បុគ្គលិកសិទ្ធិមនុស្សម្នាក់ និងមន្ត្រីម្នាក់បាននិយាយថា កងរាជអាវុធហត្ថបានព្យាយាមចាប់ ខ្លួនអ្នកតវ៉ាមួយក្រុម ខណៈដែលពួកគាត់បានហែក្បួនកាត់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកម្សិលមិញ ដើម្បីទាមទារឲ្យដោះលែងសកម្មជនកំពុងជាប់ពន្ធនាគារបីនាក់មកពីអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន។
លោក ហួ អុិន អ្នកឃ្លាំមើលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះ បានមានប្រសាសន៍ថា អ្នកភូមិប្រហែល៥០នាក់បានធ្វើការតវ៉ានៅខាងក្រៅសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឲ្យដោះលែងសកម្មជនទាំងនេះដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីសប្ដាហ៍មុន បន្ទាប់ពីពួកគាត់ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងបំផ្លាញសាឡង់ របស់ក្រុមហ៊ុនបូមខ្សាច់មួយ។
យោងតាមលោក ហួ អុិន បានឲ្យដឹងថា បន្ទាប់មកក្រុមអ្នកភូមិបានព្យាយាមហែក្បួនជុំវិញផ្សារមួួយដែលនៅក្បែរនោះ។ប៉ុន្តែនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក មន្ត្រីកងរាជអាវុធហត្ថជាង៣០នាក់ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតបានយករថយន្តរបស់ពួកគេមកចតបិទផ្លូវ។
លោក ហួ អុិន បានថ្លែងថា “ខ្ញុំបានឃើញរថយន្តភីកអាប់ និងម៉ូតូជាច្រើនគ្រឿងដឹកកងរាជអាវុធហត្ថប្រហែល២០នាក់មកដល់ ហើយបិទផ្លូវដែលអ្នកភូមិហែក្បួន។ បន្ទាប់មក ពួកគេបានប៉ុនប៉ងចាប់ស្ត្រីពីរនាក់ ហើយរុញចូលក្នុងរថយន្តតែម្ដង”។
លោកបានបន្ថែមថា “ស្ត្រីម្នាក់ទៀតបានព្យាយាមចាប់ទាញស្ត្រីទាំងពីរនាក់នោះចេញពីដៃកងរាជអាវុធហត្ថ ហើយកងរាជអាវុធហត្ថម្នាក់បានដាល់ក្បាលស្ត្រីរូបនេះជាច្រើនដៃ។ បន្ទាប់មកពួកគេបានដោះលែងស្ត្រីនោះវិញ បន្ទាប់ពីអ្នកតវ៉ាទាំងអស់បានមកតតាំងជាមួយកងរាជអាវុធហត្ថ”។
លោក ហួ អិុន បានថ្លែងទៀតថា ប្រហែល៣០នាទីបន្ទាប់ពីការប៉ះទង្គិចគ្នា នគរបាលបានអនុញ្ញាតឲ្យអ្នកតវ៉ាទាំងនោះត្រឡប់ទៅកាន់តុលាការវិញ ដើម្បីបន្តការតវ៉ារបស់ខ្លួន។ លោកបានបន្ថែមថា សាលាក្រុងបានចេញលិខិតមួយច្បាប់កាលពីថ្ងៃពុធ ហាមអ្នកតវ៉ាទាំងអស់មិនឲ្យហែក្បួនឡើយ។
លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទបានអះអាងថា លិខិតនេះមានខ្លឹមសារថា អ្នកតវ៉ាទាំងអស់នឹងមិនត្រូវអនុញ្ញាតឲ្យហែក្បួនទេ ហើយអាចធ្វើការតវ៉ានៅតុលាការបាន ពីព្រោះ វាងាយស្រួលក្នុងការការពារពួកគាត់។ លោកបានថ្លែងថា នគរបាលបានប៉ុនប៉ងចាប់ខ្លួនស្ត្រីទាំងពីរនាក់នេះ ពីព្រោះពួកគាត់មិនស្ដាប់តាមខ្លឹមសារលិខិតរបស់សាលាក្រុង។
លោក ប៊ុនឈួយ បានថ្លែងថា “យើងបានដោះលែងពួកគាត់វិញ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋឡើយ។ យើងគ្រាន់តែណែនាំពួកគាត់ប៉ុណ្ណោះ ហើយបានអនុញ្ញាតឲ្យពួកគាត់ទៅចូលរួមការតវ៉ាវិញ”។
លោកបានបន្ថែមថា “យើងនឹងរង់ចាំមើលថា តើពួកគាត់ហែក្បួននៅថ្ងៃស្អែកឬអត់។ ប្រសិនបើពួកគាត់ហែក្បួន ហើយបង្កការញុះញង់នោះ ប្រហែលជាយើងចាប់ខ្លួនពួកគាត់មិនខាន”៕ សារុន