38 C
Phnom Penh

​​ផ្ទុះ​​​​​​គ្រាប់​រ៉ុក្កែត​​​​ចាស់​​​​បណ្តាល​​​ឲ្យ​​​មន្ត្រី​នគរ​បាល​​ការ​ពារ​ព្រំដែន​​ម្នាក់​​ស្លាប់​​ និង​ម្នាក់​ទៀត​រង​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​មន្ត្រី​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​ថា មន្ត្រីនគរ​បាល​ម្នាក់​​បាន​ស្លាប់​ និង​ម្នាក់​ទៀត​​រង​របួស​កាលពី​យប់​ថ្ងៃពុធ​​ ពេល​គ្រាប់​​រ៉ុក្កែត​​​ចាស់​មួយគ្រាប់​​​​​បាន​ផ្ទុះ​ ខណៈ​​ពួកគេ​​ដើរ​ល្បាត ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តរ​​​មាន​​​ជ័យ​ជាប់​​ព្រំដែន​ប្រទេស​ថៃ​។

លោក ហង្ស​ ម៉េង អភិបាល​ស្រុក​បន្ទាយ​អំពិល​​​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នេះ​​បាន​កើត​ឡើង​​​​នៅ​ម៉ោង​ប្រហែល​៧យប់​ក្បែរ​ភូមិ​ថ្មដូន ក្នុង​ឃុំគោក​មន។

លោក​បាន​មាន​ប្រសាសន៍​ថា “​បុរស​ម្នាក់​បាន​ស្លាប់​​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​ដោយ​​​សារ​ការ​ផ្ទុះ​​​​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​​​កាលពី​យប់​មិញ​។ ​ប៉ុន្តែ​​​ខ្ញុំ​មិន​ទាន់​​ដឹងច្បាស់អំពី​​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ”។​

ទាំង​លោក ហង្ស​ ម៉េង និង​មន្ត្រី​ផ្សេង​​​ទៀត​​​​​​​​​ ដែល​ទាក់​ទង​កាលពី​ម្សិលមិញ សុទ្ធ​តែ​​​មិន​ស្គាល់​ឈ្មោះជន​រងគ្រោះ​។

លោក អួន លី ​ដែល​ជា​មេឃុំ​គោកមន បាន​លើក​ឡើង​ថា ពួកគេ​គឺ​ជា​មន្ត្រី​​វរសេនា​​​តូច​​នគរ​​បាល​ការ​ពារ​ព្រំដែន​គោក​លេខ​៧០២​​​​ប្រចាំ​ស្រុក​​បន្ទាយ​អំពិល​នេះ​។ ​លោក​មិន​ដឹង​ថា​តើ​បុរស​ទាំង​ពីរ​នាក់​នេះ​​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ថៃ​ឡើយ ពេល​​គ្រាប់​បាន​ផ្ទុះ​ឡើង​​ ប៉ុន្តែ​ថា ពួកគេ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ពី​ “តំបន់​ស” ជា​តំបន់​តាម​ព្រំដែន​​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ណាមួយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ប្រាប់​អ្នកភូមិ​របស់​យើង​កុំ​ឲ្យ​ទៅ​ក្បែរ​ព្រំដែន ​​​ព្រោះ​យើង​ព្រួយ​បារម្ភ​អំពី​គ្រាប់​មីន និង​យុទ្ធភណ្ឌ​​​​មិន​ទាន់​ផ្ទុះ​​។ ប៉ុន្តែ​ចំពោះ​ករណី​នេះ​​ ខ្ញុំ​មិន​ច្បាស់​ទេ​ថា ​តើ​​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​​នេះ​ត្រូវគេ​យកទៅដាក់​នៅ​ទីនោះ​​ក្នុង​ពេល​ថ្មី​ៗឬ​ថាតើ​វា​នៅ​ទីនោះ​តាំង​ពី​សង្គ្រាម​​​​ស៊ីវិល​​មក​ឬយ៉ាង​ណា​​​”។

លោក​បានមានប្រសាសន៍​បន្ត​ទៀត​ថា សព​របស់​បុរស​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​សាច់​ញាតិ​ហើយ​ ហើយ​ថា បុរស​​រង​របួស​​ដែល​ត្រូវ​អំបែង​គ្រាប់​​ជាច្រើន​​​​កន្លែង​​​ត្រង់​ដង​ខ្លួន ​​​ត្រូវ​បាន​បញ្ជូន​​ទៅ​ព្យាបាល​​​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

​មេបញ្ជាការ​​វរសេនាតូច​នគរ​បាល​ការ​ពារ​ព្រំដែន​គោក​លេខ​៧០២ អធិការ​​នគរ​បាល​ស្រុក​ និង​ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​​ប្រចាំ​ខេត្តនេះ​គឺ​​​សុទ្ធ​តែ​   បាន​​​លើក​ឡើង​ថា មិន​ដឹង​អំពី​េហតុការណ៍​នេះ​ឡើយ​។

ព្រំដែន​​កម្ពុជា​ជាប់​ព្រំដែន​ថៃ​គឺ​ជា​កន្លែង​ដែល​មាន​ការ​រាយ​មីន​យ៉ាង​​​ច្រើន​ដោយ​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​អំឡុង​សង្គ្រាម​ស៊ីវិល​ ហើយ​​ការ​ស្លាប់ និង​របួស​ជា​ច្រើន​ដោយ​សារ​គ្រាប់​មីន​ចាស់ៗ​នៅ​តែ​កើត​មាន​នៅ​ទីនោះ។ ក្នុង​ចំណោម​មនុស្ស​ចំនួន​១៥៤​នាក់​ដែល​បាន​ស្លាប់​ ឬ​របួស​ដោយ​​​សារ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​​មិន​ទាន់​ផ្ទុះ​​​ មាន​១៣​នាក់​ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យនេះ​៕ ស៊ុយឈាង​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស