យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីយប់ថ្ងៃពុធ ពេលគ្រាប់រ៉ុក្កែតចាស់មួយគ្រាប់បានផ្ទុះ ខណៈពួកគេដើរល្បាត តាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យជាប់ព្រំដែនប្រទេសថៃ។
លោក ហង្ស ម៉េង អភិបាលស្រុកបន្ទាយអំពិលបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល៧យប់ក្បែរភូមិថ្មដូន ក្នុងឃុំគោកមន។
លោកបានមានប្រសាសន៍ថា “បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារការផ្ទុះយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះកាលពីយប់មិញ។ ប៉ុន្តែខ្ញុំមិនទាន់ដឹងច្បាស់អំពីព័ត៌មានលម្អិតនៅឡើយទេ”។
ទាំងលោក ហង្ស ម៉េង និងមន្ត្រីផ្សេងទៀត ដែលទាក់ទងកាលពីម្សិលមិញ សុទ្ធតែមិនស្គាល់ឈ្មោះជនរងគ្រោះ។
លោក អួន លី ដែលជាមេឃុំគោកមន បានលើកឡើងថា ពួកគេគឺជាមន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ប្រចាំស្រុកបន្ទាយអំពិលនេះ។ លោកមិនដឹងថាតើបុរសទាំងពីរនាក់នេះស្ថិតនៅចម្ងាយប៉ុន្មានពីព្រំដែនថៃឡើយ ពេលគ្រាប់បានផ្ទុះឡើង ប៉ុន្តែថា ពួកគេស្ថិតនៅចម្ងាយប្រហែល២០ម៉ែត្រពី “តំបន់ស” ជាតំបន់តាមព្រំដែនដែលមិនអនុញ្ញាតឲ្យមានសកម្មភាពណាមួយ។
លោកបានមានប្រសាសន៍ថា “យើងបានប្រាប់អ្នកភូមិរបស់យើងកុំឲ្យទៅក្បែរព្រំដែន ព្រោះយើងព្រួយបារម្ភអំពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ប៉ុន្តែចំពោះករណីនេះ ខ្ញុំមិនច្បាស់ទេថា តើយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះត្រូវគេយកទៅដាក់នៅទីនោះក្នុងពេលថ្មីៗឬថាតើវានៅទីនោះតាំងពីសង្គ្រាមស៊ីវិលមកឬយ៉ាងណា”។
លោកបានមានប្រសាសន៍បន្តទៀតថា សពរបស់បុរសដែលបាត់បង់ជីវិតត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិហើយ ហើយថា បុរសរងរបួសដែលត្រូវអំបែងគ្រាប់ជាច្រើនកន្លែងត្រង់ដងខ្លួន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ អធិការនគរបាលស្រុក និងប្រធានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាប្រចាំខេត្តនេះគឺសុទ្ធតែ បានលើកឡើងថា មិនដឹងអំពីេហតុការណ៍នេះឡើយ។
ព្រំដែនកម្ពុជាជាប់ព្រំដែនថៃគឺជាកន្លែងដែលមានការរាយមីនយ៉ាងច្រើនដោយខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងអំឡុងសង្គ្រាមស៊ីវិល ហើយការស្លាប់ និងរបួសជាច្រើនដោយសារគ្រាប់មីនចាស់ៗនៅតែកើតមាននៅទីនោះ។ ក្នុងចំណោមមនុស្សចំនួន១៥៤នាក់ដែលបានស្លាប់ ឬរបួសដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មាន១៣នាក់ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យនេះ៕ ស៊ុយឈាង