26 C
Phnom Penh

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​​​ទទួល​រង​ការ​ព្រមាន​ទាក់​ទិននឹង​ការចោទប្រកាន់​​ការ​ប្រើ​ផែនទី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​រដ្ឋាភិបាល​​​​សំខាន់​​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​​ បាន​ចោទ​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​ម្នាក់​​ថា បាន​ញុះញង់​​ឲ្យ​មាន​​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ការ​អធិប្បាយ​នា​ពេល​ថ្មីៗ​បំផុត​​របស់​គាត់​អំពី​បញ្ហា​នេះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​​លោក អ៊ុំ សំអាន ​ដែល​កំពុង​ស្ថិត​នៅ​​សហរដ្ឋអាមេរិក​​​​ស្វែង​រក​​ផែនទី​​ ដើម្បី​រៀបចំ​​ឯកសារ​​របស់​លោក​​តទល់​នឹង​រដ្ឋាភិបាល​​ បាន​និយាយ​ថា ​លោក វ៉ា គឹមហុង ​ប្រធាន​គណៈកម្មាធិការ​​​ព្រំដែន​ចម្រុះ​​ បាន​កុហក​អំពី​​​កន្លែង​ផែនទី​​នៅ​បណ្ណាល័យ​សភា​អាមេរិក​។

លោក សំអាន ​បាន​សរសេរ​ថា “​វ៉ា​ គឹមហុង បាន​និយាយ​ភូត​ ថា គាត់​បាន​យក​ផែនទី​​នៅ​ទីនេះ​​ពី​ជាន់​ទី៥​។ តាម​ការ​ពិត​ ​ផែនទី​តម្កល់​នៅ​ជាន់​ក្រោម​ដី​​ឯណោះ​ទេ”។

លោក​បាន​និយាយ​ថា “​ប្រហែល​ជា​គាត់​​មិន​ដែល​មក​ទីនេះ​ទេ ហើយ​គាត់​បាន​ប្រើ​ផែនទី​​ដែល​ភ្ជាប់​ទៅ​នឹង​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ នៅ​ពេល​ដែល​យួន​​​បាន​ត្រួត​ត្រា​​ប្រទេស​កម្ពុជា​”។

មួយ​សប្ដាហ៍​មក​ហើយ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ​អ្នក​ណា​ដែល​ចោទ​រដ្ឋាភិបាល​​ថា ប្រើ​ផែនទី​ខុស​​ក្នុង​ការ​កំណត់​ព្រំដែន​​ នឹង​ប្រឈម​នឹង​ការ​ចាប់​​ខ្លួន​។

លោក​ វ៉ា គឹមហុង បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​លោក សំអាន។

លោក​បាន​និយាយ​ថា “​​តាម​​ឥរិយាបថ​ និង​សម្ដី​របស់​គាត់​ តំណាង​រាស្ត្រ​ អ៊ុំ សំអាន ​កំពុង​ញុះញង់​​ឲ្យ​មាន​អស្ថិរភាព​​ក្នុង​សង្គម​ខ្មែរ​ អស្ថិរភាព​នៅ​តាម​បណ្ដោយ​​ព្រំដែន​កម្ពុជា​ និង​អស្ថិរភាព​​ដែល​បង្អាក់​ការ​​​កំណត់​ព្រំដែន​មិន​ឲ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​”។

លោក​បាន​បន្ថែម​ថា “​សំខាន់​នោះ គាត់​បាន​ចោទ​​យើង​​ថា ប្រើ​ផែនទី​​ក្លែង​ក្លាយ​។ ជា​ការ​ញុះញង់​ធ្ងន់ធ្ងរ​ ហើយ​យើង​​មិន​អាច​​អត់ឱន​បាន​ទេ​​”។

​រយៈ​​ពេល​៣​ខែ​មុននេះ​ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​យុទ្ធនាការ​​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​​សម​គំនិត​​​ក្នុង​ការ​​ទន្ទ្រាន​​របស់​វៀមណាម​ចូល​ប្រទេស​កម្ពុជា​។ កាលពី​ថ្ងៃទី១៥ ខែ​សីហា ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​​តាម​បទបញ្ជា​របស់​លោក ហ៊ុន សែន ដែល​បានចោទ​​គាត់​​​ពីបទ​ក្បត់​ ជាតិ​ទាក់ទិននឹង​ការ​បង្ហោះ​ហ្វេសប៊ុក​​ញុះញង់​​​អំពី​បញ្ហា​ព្រំដែន​។

លោក គឹមហុង បាននិយាយ​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​​ស្រដៀង​គ្នា​​​​លើ​លោក សំអាន មិន​មែន​ជា​រឿង​របស់លោក​ទេ​។ លោក​បាននិយាយ​ថា “​ខ្ញុំ​មិន​អាច​ឆ្លើយ​​បាន​ទេ​ ពីព្រោះ​វា​ជា​​រឿង​​របស់​រដ្ឋាភិបាល​​”។

ទាក់​ទង​តាម​ទូរស័ព្ទ​​ លោក ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​​បាន​​រិះគន់​លោក សំអាន ដែល​​បាន​ដឹកនាំ​យុទ្ធនាការ​ព្រំដែន​​របស់​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​​​មិន​ព្រមនិយាយ​​ថា​តើ​គាត់​នឹង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​​​នៅ​ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ឬយ៉ាង​ណា​ទេ។

លោក​បាន​និយាយ​ថា “​ខ្ញុំ​មិន​អាច​​​ទស្សន៍ទាយ​​ថា អ្វី​នឹង​កើត​ឡើង​ចំពោះ​លោក អ៊ុំ សំអាន បាន​ទេ​។ វា​ឆាប់​ពេក​​​មិន​អាច​​​និយាយ​បាន​​ទេ​។ យើង​នឹង​ដឹង​នៅ​ពេល​គាត់​មក​ដល់​”។

នៅ​ពេល​សួរ​​ថា​តើ​ការ​អធិប្បាយ​របស់​លោក សំអាន ​ស្មើ​នឹង​ការ​ញុះញង់​ឬ​យ៉ាង​ណា លោក សុភ័គ បាន​និយាយ​ថា “​​ប្រាកដ​ណាស់។ គាត់​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​អស្ថិរភាព​ បង្ក​​បញ្ហា​រវាង​ប្រទេស​កម្ពុជា​ និង​​ប្រទេស​វៀតណាម​”។

“ខ្ញុំ​អាច​និយាយ​បាន​ថា លោក អ៊ុំ សំអាន ជា​​សមាជិក​សភា​​ក្បាល​រឹង​។ តើ​គាត់​​ចង់​​ល្បី​ឈ្មោះ​ឬ​ តើ​គាត់​ចង់​ធ្វើ​ជា​​វីរជន​ឬ?”៕ និត (រាយការណ៍​បន្ថែម​ដោយ Matt Blomberg)​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស