្រកាន់​គេ។ ដូច្នេះ ពួកគេ [ចុង​ចោទ] មាន​សិទ្ធិ​ការពារ​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយសារតែ​ពួកគេ​រង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ”។

លោក​បាន​លើក​ឡើង​ថា ឧទាហរណ៍ អ្នក​និពន្ធ​ជំនួស​ពាក្យ “ការ​បំផ្លាញ​ព្រៃ​ឈើ” ដោយ​ពាក្យ “ស្ថានភាព​ក្នុង​ព្រៃ”។

តំណាង​ជាច្រើន​នាក់​របស់​លោក ភាព ដែល​ធ្លាប់​ដឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ពួក​អ្នក​កាប់​ឈើ​ខុស​ច្បាប់​កំពុង​កាប់​ស្រេច​តែ​ចិត្ត ដោយ​ប្រើ​ឈ្មោះ​ឧកញ៉ា ដោយ​គ្មាន​ការ​ដឹង​ឮ ឬ​ការ​អនុញ្ញាត​ពី​គាត់ ដើម្បី​គេច​ពី​ច្បាប់។

លោក សួន សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​និង​អនុវត្តន៍​ច្បាប់​នៃ​រដ្ឋបាល​ព្រៃ​ឈើ ដែល​មាន​វត្តមាន​នៅ​ពេល​ចេញ​ផ្សាយ​របាយការណ៍​នេះ​ដែរ បាន​ទទូច​បញ្ជាក់​ថា ពាក្យ​ពេចន៍​និង​តួ​លេខ​គួរ​ត្រូវតែ​កែ​ចេញ។

លោក​បាន​និយាយ​ថា “យើង​សូម​ប្រឆាំង​របាយការណ៍​នេះ ហើយ​វា​មិន​អាច​យក​ប្រើ​ជា​ផ្លូវការ​បាន​ទេ ពីព្រោះ​ពួកគេ​បាន​ប្រើ​ពាក្យ​សម្តី​ខុស។ យើង​ជា​ខ្មែរ ដូច្នេះ​ពួកគេ​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​ពាក្យ​ពេចន៍ ដែល​ពួកគេ​ប្រើ​ក្នុង​របាយការណ៍​នេះ។ រដ្ឋាភិបាល​មាន​សិទ្ធិ​កែ​ពាក្យ​ពេចន៍​ក្នុង​របាយការណ៍​នេះ ដូច្នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​គួរ​សហការ​ជាមួយ​សមត្ថកិច្ច​រដ្ឋាភិបាល”។

លោក ពិសិដ្ឋ បាន​និយាយ​ថា លោក​បាន​ត្រៀម​ដើម្បី​កែ​ការ​ប្រើ​ពាក្យ​ពេចន៍​ក្នុង​របាយការណ៍​នោះ ប៉ុន្តែ​មិន​មែន​តួលេខ​ទេ។

លោក​បាន​និយាយ​ថា “យើង​មាន​ភ័ស្តុតាង​និង​ឯកសារ​គ្រប់គ្រាន់ ដូចជា​រូបភាព​និង​វីដេអូ ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ជាច្រើន​ពិតជា​កំពុង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ។ ខ្ញុំ​មិន​ព្រម​កែ​តួលេខ​ក្នុង​របាយការណ៍​នេះ​ទេ ពីព្រោះ​យើង​មាន​ភ័ស្តុតាង​និង​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​យើង​នឹង​កែ​ពាក្យ​ពេចន៍​មួយ​ចំនួន”។

ហើយ​ថ្វីបើ​មាន​ភាព​ដូចគ្នា​សឹងតែ​ទាំង​អស់​ជាមួយ​របាយការណ៍​គ្លូបល​វិតណេស ក្នុង​នោះ​មាន​ទាំង​រូបថត​មួយ​ចំនួន​ដូច​គ្នា​ក៏​ដោយ ក៏​លោក ពិសិដ្ឋ បាន​អះអាង​ថា លោក​មិន​ដែល​ទាំង​បាន​ឮ​អំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ទេ។

លោក​បាន​និយាយ​ថា “យើង​មិន​ពាក់ព័ន្ធ”​ជាមួយ​ពួកគេ​ទេ។ “យើង​មាន​ក្រុម​មួយ​មាន​គ្នា​ប្រាំ​មួយ​នាក់ ហើយ​យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់។ យើង​បាន​ទៅ​ពិនិត្យ​ដល់​ទីកន្លែង​នៅ​តំបន់​នោះ ហើយ​យើង​ឯករាជ្យ”៕ និត (រាយការណ៍​បន្ថែម​ដោយ វណ្ណ រើន)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស